ដោយ វណ្ណ សុគន្ធា
04/12/2019
RFI

កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា (@សហការី)
កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា នៅយប់មិញនេះ បានចេញមកប្រតិកម្មចំពោះការសម្រេចបញ្ចូនសំណុំរឿងលោក កឹម សុខា ទៅកាត់ទោសរបស់តុលាការក្រុងភ្នំពេញ។ កញ្ញា កឹម មនោវិទ្យា បានចាត់ទុកតុលាការនេះថា ជាតុលាការរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ កញ្ញាក៏ឆ្លៀតវាយប្រហារទៅលើក្រុមលោក សម រង្ស៊ី ផងដែរ ដោយអះអាងថា ក្រុមលោក សម រង្ស៊ី កំពុងខំប្រឹងលាបពណ៌លោក កឹម សុខាថា ជាអាយ៉ងរបស់គណបក្សកាន់អំណាច។
គឺនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កញ្ញា កឹម មនោវិទ្យា បានសរសេរដូច្នេះថា យុទ្ធនាការលាបពណ៌របស់ក្រុមលោក សម រង្សី បាននឹងកំពុងខំប្រឹងយ៉ាងពេញទំហឹងក្នុងការមួលបង្កាច់លោក កឹម សុខា ថា ជាអាយ៉ងរបស់បក្សកាន់អំណាច។ បើតាមកញ្ញា កឹម មនោវិទ្យា មូលហេតុដែលក្រុមលោកសម រង្ស៊ី ធ្វើដូច្នេះ ពីព្រោះភ័យខ្លាចលោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ កញ្ញា កឹម មនោវិទ្យា បានហៅសកម្មភាពរបស់ក្រុមលោក សម រង្ស៊ី នេះថា ជានយោបាយដ៏គម្រក់ដែលត្រូវតែប្តូរឱ្យបានជាដាច់ខាតពីកម្ពុជា។ មិនតែប៉ុណ្ណោះ កញ្ញា កឹម មនោវិទ្យា ថែមទាំងប្តេជ្ញាចិត្តតស៊ូបំបាត់វប្បធម៌លាបពណ៌មួលបង្កាច់នេះឱ្យទាល់តែបានទោះក្នុងរូបភាពណាក៏ដោយ។
ចំពោះការចោទប្រកាន់របស់កូនស្រីលោក កឹម សុខា នេះ លោក សម រង្ស៊ី ប្រធានស្តីទី និង លោក អេង ឆៃអ៊ាង ដែលជាអនុប្រធានអតីតគណបក្សសង្រ្គោះជាតិស្ថិតនៅក្នុងក្រៅប្រទេសមិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។ ប៉ុន្តែ កាលពីចុងខែវិច្ឆិកាកន្លងទៅ លោក សម រង្ស៊ី ធ្លាប់បានអះអាងថា ការយកលោក កឹម សុខា ទៅកាត់ទោស ហើយក្រោយមកស្នើសុំឱ្យព្រះមហាក្សត្រលើកលែងទោសវិញ គឺជាដំណោះស្រាយក្លែងក្លាយដែលសហភាពអឺរ៉ុបមិនត្រូវនោះទេ។ ជាមួយគ្នានេះ លោកនៅតែអះអាងថា រូបលោក និង លោក កឹម សុខា គឺជាមនុស្សតែមួយ ហើយលោក និង លោក កឹម សុខា មិនបែកបាក់គ្នាតាមការចង់បានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ។
បើទោះបីលោក សម រង្ស៊ី លើកឡើងបែបនេះក្តី ប៉ុន្តែសម្ព័ន្ធភាពរវាងអ្នកទាំងពីរត្រូវបានអ្នកវិភាគ និងមជ្ឈដ្ឋានមួយចំនួនមើលឃើញថា ហាក់ដូចជាប្រេះស្រាំទៅហើយ ដោយសារអ្នកគាំទ្រអ្នកទាំងពីរតែងតែវាយប្រហារ និងលាបពណ៌គ្នាទៅវិញទៅមកមិនចេះចប់។ តែទោះជាយ៉ាងណា កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា ចាប់ពីឆ្នាំ២០២០ខាងមុខនេះ លោក កឹម សុខា នឹងជំរុញឱ្យមានការផ្សះផ្សាជាតិទ្រង់ទ្រាយធំមួយដោយឈរលើមូលដ្ឋានប្រជាធិបតេយ្យ សេរីពហុបក្ស បំបាត់ការលាបពណ៌ចាស់គំរឹលទាំងអស់និងបំបាត់ការចាប់ចងវាយប្រហារដែលនាំបញ្ហាវឹកវរដល់សង្គមជាតិ។ ប៉ុន្តែ កញ្ញា កឹម មនោវិទ្យា ក៏ទទួលស្គាល់ថា ការបង្រួបបង្រួមនឹងជួបផលវិបាកច្រើនណាស់ តែវា គឺជាជម្រើសល្អតែមួយគត់ដែលត្រូវតែព្យាយាមជំរុញឱ្យបាន៕