ប្រជាពលរដ្ឋ​មួយ​ចំនួន​ចង់​ឃើញ​គណបក្ស​នយោបាយ​​គិត​ពី​ផលប្រយោជន៍​រួម​និង​ចរចា​រក​ដំណោះ​ស្រាយ​នយោបាយ​

កម្ពុជា
27 វិច្ឆិកា 2019
ធីតា វីន
វីអូអេខ្មែរ

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​លោក​ សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ មេសា​ ​២០១៥។​​ (នូវ​ ពៅ​លក្ខិណ/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​លោក​ សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ មេសា​ ​២០១៥។​​ (នូវ​ ពៅ​លក្ខិណ/VOA)

ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​បាន​និយាយ​ថា ​ពួកគេ​ចង់​ឃើញ​គណបក្ស​នយោបាយ​ចរចា​រួបរួម​គ្នា​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​សង្គមជាតិ​ទាំងមូល។


​ភ្នំពេញ — 

រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ប្រទាញ​ប្រទង់​រវាង​គណបក្ស​កាន់អំណាច​ ​និង​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​តាម​រយៈ​ការព្យាយាម​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​ ​សម​ ​រង្ស៊ី​ ​និង​ការ​បើក​លំហ​សេរីភាពរបស់​លោក​ កឹម​ ​សុខា​ ​និង​អតីត​សកម្មជន​គណបក្សជំទាស់។​

​បញ្ហា​ទាំងអស់​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កាន់​តែ​បារម្ភ​ពី​ជីវភាព​របស់​ពួកគេ​ ​និង​អនាគត​របស់​ប្រទេស។​

លោក ​ណុប​ វណ្ណៈ​ ​អាយុ៤៦​ឆ្នាំ​កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​របស់​លោក ​រង់​ចាំ​ចាប់​ម៉ូយ​នៅ​តាម​ចិញ្ចើម​ថ្នល់​ក្នុង​ក្រុង​ភ្នំពេញ​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ថា ​ការ​រឹង​ទទឹង​របស់​គណបក្ស​កាន់អំណាច​ ​និង​អតីត​គណបក្ស​ជំទាស់​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ដល់​ការ​រក​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ។

​លោក​បាន​បញ្ជាក់​ថា​ ​ការ​ចរចា​គ្នា​ដើម្បី​ប្រយោជន៍​រួម​គឺ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​ប្រជាពលរដ្ឋ៖​ «បក្ស​មួយ​ទៅ​បក្ស​ប្រទាញ​ប្រទង់​គ្នា​ចង់​ចាញ់​ចង់​ឈ្នះ​ចឹង​ យើង​ជា​ប្រជាពលរដ្ឋ​លំបាក​ណាស់​ដូច​ជា​ការ​រកស៊ី​ ​កាល​ណា​យើង​មិន​ត្រូវ​គ្នា​ទៅ​ គេ​ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​យើង​គិត​តែ​ចង់​បានអំណាច​ពេក​ ​អត់​គិត​ពី​ផលប្រយោជន៍ជាតិ​ ​អាហ្នឹ​ង​គឺ​គិត​ខាត​បង់​ទាំង​ស្រុង​តែម្តង»។

លោក​បន្ថែម​ថា៖​ «ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចង់​បាន​ឲ្យ​តែ​ខ្មែរ​ដោះស្រាយ​ខ្មែរ​ ​ខ្មែរ​រួម​សាមគ្គឺ​គ្នា​ដើម្បី​ឲ្យ​ខ្មែរ​រស់​ ​ហើយ​ចរចា​គ្នា​ដើម្បី​ឲ្យ​ប្រទេស​យើង​រីក​ចម្រើន»។​

កំពុង​អង្គុយ​នៅ​មុខ​ផ្ទះ​ស្តាប់​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ដៃ​ ​លោក​ ​សុខ​ ​បូរិន​ ​អាយុ​៥១​ឆ្នាំ​ ​ជា​អាជីវករ​រស់​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ក្រុង​ភ្នំពេញ​ បាន​ផ្តល់​បទសម្ភាសន៍​ទាំង​ការ​ភ័យ​ខ្លាច​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​នេះ​លោក​បារម្ភ​បំផុត​ខ្លាច​តែ​មាន​ការ​ដកEBA​ ​ដែល​ជា​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ពី​សហគមន៍​អឺរ៉ុប។

​លោក​សង្កត់​ធ្ងន់​ថា ​ប្រទេស​កម្ពុជា​គួរ​គោរព​សិទ្ធិ​មនុស្ស​និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ ​ដើម្បី​ការពារ​EBA​ ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់ប្រាប់​ VOA ថា៖ «ច្បាប់​គ្មាន​គោរព​អី​ទេ​រាល់​ថ្ងៃ​នេះ​ ​គេ​គ្រាន់​តែ​ធ្វើ​ជា​នាម​ ​ចឹង​សហគមន៍​អឺរ៉ុប​ ​បរទេស​នានា​គេ​កំពុងតាម​ឃ្លាំមើល​យើង​រាល់ថ្ងៃ​ ​ដើម្បី​ឲ្យ​យើង​ធ្វើ​ម៉េច​គោរព​សិទ្ធិ​មនុស្ស​ ​គោរព​ច្បាប់​ ​ចឹងរាល់​ថ្ងៃនេះ ​ការ​រកស៊ី​ក៏​ពិបាក​រក​ដែរ​ ឥឡូវ​ហ្នឹង​ចិញ្ចឹម​ជីវិត​បាន​តែមូ​យ​ហូបៗ​តិចតួច​ទេ​ ​មិន​បាន​អី​ច្រើន​ទេ។ ​ខ្ញុំ​ចង់​បាន​ឲ្យ​អ្នក​ធំៗ​ឲ្យ​រួម​គ្នា​ទៅ​យើង​ជា​ខ្មែរ​ដូចគ្នា​ ​ឲ្យ​យើង​មាន​សន្តិភាព​ទៅ»។

​ជាមួយ​គ្នា​នោះ​ដែរ​ ​កញ្ញា​ ​ខែម​ ​ស្រីម៉ុម ​ជា​កម្មករ​កាត់ដេរ​នៅ​រោងចក្រ​មួយ​ក្នុង​សង្កាត់ទឹកថ្លា​ក្រុង​ភ្នំពេញ​មក​ពី​ខេត្ត​ពោធិ៍សាត់​ បាន​រិះគន់​ខ្លាំង​ដល់​គណបក្ស​នយោបាយ​កាន់​អំណាច​និង​អតីត​គណបក្ស​ជំទាស់​ផង​ដែរ​ថា ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​របស់​គណបក្ស​ទាំងពីរបែបសារ​ជេរប្រមាថ​គ្នា​កន្លង​មក​នេះ​គ្មាន​អ្វី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។

​កញ្ញា​ ​ស្រី​ម៉ុម ​បាន​បញ្ជាក់​ថា ​គណបក្ស​នយោបាយ​ទាំង​ពីរ​គួរតែ​រក​វិធី​ដោះស្រាយ​វិបត្តិនយោបាយ​ដោយ​យក​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ចម្បង។​

​កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​គណបក្ស​នយោបាយ​ទាំង​សង​ខាង​គួរ​តែ​និយាយ​អី​គិត​ពី​ផលប្រយោជន៍​ជាតិ​ឡើងវិញ​ ​កុំ​និយាយ​ពី​ជេរ​ប្រមាថ​អី​ ​អត់​បាន​ប្រយោជន៍​ដល់​ជាតិ​ ​និយាយ​អី​ក៏​ដោយ​ត្រូវ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​ ​បញ្ហា​សំខាន់​គឺ​ពលរដ្ឋ​ជួប​បញ្ហា​ត្រូវ​ដោះស្រាយ​ក្នុង​ប្រទេស។ ​សូម​ឲ្យ​គណបក្ស​នយោបាយ​ជា​ពិសេស​គណបក្ស​ប្រជាជន​សូម​ឲ្យ​គាត់​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​ ​គិត​និយាយពី​រឿង​ជាតិ​ស្អី​ដែល​ធ្វើ​ឲ្យ​ជាតិ​រីក​ចម្រើន​ ​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​ ​ធ្វើ​ឲ្យ​ពលរដ្ឋ​ ​រស់​ក្នុង​ប្រទេស​មាន​សុខ​សុវត្ថិភាព»។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បដិសេធ​ ​ផ្តល់​កិច្ច​សម្ភាសន៍​ ដើម្បី​បង្ហាញ​ពី​មតិ​របស់​ពួក​គាត់​ជុំវិញ​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ ​ដោយ​ ​ពួកគាត់​បាន​អះអាង​ថា​ ​គាត់​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​គាត់។​

​លោកស្រី​ មូរ​ ​សុខហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​អះអាង​ដែរ​ថា​ដំណោះស្រាយ​ចុងក្រោយ​គឺ​ជៀស​មិន​ផុត​ពី​ការ​ចរចា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​នោះ​ទេ​ ​ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​ទាំងមូល។

«ជាមួយ​គ្នា​យើង​ខ្ញុំ​ឯកភាព​ជាមួយ​ប្រជាពលរដ្ឋ​ថា ​ត្រូវ​តែ​មាន​ការ​ជជែក​គ្នា​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​លក្ខខណ្ឌ​នៃ​EUគឺ​គោរព​សិទ្ធិ​មនុស្ស​ ​សិទ្ធិ​សេរីភាព​ពលករ​គឺ​ទី​១​យើង​ត្រូវ​រក្សាEBA។ ​ច្បាស់​ណាស់​ជជែក​គ្នា​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ទាំង​មូល​នេះ​ ​មិនមែន​ដោះស្រាយ​បញ្ហា​បុគ្គល​ ​ឬ​បញ្ហា​ ​បក្ស​ទេ»។

​ការ​ផ្សាយ​របស់ VOA​ សំឡេង​សហរដ្ឋ​អាមេរិក​អំពី​ការ​ជជែក​អំពី​ស្ថានភាព​នយោបាយរបស់​កម្ពុជា​ ​នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello​ VOA​ ​ដែល​អ្នក​ស្តាប់​អាច​ទូរស័ព្ទ​ចូល​រួម និង​កម្ម​វី​ធី​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​បណ្តាញ​សង្គម​ ​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូល​បញ្ចេញ​មតិ​បាន​បង្ហាញ​ពី​ការ​ចង់​បាន​របស់​ពួកគាត់​ ​ដែល​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រយោជន៍​ជាតិ​ ​និង​ប្រជាពលរដ្ឋ​ជា​ធំ​ផង​ដែរ។

ទោះ​បី​ជា​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAដែល​ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៧០០.០០០​អាច​ប្រឈម​នឹង​ការ​បាត់បង់​ការងារ លោក​ ​សុខ​ ​ឥសាន្ត​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​សង្កត់​យ៉ាង​ច្បាស់​ថា​ ប្រទេស​កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ​នោះ​ទេ​ ​ដូច្នេះ​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​អាច​នោះ​ទេ។​

​«នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​វិបត្តិ​នយោបាយ​អី​ទេ វា​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​វិបត្តិ​ហើយ​វិបត្តិ​នោះ​តាម​រយៈ​ការ​ធ្វើ​ខុស​ច្បាប់​របស់​គាត់​ ​ចឹង​ទេ​គាត់​ត្រូវ​មាន​វិបត្តិ​ដោះស្រាយ​ជាមួយ​ច្បាប់​អត់​មាន​មក​ចង់​ចរចា​អី​ជាមួយ​គណបក្ស​ប្រជាជន​នោះ​ទេ ពីព្រោះ​គណបក្ស​ប្រជាជន​ជា​អ្នក​អនុវត្ត​ច្បាប់​ដែរ»។

​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ឡើង​កម្តៅ​បន្ទាប់​ពី​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ២០១៧​ ​ដោយ​លោក​ត្រូវ​បាន​ចោទប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​ ​បន្ទាប់​មក​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ ​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា​ ​គណបក្ស​ប្រឆាំង​នេះ​ ​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល។​ ក្រោយ​ពី​គណបក្ស​ត្រូវ​បាន​រំលាយ​ ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ ​ក្នុង​នោះ​មាន​លោក​ ​កឹម​ ​សុខា​ ​ផង​ដែរ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​អ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​និង​ជា​អតីត​នាយកវិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​មាន​ការ​យល់ស្រប​នឹង​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ។

​លោក​បាន​បញ្ជាក់​ថា បើ​សិន​វិបត្តិ​នេះ​នៅ​តែ​អូស​បន្លាយ​យូរ​បន្ត​ទៅទៀត​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​ ​ហើយ​ប្រវិត្តសាស្ត្រ​បង្ហាញ​ថា​ ផល​ប៉ះពាល់​បែប​នេះ​អា​ចបង្ក​ឲ្យ​ការ​បះបោរ​កើត​មានឡើង។​ ​

​«ត្រូវ​ទទួលស្គាល់​ថា​ មាន​វិបត្តិ​នយោបាយ​ ​ហើយ​វិបត្តិ​នយោបាយ​នេះ​វា​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងមូល​ដូច​ជា​បង្ក្រាប​អីចឹង​វា​ប​ង្កើត​បរិយាកាស​ភ័យខ្លាច​ តើ​យើង​

​គិត​ម៉េច។ ​មេដឹកនាំ​តាំង​ពី​ដើម​មក​គេ​ទុក​ជីវភាព​រស់​នៅ​និង​សុខមាលភាព​របស់​ប្រជារាស្រ្ត​របស់​គេ​ជាធំ»។

នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​មាន​សភាព​ចម្រូងចម្រាស​ ​ប្រទាញប្រទង់​គ្នា​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ ​ដោយ​ ​លោក​ សម​ ​រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​ព្យាយាម​ ​ធ្វើ​មាតុភូមិ​និវត្តន៍​ជាមួយសកម្មជន​មួយចំនួន​ទៀត។

កញ្ញា​ ​លី​ ស្រី​ស្រស់​ ​ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​បាន​ឲ្យ​ដឹង​ដែរ​ថា EBAអាច​រួម​ចំណែក​ជួយ​ស្តារ​ស្ថាន​ភាព នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ហាក់ដូច​ជា​មិន​ខ្វល់​ពី​ការ​ដាក់​សម្ពាធ​ដកEBAនេះ​ឡើយ។​

អ្នក​វិភាគ​រូប​នេះ​ពន្យល់​ថា៖ ​«បើ​សិន​ជា​រដ្ឋាភិបាល​នៅ​តែ​ជ្រើសរើស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ស្លាប់​ ​បញ្ហា​ទាក់ទង​ជាមួយ​នឹង​ការ​ជួបប្រទះ​ហានិភ័យ​សេដ្ឋកិច្ច​ទៅ​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គឺ​ជា​រឿង​មួយ​ដែល​ធំ​ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បារម្ភ​ដូច​ជា​បរិបទ​បច្ចុប្បន្ន​នៃ​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្រ្តី​ហាក់​ដូច​ជា​ត្រៀមខ្លួន​ជុំវិញ​ការ​ទទួល​នូវ​ទណ្ឌកម្ម​ ​ដូច្នេះ​ខ្ញុំ​គិត​ថា​ការ​ជជែក​ពិភាក្សា​ទៅ​លើ​ភាគី​ខ្មែរ​ជាខ្មែរ​គឺជា​រឿង​មួយ​ ​ដែល​ចាំបាច់​សម្រាប់​អ្នក នយោបាយ​បច្ចុប្បន្ន​នូវ​ក្នុង​ការ​ដោះស្រាយ»។

នៅ​ដើម​ខែ​វិច្ឆិកា​នេះ​សកម្មជន​ ​និង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​ច្រើន​ត្រូវ​បាន​តុលាការ​ដោះលែង​នៅ​ទូទាំង​ប្រទេស។​ ក៏​ប៉ុន្តែ​ការ​ដោះលែង​នេះ​ ​មិន​មែន​មាន​ន័យ​ថា​ ក្រុម​សកម្ម​ជន​ ​និង​មន្ត្រី​ទាំងនោះ​ ​រួចពី​សំណាញ់​ច្បាប់​នោះ​ទេ​ ​ព្រោះ​បទចោទប្រកាន់​លើ​ពួកគេ​នៅ​មិនទាន់​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​នៅឡើយ។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ​ ​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​តុលាការ​សម្រេច​ដក​បម្រាម​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។​ ​ប៉ុន្តែ​លោក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ​ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ចំនួន​៣​ ​គឺ​មិន​ត្រូវ​ចេញក្រៅ​ព្រំប្រទល់​ដែនដី​កម្ពុជា​ ​មិន​ត្រូវ​ធ្វើសកម្មភាព​នយោបាយ​ ​និង​ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។​

​លោក​ ​ស៊ឹង​ ​សែនករុណា​ មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​មិន​ងាយ​គេច​ផុត​ពី​ស្ថានភាព​នយោបាយ​ដល់​តឹងតែង​មួយ​នេះ​បានទេ​ បើសិន​ជាគ​ណ​បក្សនយោបាយ​នៅតែ​ប្រកាន់​ឥរិយាបទ​ចង់​ចាញ់​ចង់​រៀងៗ​ខ្លួនៗ៖​

​«ចឹង​បញ្ហា​ជម្លោះ​នយោបាយ​វា​ទាល់​តែ​ការ​ជជែក​គ្នា​រវាង​អ្នក​នយោបាយ​ដើម្បី​រក​ដំណោះ​ស្រាយ ​ក៏ប៉ុន្តែ​មក​ទល់​ពេលនេះ​ ​យើង​អត់​ទាន់​ឃើញ​មាន​ការ​ចរចា​ ​ជជែក​គ្នា​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ​នៅឡើយ​ ​ហើយ​ដរាបណា​វា​នៅតែ​មាន​បញ្ហា​របៀប​នេះ​ ​អត់​ទាន់​មានការ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​របស់​អ្នកនយោបាយ​ទេ​ខ្ញុំ​គិត​ថា ​មិន​រួចផុត​ពី​ស្ថានភាព​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​នេះ​បានទេ»។

​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចង់​ឲ្យ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​នោះ​ ​នៅ​ខែ​វិ​ច្ឆិ​ការ​នេះ​ ​VOAសំឡេង​សហរដ្ឋ​អាមេរិក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​៩​ ខែ​កក្កដា ឆ្នាំ​២០១៩​ ​ពី​ក្រុម​អ្នកវិភាគ​នយោបាយ​ ​ដោយ​នៅ​ក្នុង​លិខិត​នោះ​ អ្នកវិភាគ​នយោបាយ​ចំនួន​៥រូប​បាន​ធ្វើ​លិខិត​ថ្វាយ​ ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហមុនី​ ​ស្នើ​សុំ​ដល់ព្រះមហាក្សត្រ​យាង​សម្របសម្រួល​ឲ្យ​មាន​ការ​ជួបជុំគ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ​ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់​ធ្ងរ​ទៅៗ​ដែល​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ៕

What Next?

Recent Articles

5 Responses to "ប្រជាពលរដ្ឋ​មួយ​ចំនួន​ចង់​ឃើញ​គណបក្ស​នយោបាយ​​គិត​ពី​ផលប្រយោជន៍​រួម​និង​ចរចា​រក​ដំណោះ​ស្រាយ​នយោបាយ​"

  1. so socheath says:

    ប្រាប់ឲ្យច្បាស់ចុះមនុស្ស ! មិនស៊ីបាយក្នុងចានតែមួយជាមួយឆ្កែ​ទេ
    សមរង្ស៊ីក្តី កឹមសុខាក្តី គឺគ្រាន់តែជាមនុស្សតែមានសតិជាសត្វតិរច្ឆាន ប៉ុណ្ណោះ ! (ឆ្កែ) ​
    តើមនុស្សពិត អាចស៊ីបាយក្នុងចានតែមួយជាមួយឆ្កែកើតទេ ?

  2. Anonymous says:

    We will find out in a few months wondering if Hun Sen refuses to eat meal with Kem Sokha ( US dog ) or Hun Sen decides to eat alone with his Chinese food. US dog doesn’t like Chinese food and will never eat it due to technicalities of training ( Democracy ), so only 1 question left, is Hun Sen willing to eat with the dog for the sake of his family and power which is guarantee by the dog owner ( US) or he chooses to eat Chinese food that he requires to pay the bill ?

  3. so socheath says:

    អញ សុខចិត្តស៊ីចេញលុយ ( វិក័យប័ត្រ) ​ មិនធ្វើឆ្កែ ទេ !

  4. Anonymous says:

    We will find out very soon. Chinese dog always end up to be Chinese food but US dog enjoys life style just like human with all kinds of security. Sorry you know Chinese dog doesn’t have that kind of treat, in fact it will become Chinese food on top of the bill that need to be paid. There are a lot of human on this planet is worst than US dog which is very smart to distinguish between enemies and friends.

  5. Anonymous says:

    HASS ….HA……. CHINA just getting rich from the helped of western nation, right now they just want to get richer that all. sorry if I translate to the creasy meaning is>> I rather being a rich owner’s dog instate the owner just getting rich and looking for more money.

Leave a Reply

Submit Comment