កម្ពុជា​ហៅការសម្រេចរបស់ ​EU ជុំវិញបញ្ហា EBA ថា​​អយុត្តិធម៌និង​ជាការអនុវត្តស្តង់​ដារ​ពីរ​

ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក ស៊ុន សុខេន | ១៣ កុម្ភៈ ២០២០ | ម៉ោង ១:៥៤ ព្រឹក
https://vodkhmer.news

បុរសម្នាក់ដើរកាត់ក្រសួងការបរទេសកម្ពុជា។ (ហួត វុទ្ធី)

បុរសម្នាក់ដើរកាត់ក្រសួងការបរទេសកម្ពុជា។ (ហួត វុទ្ធី)


ក្រសួងការបរទេសកម្ពុជា​ហៅ​សេចក្តីសម្រេច​របស់សហភាពអឺរ៉ុប​ដែល​ដកហូតផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ» ជាបណ្តោះអាសន្ន​ថា​ជា​រឿង​ដ៏​អយុត្តិធម៌ និងបង្ហាញពីការ​​អនុវត្ត៍ស្តង់​ដារ​ពីរ​។

សហភាពអឺរ៉ុបនៅថ្ងៃទី​១២ ខែកុម្ភៈ បាន​សម្រេចដកហូត​ផ្នែក​ខ្លះនៃប្រព័​ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខទំនិញ​លើក លែង​សព្វាវុធ» ឬហៅកាត់​ថាEBAជាបណ្តោះអាសន្នដោយលើកហេតុផលថា​កម្ពុជាបាន​រំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធដែល​ផ្ទុយទៅនឹង​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ស្របពេល​ដែល​កម្ពុជា​កំពុងបាត់បង់​ផ្នែក​ខ្លះ​នៃប្រព័ន្ធអនុគ្រោះពន្ធ គណៈកម្មការអឺរ៉ុបនៅថ្ងៃជាមួយគ្នាបាន​ស្វាគមន៍ការសម្រេចរបស់សភាខ្លួន​ក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម និងសាទរចំពោះ​ការប្រឹងប្រែងរបស់​វៀតណាម​ក្នុងការធ្វើ​ឲ្យប្រសើរឡើង​នូវសិទ្ធការងារ​​។ គណៈកម្មការអឺរ៉ុបថា​កិច្ចព្រម​ព្រៀងនឹងត្រូវ​ចូលជាធរមាន​នៅឆ្នាំ២០២០នេះ បន្ទាប់ពី​សភាវៀតណាមផ្តល់សច្ចាប័ន។

ភ្លាម​ៗបន្ទាប់​ពីការប្រកាសព្យួរផ្នែក​ខ្លះនៃEBA ក្រសួងការបរទេសកម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​ មួយដោយ ចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថា​ជា​រឿងដ៏អយុត្តិធម៌ដែលផ្តើម​ចេញពីការភាន់ច្រលំ និងការយល់ ខុសពីតថភាព​ជាក់​ស្តែងនៅកម្ពុជា។ ក្រសួងការបរទេសកម្ពុជាក៏បាន​ហៅសេចក្តីសម្រេចរបស់​សហភាព​អឺរ៉ុប នេះថាធ្វើឡើងក្រោមហេតុផល​នយោបាយ​ និងជាការអនុវត្តស្តង់​ដារពីរផងដែរ។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជាចេញផ្សាយនាយប់ថ្ងៃទី​១២ ខែកុម្ភៈ សរសេរថា៖«​សេចក្តីសម្រេច នេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយ នឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់វឌ្ឍនភាពជាក់ស្តែងដែលរាជរដ្ឋា ភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុប ក៏ ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែល ពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។

ទោះយ៉ាងណាក៏ដោយក្នុងសេចក្តីថ្លែងការណ៍ដដែល​ កម្ពុជាបញ្ជាក់​ជំហថា​នឹងនៅតែប្តេជ្ញាពង្រឹង​ទំនាក់​ទំនង ជាមួយសហភាពអឺរ៉ុបដោយឈរ​លើ​ស្មារតីគោរពនិងការទទួល​ផលប្រយោជន៍គ្នា​ទៅវិញ​ទៅមក និងបន្ត​អនុវត្តន៍ តាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។

តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុកកិច្ចការ​បរទេស​របស់ EU លោក Josep Borrel បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញនៅថ្ងៃពុធ​ថា៖ «សហភាព​អឺរ៉ុប នឹង​មិន​ឈរ​មើល​នោះ​ឡើយ នៅ​ពេល​ដែល​ប្រជាធិបតេយ្យ ត្រូវ​បាន​ផាត់​ចោល ការ​គោរព​សិទ្ធិ​មនុស្ស ត្រូវ​បាន​រឹត​ត្បិត ហើយ​សេរីភាព​នៃ​ការ​ជជែក​ពិភាក្សា ត្រូវ​បាន​បំបាត់»។

តាមសេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈកម្មការអឺរ៉ុបដដែល ការដកហូតផ្នែកខ្លះនៃEBAនេះ នឹងប៉ះពាល់​ដល់​ការនាំចេញរបស់កម្ពុជាទៅកាន់សហភាព​អឺរ៉ុបជារៀងរាល់​ឆ្នាំ​ក្នុងទំហំទឹកប្រាក់​ប្រហែល​១១០០លានដុល្លា។ ប្រភពដដែល​ឲ្យដឹងថា​សេចក្តីសម្រេចនេះនឹងប៉ះពាល់ដល់ផលិតផលស្បែក​ជើង​ និង​សម្លៀកបំពាក់​ខ្លះ ខណៈ ផលិត​ផល​សម្រាប់​ធ្វើដំណើរ ក៏ដូចជាស្ករ​សត្រូវបាន​ដកហូតទាំងអស់​។ ប្រសិនបើ​មិន​មាន​ការជំទាស់ពីសភា និងក្រុមប្រឹក្សា​អឺរ៉ុបនោះទេ សេចក្តីសម្រេច​ពីការដកហូតផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន​នេះនឹងចូលជាធរមាន​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០។

របាយការណ៍របស់ធនាគារពិភពលោក​ចេញកាលពីឆ្នាំ២០១៩ ព្យាករណ៍ថា​បន្ទាប់ពីការដកផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជាអាចនឹងតម្រូវឱ្យបង់ពន្ធប្រហែល១២ភាគរយលើផលិត​ផល​សម្លៀកបំពាក់ និង ១៦ភាគរយលើស្បែកជើងសម្រាប់ការនាំចេញទៅអឺរ៉ុប។

អតីតប្រធានគណបក្សប្រឆាំងដែល​កំពុងរស់នៅនិរទេសខ្លួន​នៅបរទេសលោក សម រង្ស៊ី បាន​ថ្លែងប្រាប់​វីអូឌីតាម​អ៊ីមែល​ថា​លោកគាំទ្រទាំងស្រុងទៅនឹង​លក្ខខណ្ឌរបស់​សហភាព​អឺរ៉ុបដែល​រដ្ឋាភិបាល​កម្ពុជាត្រូវតែគោរព​ដើម្បី​ចៀសវាងពីការដកហូតផលប្រយោជន៍ពាណិជ្ជកម្ម។

មេដឹកនាំអតីតបក្សប្រឆាំងរូបនេះបន្តថា​៖ «យើង (អតីតគណបក្សសង្រ្គោះជាតិ) បានបំពេញ​តួនាទីរបស់​យើង ដើម្បីប្រជាជនកម្ពុជា​ដោយឈរយ៉ាងរឹងមាំជាមួយសហភាព​អឺរ៉ុបក្នុងការការពារសិទ្ធិមនុស្ស​ សិទ្ធិការងារ និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការ​ស្តារប្រជាធិបតេយ្យឡើងវិញ»។

លោក សម រង្ស៊ី បន្ថែមថាការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុបនៅថ្ងៃទី១២កុម្ភៈ នឹង​ប៉ះពាល់​ដល់​ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់​កម្មករ​ និងអាជីវកម្ម​ជាច្រើនទៀតដែល​ទទួលប្រាក់ចំណូលពីកម្មកររោងចក្រ។

​របាយការណ៍​របស់​សហភាព​អឺរ៉ុប បង្ហាញ​ថា​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨​ មាន​ទំហំ​ប្រមាណ ​៥,៨៨ពាន់​លាន​ដុល្លារដែល​ក្នុងនោះធ្វើឡើងក្រោមប្រព័ន្ធអនុគ្រោះពន្ធមានរហូតដល់​ជិត៩៦ភាគរយឬក្នុងទំហំ​៥,៦៦ពាន់លានដុល្លារ។ របាយការណ៍របស់​សហភាព​អឺរ៉ុបដដែល​ឱ្យដឹងថាទំនិញ​ដែល​កម្ពុជានាំចេញ​ទៅទីផ្សារអឺរ៉ុប​រួមមាន​សម្លៀកបំពាក់ ​៧៤,២ភាគរយ ស្បែកជើង១២,៦ភាគរយ កង់​៥,៧ភាគរយ និងអង្ករ៣ភាគរយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "កម្ពុជា​ហៅការសម្រេចរបស់ ​EU ជុំវិញបញ្ហា EBA ថា​​អយុត្តិធម៌និង​ជាការអនុវត្តស្តង់​ដារ​ពីរ​"

  1. Anonymous says:

    this government listen to china and veitname so don’t worry ‘ theses two communist will get you justice ‘ and help you ‘

  2. Anonymous says:

    OH..YES not reflected the true situation in KAMPOUCHEA that what all those animal said. for me I say not seeing coffin not crying that it. soon GSP will follow suit that time it be more tear . after that if not change the whole democracy nation will come to the last stage. GOD bless KAMPOUCHEA