អ្នក​ជំនាញ​នៃ​ អ.ស.ប ​និង​តំណាង​កម្ពុជា បន្ត​​ឆ្លើយ​ឆ្លងពី​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន

កម្ពុជា-សិទ្ធិមនុស្ស
18/04/2020 – 07:49
ដោយ៖ អ៊ឹម រចនា
RFI

សាល​ប្រជុំ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក
សាល​ប្រជុំ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក © REUTERS/Lucas Jackson

អ្នករាយការណ៍​ពិសេស​ស្ដី​ពី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក​ស្រី រ៉ូណា ស្មីត នៅ​ថ្ងៃ​ទី​១៧​មេសា​ម្សិលមិញ បាន​ព្រមាន​ថា ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​របស់​កម្ពុជា អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សិទ្ធិ​មនុស្ស​។ ការព្រមាន​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ដែលច្បាប់​នេះ​ត្រូវ​បាន​​អនុម័ត​ដោយ​ព្រឹទ្ធសភា​កម្ពុជា ដោយ​សំឡេង​គាំទ្រ​៥៤​លើ​៥៤​។ ពី​ខាង​កម្ពុជា​ឯ​ណេះ​វិញ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ស្រី រ៉ូណា ស្មីត និង​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន ហើយ​មាន​លក្ខណៈ​រើស​មុខ​និង​លម្អៀង​។

អាយ៉ៃ​ឆ្លើយ​ឆ្លង​អំពី ​ច្បាប់​គ្រប់​គ្រង​ប្រទេសជាតិ​​ក្នុង​ភាព​អាសន្ន ​នៅ​តែ​បន្ត​រវាង ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ និង​តំណាង​កម្ពុជា បើ​ទោះ​បី​ជា​ច្បាប់​នេះ​បាន​ទទួល​ការ​អនុម័ត​យល់​ព្រម​យ៉ាង​រលូន​ពី​ព្រឹទ្ធសភា​កម្ពុជា​ហើយ​ក៏​ដោយ​។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៧​មេសា លោក​ស្រី រ៉ូណា ស្មីត បាន​សង្កត់​ធ្ងន់​ថា ច្បាប់​ថ្មី​របស់​កម្ពុជា​នេះ រំលោភ​សិទ្ធិ​ឯកជន រឹត​ត្បិត​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ដាក់​ជា​បទ​ព្រហ្មទណ្ឌ​ចំពោះ​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី​។ គួរ​ជម្រាប​ថា នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន បុគ្គល​ឬ​នីតិបុគ្គល់​ដែល​រារាំង​ឬ​បង្ក​ការ​រំខាន​ដល់​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល អាច​រង​ការ​ផាក​ពិន័យ​ជា​ប្រាក់ និង​ការ​ដាក់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ​។

លោក​ស្រី រ៉ូណា ស្មីត យល់​ថា ការ​ដាក់​ទោសទណ្ឌ​និង​ផាក​ពិន័យ គួរ​តែ​ស្រប​ទៅ​នឹង​ស្ថាន​ទម្ងន់​ទោស​ដែល​បាន​ប្រព្រឹត្ត ដោយ​ពិចារណា​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​បុគ្គល​ម្នាក់​ៗ​។ ហើយ​បញ្ហា​នេះ ពាក់ព័ន្ធ​ជា​ពិសេស​ដល់​អ្នក​គ្មាន​ការងារ​ធ្វើ និង​មិនអាច​រក​ប្រាក់​ចំណូល​បាន​ដោយ​សារ​តែ​វិធានការ​បន្ទាន់​នេះ។

បើ​តាម​អ្នក​រាយការណ៍​ពិសេស​ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រូប​នេះ ការ​ឆ្លើយ​តប​ចំពោះ​​ស្ថានភាព​អាសន្ន ត្រូវ​ចាំ​បាច់​ដាក់​បញ្ហា​សិទ្ធិ​មនុស្ស​​ជា​ចំណុច​ស្នូល។ និង​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ស្ថានភាព​អាសន្ន មិន​គួរ​ត្រូវ​បាន​យក​ធ្វើ​ជា​លេស​ឬ​ជា​ការ​ដោះ​សារ ចំពោះ​ការ​បង្ក្រាប​ក្រុម​អ្នក​មាន​មតិ​ប្រឆាំង ឬ​ចំពោះ​ផល​ប៉ះពាល់​មិន​សមមាត្រ​និង​អវិជ្ជមាន​ដល់​ក្រុម​ណាមួយ​ផ្សេង​ទៀត​ឡើយ​។

ពី​ខាង​កម្ពុជា​ឯ​ណេះ​វិញ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ស្រី រ៉ូណា ស្មីត និង​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន មិន​យុត្តិធម៌ ហើយ​មាន​លក្ខណៈ​រើស​មុខ​និង​លម្អៀង​។

ជា​ថ្មី​ម្ដង​ទៀត តំណាង​កម្ពុជា​ពន្យល់​ថា ច្បាប់​ត្រូវ​ចែង​អំពី​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ការ​មិន​អនុវត្ត​តាម ដើម្បី​ធានា​ឲ្យ​មាន​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ការ​សម្រេច​និង​កម្រិត​នៃ​ការ​ដាក់​ពិន័យ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដោយ​ពិចារណា​ទៅ​លើ​ស្ថាន​ទំងន់​ទោស មិន​មែន​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច​ទេ​។ មួយ​វិញ​ទៀត បើ​តាម​ស្ថាន​តំណាង​កម្ពុជា ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ក្នុង​ស្ថានភាព​អាសន្ន​របស់​កម្ពុជា បើ​ធៀប​ទៅ​នឹង​ច្បាប់​នៃ​បណ្ដា​ប្រទេស​ផ្សេង​ទៀត គឺ​មាន​ភាព​ធូរ​ស្រាល​ជាង​ពាក់ព័ន្ធនឹង​សិទ្ធិ​អំណាច​និង​ទោស​ទណ្ឌ​។

តំណាង​កម្ពុជា​បាន​ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស ចៀស​វាង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជា​លក្ខណៈ​សាធារណៈ​ណាមួយ ដែលមាន​លក្ខណៈ​វិនិច្ឆ័យ និង​ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សកម្មភាព​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់កម្ពុជា៕

What Next?

Recent Articles