ដោយ សុ ជីវី
2019-11-27
RFA

សកម្មភាពតវ៉ារបស់ក្រុមអាជីវករលក់ដូរតាមចិញ្ចើមថ្នល់ និងដងផ្លូវ នៅម្ដុំផ្សារសិនជូរី ផ្លាហ្សា (Century Plaza) ក្នុងខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាតវ៉ា កាលពីព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០១៩។ Photo Provided
ក្រុមអាជីវករលក់ដូរតាមចិញ្ចើមថ្នល់ និងដងផ្លូវ នៅម្ដុំផ្សារសិនជូរី ផ្លាហ្សា (Century Plaza) ក្នុងខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាតវ៉ា កាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកា ដោយសារតែទីតាំងដាក់គ្រែ និងចតរទេះលក់ដូររបស់ពួកគេ ត្រូវម្ចាស់ផ្សារឈូសឆាយកម្ទេចចោល។ តំណាងផ្សារប្រាប់ថា បានសម្រួលឱ្យអាជីវករទាំងអស់ រើទៅលក់កន្លែងក្បែរនោះបណ្ដោះអាសន្នសិន ដើម្បីធ្វើផ្សារទំនើប
អាជីវករលក់ដូរតាមដងផ្លូវ ចាប់ពីមុខផ្សារ ដល់ម្ដុំស្ថានីយប្រេងឥន្ធនៈ ស្រឡាំងកាំង នៅពេលឃើញទីតាំងលក់ដូរចិញ្ចឹមជីវិត តាមដងផ្លូវ រងការឈូសឆាយ កណ្ដាលយប់ ដោយគ្មានជូនដំណឹងជាមុន។ ពួកគេជាង ២រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ភ្លាមៗលើបញ្ហានេះ។
ស្ត្រីវ័យចំណាស់ អាយុជាង ៧០ឆ្នាំ ជាអ្នកលក់ស្លាម្លូ តាមដងផ្លូវនៅម្ដុំមុខផ្សារសិនជូរី ផ្លាហ្សា លោកស្រី ហួន សឿន ប្រាប់ថា ក្រោយការតវ៉ាភ្លាមៗ អាជ្ញាធរខណ្ឌ និងតំណាងផ្សារ បានសម្របសម្រួលឱ្យអាជីវករទាំងអស់ រើទៅលក់នៅម្ខាងផ្លូវ ម្ដុំសួរកុមារពោធិ៍ចិនតុង បណ្ដោះអាសន្ន ដោយយកទីតាំងកសាងផ្សារទំនើប។ អ្នកលក់រូបនេះ បន្តថា ពួកគេមានកង្វល់ខ្លាំងណាស់ ដោយសារពួកគេគ្មានជម្រើសអ្វី ក្រៅពីធ្វើតាមទេ ព្រោះគេបានដាក់គ្រឿងចក្រឈូសឆាយកន្លែងចាស់ចោលអស់ហើយ។ តែសំខាន់ គឺកន្លែងលក់បណ្ដោះអាសន្ននោះ មានទំហំតូចចង្អៀតជាងកន្លែងធ្លាប់លក់រាល់ថ្ងៃ ហើយអតិថិជន នឹងពិបាកទៅរកទិញ៖ «ខ្ញុំគ្មានកន្លែងទេ។ ខ្ញុំជួលកន្លែងគេទេអូន។ តែឥឡូវអុំ ចង់បានកន្លែងហ្នឹងចង់បានកន្លែងខ្លួនឯង។ មិនដឹងទៅតវ៉ាជាមួយអ្នកណា ទៅសុំឯណា អត់ស្គាល់ប្រធានផ្សារ ប្រធានអ្វីអ៊ីចឹងណាអូនណា។ មានទៅប្រជុំអ្វី គេគ្រាន់តែហៅទៅដោះស្រាយ សួរមតិយើងថា ប៉ិនហ្នឹងអាចទទួលបានឬអត់? កន្លែងដែលគេឱ្យនោះណា។ រួចអ្នកម្ចាស់ដើមគេចេះតែទទួលបានហើយ គេអត់លក់ផង គេជួលឱ្យយើង។ ប៉ុន្តែយើងនេះ អ្នកជួលនេះ យើងដូចជាវាដោះស្រាយយ៉ាប់ ដូចថា ចំណូលវាបានតិច តែចំណាយវាច្រើន»។
ស្ត្រីវ័យចំណាស់លក់ស្លា និងម្លូរូបនេះ រៀបរាប់ថា លោកស្រីធ្លាប់រងការបណ្ដេញចេញម្ដងហើយ កាលពី២៣ ឆ្នាំមុន គឺគេបណ្ដេញឈប់ឱ្យលក់នៅម្ដុំផ្សារពោធិចិនតុង ឱ្យមកជួលទីតាំងលើចិញ្ចើមផ្លូវលក់នៅម្ដុំផ្សារសិនជូរី នេះ ហើយឥឡូវគេបណ្ដេញម្ដងទៀត ឱ្យទៅជួលលក់នៅទីតាំងម្ខាងនៃផ្លូវវិញ។ លោកស្រីកំពុងពិចារណាថា គួរបន្តអាជីពលក់ស្លាម្លូ ចិញ្ចឹមឆាកជីវិតវ័យជរាតទៀត ឬអត់ទេ ព្រោះលោកស្រីមិនមានកន្លែងលក់បណ្ដោះអាសន្នផ្ទាល់ខ្លួនទេ គឺត្រូវជួលគេបន្ត។
អ្នកស្រីបន្តថា ការលក់ដូរលើដងផ្លូវនៅម្ដុំផ្សារសិនជូរី និងកន្លែងថ្មី ដែលគេរៀបចំបណ្ដោះអាសន្នឱ្យ គឺលោកស្រី ត្រូវជួលកន្លែងគេ ក្នុងតម្លៃ៣០ម៉ឺន (៣០០ ០០០)រៀល ក្នុងមួយខែ និងក្រុមអាជ្ញាធរ ច្រើនក្រុម មកទារលុយថ្លៃភាស៊ី ថ្លៃអនាម័យ ក្នុងមួយក្រុមចាប់ពី ២រយរៀល ៤រយរៀល ១ពាន់ ១ពាន់ប្រាំរយ ដល់៤ពាន់រៀល សរុបប្រហែលជិត១ម៉ឺនរៀលទៀត លើថ្លៃភាស៊ី៖ «ជួលគេឯកជន ដូចថា គេម្ចាស់ដើម គេបានកន្លែងម្នាក់មួយៗអ៊ីចឹងទៅណា ដល់ពេលគេអត់មកលក់អ៊ីចឹងទៅ គេជួលឱ្យយើងមួយខែ៣០ម៉ឺន។ ដល់អ៊ីចឹង អ៊ំដូចជាមិនអាចមានសមត្ថភាពតស៊ូ នៅលក់តទៅទៀតបានអ៊ីចឹងទៅណាអូន ក្រែងលោ វាមិនសូវដាច់ មិនសូវអ្វី កន្លែងដូរថ្មី។ អ៊ំ ចង់បានថា ឱ្យអ្នកប្រធានផ្សារអ្វីហ្នឹង គេជួយដោះស្រាយបានមួយកន្លែងតូចអ៊ីចឹងមក អ៊ំអាចដោះស្រាយខ្លួនឯងអ៊ីចឹងទៅ»។
ការឈូសឆាយកន្លែងលក់ដូររបស់ក្រុមអាជីវករនេះ ធ្វើឡើង ១ថ្ងៃ មុនអាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើពិធីកាត់ខ្សែបូបើកសម្ពោធការដ្ឋាន ធ្វើផ្សារទំនើប នៅលើទីតាំងផ្សារសិនជូរី ផ្លាហ្សា នៅថ្ងៃទី២៧ វិច្ឆិកា។ គម្រោងធ្វើផ្សារទំនើបនៅផ្សារសិនជូរី នេះ ត្រូវបានអភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន ប្រជុំប្រាប់អាជីវករ កាលពីពាក់កណ្ដាលខែសីហា។ ក្រុមអ្នកលក់ដូរនៅផ្សារសិនជូរី ចែកជា៣ផ្នែក គឺនៅផ្នែកផ្សាររបស់រដ្ឋ ផ្នែកផ្សារឯកជន និងផ្នែកលក់ដូរតាមដងផ្លូវ។ ក្នុងកិច្ចប្រជុំនោះ ពួកគេ បង្ហាញការមិនពេញចិត្ត ចំពោះការសាងសង់ ទៅជាផ្សារទំនើបទេ ដោយសារ ខ្លាចរងការបណ្ដេញចេញ និងប៉ះពាល់ដល់អាជីព។ តែប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនសិនជូរី ផ្លាហ្សា លោក កែវ ជឺឃាង សន្យាឱ្យតូប ទៅអ្នកលក់នៅក្នុងផ្សារផ្នែករដ្ឋ និងឯកជន ដែលកំពុងលក់ តែមិននិយាយចំពោះអ្នកលក់តាមដងផ្លូវទេ។
ក្រុមអាជីវករ លក់ដូរតាមដងផ្លូវម្ដុំ និងជុំវិញផ្សារសេនជូរី អះអាងថា មានអ្នកកំពុងលក់ជាង ៧រយ (៧០០)ទីតាំង ដោយដាក់ជាគ្រែ និងរទេះ។ អាជីវករខ្លះ ជាម្ចាស់នៃទីតាំងលើដងផ្លូវនោះ តែអ្នកខ្លះ ជួលទីតាំងនោះ ដើម្បីលក់បន្ត។ ពួកគេអះអាងថា បានលក់នៅលើទីតាំងនោះ មិនក្រោម១០ឆ្នាំមកហើយទេ។
អ្នកលក់នៅជាប់ជញ្ជាំងផ្សារសេនជូរី ផ្លាហ្សាម្នាក់ លោកស្រី ណុប សំអុល និយាយថា ទីតាំងរបស់ពួកគាត់លក់ដូរមិនទាន់រងការឈូសឆាយ ឬបណ្ដេញចេញទេ ដូច្នេះពួកគាត់នៅបន្តតស៊ូលក់កន្លែងចាស់តទៀត។ អាជីវករលក់ផ្លែឈើរូបនេះ ក៏បារម្ភថា ខ្លាចរងការបណ្ដេញចេញ នៅពេលបន្ទាប់ ឬនៅពេលផ្សារទំនើបធ្វើរួចរាល់ហើយទេ។ លោកស្រី ណុប សំអុល ចង់ឱ្យអាជ្ញាធររកទីតាំងផ្សេងម្ដុំនោះ ធ្វើផ្សារទំនើបទៅ កុំបណ្ដេញពួកគាត់ ដើម្បីធ្វើផ្សារទំនើប ព្រោះប៉ះពាល់ខ្លាំងណាស់ ដល់ជីវភាពគ្រួសារលោកស្រីទាំងមូល៖ «យើងតស៊ូលក់ជាប់ជញ្ជាំងហ្នឹង ព្រោះយើងវាអត់មានកន្លែងលក់ដូរផងហ្នឹង បើគេអត់រៀបចំកន្លែងឱ្យយើងទៅលក់កន្លែងណាផង។ គេដេញចោលទទេ ហើយអ៊ីចឹង យើងមានកន្លែងហ្នឹង យើងចេះតែតស៊ូតវ៉ាគេទៅ គេថា អាចនៅលក់បាន។ អ៊ីចឹងយើងអាចនៅលក់ហ្នឹង យើងតស៊ូលក់ទៀតទៅ។ ដល់ពេលគេធ្វើផ្សារទំនើបហើយ មិនដឹងថា យើងអាចចូលលក់ខាងក្នុងបាន ឬមិនបាន។ ធ្វើ (ផ្សារទំនើប) ហ្នឹង ប៉ះពាល់តែទាំងអស់ហ្នឹង បើម្នាក់ៗ លក់មួយថ្ងៃស៊ីមួយថ្ងៃហ្នឹង ហើយបើត្រូវផ្អាកលក់ទៅបានអ្វីហូបទៅ បានអ្វីឱ្យកូនរៀន ប៉ះពាល់ ហ្នឹងវាប៉ះពាល់ពេកតែម្ដងណា»។
ទោះយ៉ាងណា អនុប្រធានគណៈកម្មការផ្សារសេនជូរី ផ្លាហ្សា លោក វ៉ែន វណ្ណា ប្រាប់ថា លោកជាអ្នកអញ្ជើញក្រុមអាជីវករជាង ២រយនាក់ នៅម្ដុំស្ថានីយប្រេងឥន្ធនៈមកជួបប្រជុំ ដើម្បីបែងចែកទីតាំងលក់បណ្ដោះអាសន្ន តែដោយសារលោកជាប់រវល់មកមិនទាន់ ទើបមានការឆោឡោតវ៉ា។ លោកថា ខាងផ្សារ បានដោះស្រាយ ជាមួយក្រុមអាជីវករតវ៉ារួចរាល់អស់ហើយ ដោយបែងចែកទីតាំងថ្មី ឱ្យលក់បណ្ដោះអាសន្ននៅម្ដុំសួនកុមារពោធិចិនតុង ហើយអាជីវករទទួលយក និងឈប់តវ៉ាហើយ៖ «ពួកគាត់ស្នើសុំឱ្យមានកន្លែងទីតាំងលក់ដូរ ទោះតូចធំ ក៏គាត់ព្រមដែរ ហើយចំនួនដែលត្រូវប្រគល់ជូនសរុប២១៨ហ្នឹង យើងបានទទួលគាត់ទាំងអស់ហើយ។ យើងកំពុងធ្វើការងារហ្នឹង ដើម្បីឱ្យគាត់ស្អែកមកចូលលក់ធម្មតា។ ប្ដូរមកទីតាំង មកកន្លែងផ្សេងបង ដោយសារយកកន្លែងហ្នឹងធ្វើផ្សារ ដើម្បីឱ្យពួកគាត់បន្តលក់នៅហ្នឹងទៀត ក៏ប៉ុន្តែយើងធ្វើថ្មី ដោយសារផ្សារយើងវាចាស់ហើយ។ ព្រមអស់ហើយបង ព្រមហើយ គាត់ព្រមទៅផ្ទះអស់ហើយ។ ស្អែកម៉ោង៨ ឬ៩ ហ្នឹង គាត់មកដើម្បីទទួលយកតូបអស់ហ្នឹង»។
សង្គមស៊ីវិលចុះអង្កេតករណីនេះ ប្រាប់ថា អាជ្ញាធរ និងភាគីម្ចាស់គម្រោងសាងសង់ផ្សារទំនើបមិនគោរពកិច្ចសន្យាជាមួយអាជីវករតាមដងផ្លូវ ដែលបានសន្យាថា រកទីតាំងបណ្ដោះអាសន្នឱ្យលក់ដូរសិន ទើបបណ្ដេញចេញ។ អ្នកចុះអង្កេតផ្ទាល់ម្នាក់ សុំមិនបញ្ចេញឈ្មោះ អះអាងថា ក្រុមអាជីវករខ្លះ មិនពេញចិត្តនឹងទង្វើឈូសកម្ទេច ដោយគ្មានជូនដំណឹង ហើយបង្ខំឱ្យផ្លាស់ប្ដូរទៅទីតាំងថ្មី ទាំងបង្ខំបែបនេះទេ តែគ្មានជម្រើសពួកគេ ត្រូវតែទទួលយកការរៀបចំនេះ។ អ្នកស្រី ថា អាជីវករខ្លះ រអ៊ូថា ជីវភាពនឹងដុនដាបជាងមុន ប្រឈមការបាត់ម៉ូយ លក់មិនដាច់ដូចមុន ជាដើម នៅពេលផ្លាស់ប្ដូរទៅទីតាំងថ្មី ដែលមានទំហំតូចចង្អៀតជាងទីតាំងចាស់៖ «យើងមើលឃើញថា ពិបាកមែនទែនទី១។ ទី២ ចំណូលរបស់គាត់ គឺអត់មានតទៅទៀតទេ ព្រោះចំណូលរបស់គាត់ គឺអស់ហើយ ព្រោះធម្មតានៅពេលដែលពួកគេនៅលក់កន្លែងនេះ(ទំហំ) ២ម៉ែត្រ ៣ម៉ែត្រ ៤ម៉ែត្រ ដល់ពេលគាត់ទៅនោះ គាត់មានតែ១ម៉ែត្រ ១ម៉ែត្រកន្លះ ឬ១ម៉ែត្រ៨តឹកទេ ទី១។ ទី២ទៀត យើងឃើញថាកាត់បន្ថយការលក់របស់គាត់ គឺអស់តែម្ដង ដោយសារអ្វីគេ គឺភ្ញៀវគាត់ រកគាត់អត់ឃើញ។ អ៊ីចឹង មិនអាចទៅទិញ គាត់តទៅទៀត អ៊ីចឹងណា។ យើងសរុបការងារអស់នេះមក ក្រសួងពាក់ព័ន្ធក៏ដូចជាសាលារាជធានីភ្នំពេញ គួរសុំតែអភិវឌ្ឍន៍ ឬក៏ធ្វើអ្វីមួយ សុំឱ្យមានការពិភាក្សាជាមួយអាជីវករ និងផ្ដោតយកអារម្មណ៍របស់អាជីវករដាក់នៅក្នុងបេះដូងរបស់គាត់ផង»។
ចំណែកអគ្គលេខាធិការសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក កៅ ពឿន យល់ថា ប្រសិនបើមានចំណុចមិនត្រូវរ៉ូវគ្នា គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវតែទទួលខុសត្រូវ លើរឿងទីតាំងរបស់ក្រុមអាជីវករតាមដងផ្លូវនេះ។ លោក ជំរុញឱ្យភាគីពាក់ព័ន្ធ យកអនុក្រឹត្យរបស់រដ្ឋាភិបាល ចេញឆ្នាំ២០១៦ សម្រេចផ្ដល់កម្មសិទ្ធិតូប និងទីតាំងឱ្យអាជីវករ ទើបជាប្រការដោះស្រាយល្អ៖ «ទោះបីផ្សារហ្នឹង វិនិយោគពីណាក៏ដោយ កាលណាចង់វិនិយោគវាក្លាយជារបស់អាជីវករហើយ។ អ៊ីចឹង សុំឱ្យគាត់អនុវត្តអាហ្នឹងទៅ បើអនុវត្តអាហ្នឹង ជម្លោះវាមិនកើតឡើងទេ។ ក៏ប៉ុន្តែរឿងដែលសំខាន់ គឺអត់អនុវត្តអាហ្នឹងទេ ចេញតែប្រកាសហ្នឹង យកតែប្រកាសហ្នឹង ឱ្យតែមានអ៊ីចឹងទៅ តែការអនុវត្តគឺអត់មានទេ»។
ក្រុមអាជីវកររងផលប៉ះពាល់ និងសង្គមស៊ីវិល ឃ្លាំមើលករណីនេះ ស្នើសុំឱ្យអាជ្ញាធរ និងតំណាងក្រុមហ៊ុនគម្រោងវិនិយោគផ្សារទំនើប លើទីតាំងផ្សារសិនជូរី ផ្លាហ្សា កុំធ្វើសកម្មភាព ដោយមិនពន្យល់ប្រាប់អាជីវករជាមុននោះ។ ពួកគេចង់ឱ្យមានការកោះហៅប្រជុំ និងពន្យល់ ប្រាប់ អាជីវករឱ្យច្បាស់សិន មុននឹងឈូសឆាយកម្ទេច ឬចង់ឱ្យពួកគាត់ផ្លាស់ប្ដូរកន្លែងលក់ទៅទីតាំងថ្មីណាមួយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតនាយកដ្ឋានពូជដំណាំ ដើម្បីលើកម្ពស់គុណភាព និងការផ្គត់ផ្គង់ពូជដំណាំ
- កម្ពុជាចាប់ផ្ដើមសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង
- អ្នកវិភាគនិងសង្គមស៊ីវិលគាំទ្ររបាយការណ៍ធនាគារពិភពលោករឿងគុណភាពការងារនៅកម្ពុជា
- អ្នកនាំពាក្យក្រសួងការបរទេសថា រដ្ឋាភិបាលមិនទាន់អាចវាយតម្លៃរបាយការណ៍គណៈកម្មាការអឺរ៉ុបរឿងព្យួរ EBA នៅឡើយទេ
- អ្នកជំនាញអំពាវនាវឱ្យប្រយ័ត្នពីល្បិចបន្ធូរបន្ថយស្ថានការណ៍នយោបាយរបស់លោក ហ៊ុន សែន ដែលប្រឈមនឹងEBA
- របាយការណ៍វាយតម្លៃជោគវាសនាប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA សម្រាប់កម្ពុជា បែកធ្លាយហើយ
- ស្នងការពាណិជ្ជកម្មអឺរ៉ុបសម្ដែងក្ដីកង្វល់ខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្ស ខណៈដាក់របាយការណ៍វាយតម្លៃឈានទៅព្យួរ EBA ដល់កម្ពុជា
- នីតិវិធីតំណាក់កាលទី ២ ក្នុងការព្យួរការអនុគ្រោះពន្ធ EBA បិទបញ្ចប់ថ្ងៃនេះ
- សហជីពកម្មករជំរុញរដ្ឋាភិបាលឱ្យបញ្ឈប់ការរំលោភបំពានសិទ្ធិពលករចំណាកស្រុក
- មន្ត្រីអាមេរិក និងអង់គ្លេសមិនបានសន្យាបន្តផ្ដល់ GSP និង EBA ដល់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន