ដោយ ម៉ៅ សុធានី
2020-04-19
RFA

ក្រុមពលរដ្ឋរស់នៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង តវ៉ានៅសាលាឃុំក្បាលរមាស កាលពីខែមេសា ឆ្នាំ២០២០។

Photo Adhoc
ពលរដ្ឋដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខេត្តស្ទឹងត្រែង កំពុងស្វែងរកកិច្ចអន្តរាគមន៍ ផ្នែកច្បាប់ទាក់ទិនករណី អ្នកមានអំណាចម្នាក់ ដែលជាសមាជិកក្រុមប្រឹក្សាស្រុកសេសាន ឈ្មោះ សា សុគ្រី បានបញ្ជាឱ្យកម្លាំងកម្មករបាញ់គោពួកគាត់ ងាប់អស់ ៧ក្បាល ដើម្បីវះយកសាច់លក់។ អ្នកភូមិថា អាជ្ញាធរពាក់ព័ន្ធមិនបានយកចិត្តទុកដាក់ ដោះស្រាយក្តីកង្វល់របស់ពួកគេនោះទេ។
ពលរដ្ឋ ៤ គ្រួសារ ក្នុងចំណោមពលរដ្ឋជាង ៣០០គ្រួសារ រស់នៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ដែលទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានធ្វើដំណើរដល់ ការិយាល័យសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង កាលពីសប្ដាហ៍មុន ដើម្បីពឹងឱ្យមន្ត្រីសង្គមស៊ីវិល អន្តរាគមន៍ទាក់ទិនករណី អ្នកមានអំណាចម្នាក់ បាញ់គោអ្នកភូមិក្នុងព្រៃ ងាប់អស់ជិត ១០ក្បាល ដើម្បីវះយកសាច់លក់ និងធ្វើជាអាហារ។
ពលរដ្ឋ លោក លន់ ឡៅ ឱ្យដឹងថា គ្រួសាររបស់លោកបាត់គោ ៣ក្បាល សង្ស័យថា កម្មកររបស់លោក សា សុគ្រី បាញ់សម្លាប់ក្នុងព្រៃ រួចវះយកសាច់លក់។ លោកថា ក្រុមពលរដ្ឋ បានប្តឹងឱ្យអាជ្ញាធរមូលដ្ឋាន និងនគរបាល ជួយដោះស្រាយរឿងនេះហើយ ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់នោះទេ។ លោកថា អ្នកភូមិបានរកឃើញ ភស្តុតាងជាក់ស្ដែង បង្ហាញថា កម្មកររបស់ លោក សា សគ្រី បាញ់គោរបស់អ្នកភូមិ ក៏ប៉ុន្តែសមត្ថកិច្ចនៅតែរារែក មិនហ៊ានអនុវត្តច្បាប់ ព្រោះខ្លាចអ្នកមានអំណាចនៅពីក្រោយខ្នង៖ «ថ្នាក់ស្រុកបើឮកូនចៅ គេស្រែកថា បាញ់គោ មេថា មេគេផ្កាយ ៣។ ខ្ញុំមិនដឹងថា លោកមួយណាទេ? ប៉ុន្តែឮកូនចៅគេស្រែអ៊ីចឹង។ ខ្ញុំថា ផ្កាយ ៣ ផ្កាយ ៤តើ ពលរដ្ឋអត់មានផ្កាយទេ។ ខ្ញុំរាស្ត្រសាមញ្ញចិញ្ចឹមគោ ដូរអង្ករហូបទេ»។
តំណាងពលរដ្ឋ លោក ពិម ឈូក ឱ្យដឹងនៅថ្ងៃទី១៨ មេសាថា ក្រុមកម្មកររបស់លោក សា សុគ្រី បានយកកាំភ្លើងបាញ់គោរបស់ពលរដ្ឋងាប់អស់ ៧ក្បាល ហើយអ្នកភូមិបានប្រទះឃើញគោ ១ក្បាល ដែលគេវះយកសាច់ នៅសល់តែគ្រឿងក្នុង។ លោកថា ដីព្រៃរាប់រយហិកតារ នៅចំណុច អូរស្ទឹងជ្រៅ ត្រូវបានអ្នកមានអំណាច ច្បាមយកជាកម្មសិទ្ធិបែបអនាធិបតេយ្យ ធ្វើឱ្យអ្នកភូមិបាត់បង់កន្លែងឃ្វាលគោក្របីបែប ប្រពៃណី។ លោកបញ្ជាក់ថា តំបន់នោះ អាជ្ញាធរខេត្តស្ទឹងត្រែងធ្លាប់សន្យាថា នឹងរក្សាទុក ជាដីបម្រុងទុកសម្រាប់ផ្តល់ជូនពលរដ្ឋជាង ៣០០គ្រួសារ ដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយដែលបានផ្លាស់ទីលំនៅមករស់នៅទីតាំងថ្មី ក៏ប៉ុន្តែមកទល់ពេលនេះ ដីនៅតំបន់នោះ ត្រូវបានអ្នកមានអំណាចឈូសឆាយទន្ទ្រាន យកជាកម្មសិទ្ធអស់ស្ទើរទាំងស្រុង៖ «គាត់ថា (អាជ្ញាធរខេត្ត) មិនឱ្យអត់ទេ ដីសម្រាប់បម្រុងទុក សម្រាប់ក្មេងៗជំនាន់ក្រោយ ដល់ពេលឥឡូវនេះ ច្បាមយករាប់ពាន់ហិកតារ។ ច្បាមយករាប់ពាន់ហិកតារហើយ ពលរដ្ឋមានអីសង្ឃឹមទៀត អស់ហើយ។ អ៊ីចឹងក្មេងៗជំនាន់ក្រោយ អត់មានអីទាំងអស់។ ច្បាមយកអស់ហើយ មានអីនោះសល់ផង បើអាត្រាក់គេវ៉ៃទៀតហើយ»។
សមាជិកក្រុមប្រឹក្សាស្រុកសេសាន លោក សា សុគ្រី បដិសេធមិនបំភ្លឺរឿងនេះទេ ដោយលោកបានចុចផ្ដាច់ទូរស័ព្ទ និងឈប់ទទួលទូរស័ព្ទនៅថ្ងៃទី១៨ មេសា។
ចំណែក មេភូមិស្រែស្រណុក លោក ប៉ៃ ពិន អះអាងថា ពលរដ្ឋភាគច្រើន តែងតែលែងគោក្របី ពាសវាលពាសកាលពេញព្រៃ ជាច្រើនខែមកហើយ អ្នកខ្លះទៅឃ្វាលម្ដងម្កាល ហើយអ្នកខ្លះទៀត មិនដែលទៅឃ្វាលសោះ។ លោកថា គោបាត់ទាំង ៧ក្បាលនោះ មិនដឹងថា បាត់ថ្ងៃណាឱ្យប្រាកដនោះទេ។ ចំណែក ពលរដ្ឋរកឃើញ ភស្តុតាងតែមួយក្បាលគត់៖ «គោលែងចោលតាំងពីប្រាំង តាំងពីវស្សាមករហូត។ អ្នកខ្លះមួយអាទិត្យទៅមើលម្ដង អ្នកខ្លះមិនទៅមើលផង។ អ៊ីចឹងបានថា បាត់ទៅ រឿងប្ដឹងវាពិបាកណាស់ បានឃើញតែមួយជាក់ស្ដែងវាវះ។ អា !ប៉ុន្មានមិនដឹងបាត់ទៅណា? មិនដឹងបាត់ថ្ងៃទីប៉ុន្មាន? ដល់ដាក់ពាក្យបណ្តឹងបូកសរុប»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច មិនបានបំពេញកាតព្វកិច្ច បម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងឃុំ/សង្កាត់នៅឡើយទេ។ លោកថា បុគ្គលមានអំណាចប្រព្រឹត្តកំហុស អាជ្ញាធរហាក់រារែកមិនហ៊ានអនុវត្តច្បាប់ បើទោះបីពលរដ្ឋរកឃើញ ភស្តុតាងជាច្រើនក្តី៖ «ពេលដែលដឹងថា ជនម្នាក់ហ្នឹងជាអ្នកប្រព្រឹត្តល្មើសហើយ បែរជាមិនបានចាត់ការជនហ្នឹង ទៅតាមនីតិវិធីច្បាប់ទេ។ គេអាចលួចគោរបស់គាត់លក់ ឬបាញ់តាមចិត្ត ដែលមិនមានការការពារពីអាជ្ញាធរភូមិ/ឃុំ។ អាហ្នឹងហើយដែលគាត់ព្រួយបារម្ភ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ក្រុមពលរដ្ឋហាក់អស់ជំនឿចិត្តលើអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ និងមានពលរដ្ឋខ្លះចោទអាជ្ញាធរ រួមទាំងសមត្ថកិច្ចថា ជាបក្ខពួករបស់ជនប្រព្រឹត្តល្មើសទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសហជីពចាត់ទុកវិធានការដាក់កម្មករឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ គឺជាទណ្ឌកម្ម
- ពលរដ្ឋមួយចំនួន ធ្វើបុណ្យឧទ្ទិសកុសលដល់បណ្ឌិត កែម ឡី ក្នុងឱកាសបុណ្យចូលឆ្នាំ
- ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ច្រានចោលការចោទប្រកាន់របស់ពលករលើទូកនេសាទ
- ព្រះមហាក្សត្រយាងទៅប្រទេសចិនខណៈលោក ហ៊ុន សែន កំពុងស្វះស្វែងស្នើព្រះអង្គដាក់ប្រទេសក្នុងគ្រាអាសន្ន
- ប៉ូលិសដោះលែងអ្នកផ្សាយលក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ តាមអនឡាញ ៦នាក់ ក្រោយពីបានអប់រំ និងឲ្យធ្វើកិច្ចសន្យា
- នគរបាលបញ្ជូនសំណុំរឿងគ្រឿងញៀន ២០គ.ក ដែលអណ្ដែតមកទើរនៅមាត់សមុទ្រខេត្តកោះកុងទៅតុលាការ
- កម្មករ ៤នាក់ដែលរងបណ្ដឹងពីរដ្ឋបាលរោងចក្រ ស្យុងយិន ស្នើសុំពន្យារពេលចូលខ្លួនបំភ្លឺនគរបាល និងតុលាការខេត្តកណ្ដាល ដោយសារខ្វះមេធាវី
- កម្មកររោងចក្រកាត់ដេរនៅខេត្តកំពង់ស្ពឺ ជិត ៨០០នាក់ ប្ដឹងតុលាការសុំរក្សាទុកម៉ាស៊ីនដេរក្នុងរោងចក្រ ខណៈម្ចាស់អគារលួចដឹកឥវ៉ាន់ចេញ មុនពេលដោះស្រាយជាមួយកម្មករ
- កម្មកររោងចក្រ Canteran Apparel នៅភ្នំពេញ បន្តការតវ៉ាទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលគ្រប់ចំនួន
- ជប៉ុនផ្ដល់ជំនួយ និងកម្ចីជាង ៣០០លានដុល្លារអាមេរិកដល់កម្ពុជា