សាលា​ឧទ្ធរណ៍ នឹង​ប្រកាស​សាល​ដីកា​​សុំ​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន​ របស់​​លោក ម៉ៃ ហុង​ស្រៀង នៅ​ថ្ងៃ​ទី១២ ធ្នូ

ដោយ ជាតិ ចំណាន
2019-12-09
RFA

លោក ម៉ៃ ហុងស្រៀង ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​ព្រះសីហនុ។

លោក ម៉ៃ ហុងស្រៀង ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​ព្រះសីហនុ។

 រូប៖ ហ្វេសប៊ុក Kea Sisokunthy


ចៅក្រម​សាលា​ឧទ្ធរណ៍ គ្រោង​ប្រកាស​សាលដីកាករណី​សុំ​នៅ​ក្រៅឃុំរបស់​សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង នៅថ្ងៃព្រហស្បតិ៍ទី១២ ធ្នូ ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​ទី​៩ ធ្នូ។ ភរិយា និង​សង្គម​ស៊ីវិល សង្ឃឹម​ថា លោក ម៉ៃ ហុងស្រៀង នឹង​ត្រូវ​​បាន​ដោះ​លែង​ នៅ​​ថ្ងៃ​​ប្រកាស​​សាល​ក្រម​​នោះ។

មេធាវី​ការពារ​ក្ដី​ឲ្យ លោក ម៉ៃ ហុងស្រៀង គឺ លោក​មេធាវី កែត ឃី ឲ្យ​ដឹង​ថា ក្នុង​សវនាការ​ជម្រះ​ក្ដី​នៅ​រសៀល​ថ្ងៃ​ទី៩ ធ្នូ តំណាង​អយ្យការ ​ បង្ហាញ​កាយ​វិការ​​ និង​​​បំណង​ចង់​ឲ្យ លោក ម៉ៃ ហុង​ស្រៀង ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដែរ តែ​បង្ហើប​ពី​​​លក្ខខណ្ឌ​មួយ​ចំនួន ឲ្យ​លោក ម៉ៃ ហុងស្រៀង​ គឺ​​ស្រដៀង​​គ្នា​នឹង​​​​​លក្ខខណ្ឌ​​របស់​​សកម្មជន​​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ដោះលែង​កន្លង​មក​ដែរ។ លោក​មេធាវី សង្ឃឹម​ថា លោក ម៉ៃ ហុងស្រៀង នឹង​​ទទួល​បាន​សម្រេច​ក្ដី ឲ្យ​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន៖ «តុលាការ​ បាន​ជំនុំ​ជម្រះ​រួច​ហើយ។ តុលាការ​សម្រេច​លើក​ទៅ​ប្រកាស​នៅ​ថ្ងៃ​ទី១២ ម៉ោង​២។ តាម​មើល​ការ​ជជែក​ ហើយ​និង​ហេតុផល ហើយ​និង​តំណាង​អយ្យការ​ ក៏​គាត់​លើក​ អ៊ីចឹង​ប្រហែល​មាន​សង្ឃឹម​ អ៊ីចឹង​ណា។ គាត់​គ្រាន់​តែ​មាន​លក្ខខណ្ឌ​មួយ​ថា ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ពេល​ណា​តុលាការ​ត្រូវ​ការ​ហៅ ត្រូវ​តែ​ចូល​​មក​តាម​ការ​កោះ​ហៅ​របស់​តុលាការ​អ៊ីចឹង​ណា ព្រោះ​ដោយសារ​រឿង​អង្គ​ហេតុ អង្គ​សេចក្ដី​នេះ វា​មិន​ទាន់​បញ្ចប់​។ អ៊ីចឹង​យើង​សុំ​នេះ គ្រាន់​តែ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ទេ។ អ៊ីចឹង គាត់​ទទួល​យក​​លក្ខខណ្ឌ​​ ​ថា កាលណា តុលាការ​កោះហៅ​ គាត់​ចូល​មក​ដើម្បី​ដោះស្រាយ ហើយ​អ្វី​ដែល​យើង​ចង់​បាន​ គឺ​ចង់​បាន​ឲ្យ​គាត់​នៅ ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន»

ក្នុង​សវនាការ​​សាលា​ឧទ្ធរណ៍​នេះ​ មិន​មាន​វត្តមាន​របស់​​ ​លោក ម៉ៃ ហុងស្រៀង ឡើយ។ ភរិយា​របស់ លោក ម៉ៃ ហុងស្រៀង អ្នកស្រី គា ស៊ីសុគន្ធី នៅ​តែ​បន្ត​អះអាង​ថា ស្វាមី​គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់ ដូច្នេះ អ្នកស្រី រំពឹង​ថា ប្តីអ្នកស្រីនឹង​ត្រូវ​​ទទួល​បាន​ការ​ដោះលែង​ឲ្យ​បាន​រស់​នៅ​ជួបជុំ​ប្រពន្ធ​ កូន​ វិញ៖ «អ៊ីចឹង ខ្ញុំ​សង្ឃឹម​ថា នៅ​ថ្ងៃ​ទី​១២ ខាង​មុខ​នេះ នឹង​មិន​មាន​ការ​ផ្លាស់ប្ដូរ​ទៀត​ទេ នឹង​ប្រកាស​សាលក្រម​ឲ្យ​ដឹង​ថា គាត់​អាច​មាន​សេរីភាព​ នៅ ថ្ងៃ​ទី​១២​ហ្នឹង។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ទី​១២​ហ្នឹង ព្រោះ​គាត់​អត់​មាន​ទោស​អ្វី​ផង»

លោក ម៉ៃ ហុងស្រៀង ជា​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ក្រុង​ព្រះសីហនុ។ លោក​​តែង​បង្ហោះ​​សារ​​រិះគន់​​របប​​ក្រុង​​ភ្នំពេញ​ជា​និច្ច។ លោក​ត្រូវ​បាន​សមត្ថកិច្ច​​ឡោមព័ទ្ធ និង​ដេញ​ចាប់​ខ្លួន ពី​ខេត្ត​ព្រះសីហនុ ដល់​​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​កក្កដា។ មុន​ដំបូង​​ សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចោទ​​លោក ម៉ៃ ហុង​ស្រៀង ថា បាន​ត្រឡប់​ពី​ប្រទេស​ថៃ ​ចូល​​​​ប្រទេស​​កម្ពុជា​វិញ ដើម្បី​កៀរគរ​សកម្មជន​ឲ្យ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

បន្ទាប់​មក​ ​ចៅក្រម​​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុភិន្ទ​ សម្រេច​ចោទ​ប្រកាន់​​ពី​បទ​ជេរ​ប្រមាថ​របប​ក្រុង​ភ្នំពេញ និង​ញុះញង់​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​​(facebook)។ ចៅក្រម​​បាន​កាត់​ទោស​​​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ជាប់​ពន្ធនាគារ​ ១៨​ខែ តែ​លោក ម៉ៃ ហុងស្រៀង មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ក្ដី​របស់​តុលាការ​ជាន់​ទាប​នេះ​ទេ ទើប​បន្ត​ប្ដឹង​ឡើង​​ទៅ​តុលាការ​ជាន់​ខ្ពស់​។ គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ហៅ​​ការ​ចាប់​ខ្លួន និង​សម្រេច​ក្ដី​ បែប​នេះ ជា​រឿង​​នយោបាយ។

​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​ ​ដោះលែង​ លោក ម៉ៃ ហុងស្រៀង ព្រោះ​នេះ​ ជា​ជម្រើស​ល្អ​បំផុត និង​ផ្ដល់​ឱកាស​ឲ្យ​ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ បាន​ទៅ​រស់​នៅ ជួបជុំ​ប្រពន្ធ កូន​វិញ៖«សាលា​ឧទ្ធរណ៍​នឹង​ធ្វើ​ការ​ដោះលែង​ លោក ហុងស្រៀង ឲ្យ​មាន​សេរីភាព ឲ្យ​ជួប​ជុំ​គ្រួសារ​វិញ​ទៅ​ណា។ ខ្ញុំ​គិត​ថា ជា​ជម្រើស​ដ៏​ល្អ​មួយ ដើម្បី​ឲ្យ​លោក ហុងស្រៀង​ហ្នឹង​ គាត់​មាន​ឱកាស​មើល​ថែ​កូន​តូចៗ។ អ៊ីចឹង ខ្ញុំ​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះលែង​ គាត់​ឲ្យ​សេរីភាព​ឡើងវិញ នៅ​ថ្ងៃ​ទី​១២ ហ្នឹង»

បើ​ទោះ​​ជា​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ​បញ្ជា​ឲ្យ​ប្រញាប់​ប្រញាល់​ដោះ​​លែង​​អ្នក​​ទោស​​នយោបាយ​ នៃ​​គណបក្ស​ប្រឆាំង​​យ៉ាង​​ណា​​ក៏​​ដោយ​ ​មក​ដល់​ពេល​នេះ លោក ម៉ៃ ហុង​ស្រៀង និង​អ្នក​ទោស​នយោបាយ​ជាង​ ២០​នាក់​ផ្សេង​ទៀត នៅ​មិន​ទាន់​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ​ទេ។ ​ចំណែក អ្នក​ទោស​នយោបាយ ៧៦នាក់ ដែល​ត្រូវ​បាន​​ដោះ​លែង​​ឱ្យ​នៅ​ក្រៅ​​ឃុំ​​នោះ តុលាការ​បាន​ដាក់​លក្ខខណ្ឌ​តឹង​រ៉ឹង​ និង​មិន​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles