កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព |១៩ មេសា ២០២០ | ម៉ោង ២:៥៨ ល្ងាច
VOD

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាលនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)
អ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើងថាក្រុមការងារកាន់លេខ១១៥ មិនអាចសម្រួបសម្រួលបញ្ជូនរថយន្តពេទ្យទៅយកស្ត្រីកម្មករសំណង់ម្នាក់នៅសង្កាត់បឹងកេងកង១កាលពីយប់ម្សិលមិញ ដោយសារអ្នកជំងឺរូបនោះមិនបានចូលក្នុងនិយមន័យជំងឺកូវីដ១៩។
កាលពីវេលាម៉ោងប្រហែល៧យប់ម្សិលមិញ សារព័ត៌មានមួយចំនួនបានធ្វើការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកថាស្វាមីស្ត្រីដែលជាកម្មករសំណង់ម្នាក់នៅសង្កាត់បឹងកេងកង១ បានទាក់ទងទៅលេខ១១៥របស់ក្រសួងសុខាភិបាល និងលេខរថយន្តពេទ្យសង្គ្រោះបន្ទាន់ ១១៩ ជាច្រើនដង ប៉ុន្តែមិនឃើញក្រុមគ្រូពេទ្យ និងរថយន្តពេទ្យទាំងនោះ មកដឹកភរិយារបស់ខ្លួនទៅព្យាបាលនោះទេ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីយប់ម្សិលមិញ ស្វាមីរបស់ស្ត្រីកម្មករសំណង់ម្នាក់ពិតជាបានទាក់ទងមកលេខទូរសព្ទ១១៥របស់ក្រសួងមែន ដោយប្រាប់ថាភរិយាគាត់មានអាការៈក្តីខ្លួនខ្លាំង ហើយស្នើសុំរថយន្តដឹកភរិយាគាត់ទៅមន្ទីរពេទ្យពិនិត្យសុខភាព។ លោកថាក្រុមការងារដែលកាន់លេខ១១៥មិនអាចសម្របសម្រួលបញ្ជូនរថយន្តទៅដឹកស្រ្តីរួបនោះបានទេ ព្រោះក្រោយពីសាកសួរស្វាមីរបស់គាត់បង្ហាញថាស្ត្រីរូបនោះមិនចាត់ចូលក្នុងនិយមន័យកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «យើងបានសម្ភាសន៍គាត់ហើយ គាត់មិនបានចូលក្នុងនិយមន័យកូវីដ១៩ទេ។ អញ្ចឹងហើយបានឱ្យគាត់ទៅព្យាបាលធម្មតា តាមធម្មតាទៅ ម៉ូតូមានដឹកទៅ បើសិនបញ្ចុះកម្តៅទៅអាចដឹកទៅព្យាបាលពេទ្យណាក៏បានដែរ»។
អ្នកនាំពាក្យរូបនោះពន្យល់ថា លេខក្រសួង១១៥ មានតួនាទី ទទួល ពិគ្រោះ និងប្រឹក្សាយោបល់ ចំពោះអ្នកដែលសង្ស័យថាមានជំងឺកូវីដ១៩តែប៉ុណ្ណោះ។ លោកបន្ថែមថា បើអ្នកជំងឺចាត់ចូលក្នុងនិយមន័យកូវីដ១៩ ទើបក្រុមការងារមានសិទ្ធិសម្របសម្រួលបញ្ជូនមន្ត្រីជំនាញយករថយន្តដឹកអ្នកជំងឺនោះទៅមន្ទីរពេទ្យបាន។ ដោយឡែក រថយន្តសង្គ្រោះបន្ទាន់លេខ ១១៩ មានសិទ្ធិចុះទៅសង្គ្រោះបាន លុះត្រាតែអ្នកជំងឺ ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ បាក់ដៃ បាក់ជើង និងសន្លប់ជាដើម។
លោក វន ស៊ីថា អះអាងថាភរិយាគាត់ឈ្មោះ ញឹម ស្រស់ ដែលជាកម្មករសំណង់នៅម្តុំផ្លូវ៣៥២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានអាការៈក្តៅខ្លួនខ្លាំង ហើយនៅវេលាម៉ោង៧យប់គាត់បានទាក់ទងទៅលេខ១១៥របស់ក្រសួងសុខាភិបាល និងរថយន្តសង្គ្រោះបន្ទាន់លេខ១១៩ មិនតិចជាង១០ដងនោះទេ ប៉ុន្តែបុគ្គលិកពេទ្យទាំងពីរនោះឱ្យរកម៉ូតូ ឬរ៉ឺម៉ក់កង់បីដឹកទៅទៅមន្ទីរពេទ្យដោយខ្លួនឯងទៅវិញ។
ភ្លាមៗនោះ លោកបញ្ជាក់ថា មន្ត្រីខណ្ឌបឹងកេងកង បានយករថយន្តដឹកអ្នកជំងឺទៅមន្ទីរពេទ្យកាល់ម៉ែត្រដែរ ប៉ុន្តែពេទ្យនៅទីនោះមិនទទួល ដោយឱ្យដឹកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ។ ប៉ុន្តែមានគ្រូពេទ្យឯកជនម្នាក់នៅម្តុំផ្សារសំណង់១២ បានឱ្យយកទៅព្យាបាលនៅកន្លែងគាត់ដោយមិនគិតថ្លៃ ទើបគាត់ប្តូរឱ្យអ្នករត់កង់បីដឹកទៅទីនោះវិញ។
ក្រោយពីពិនិត្យ និងស្ទង់កម្តៅប្រហែលជាម៉ោងជាង១១យប់ម្សិលមិញ លោកថា គ្រូពេទ្យបានដាក់សឺរ៉ូម និងឱ្យថ្នាំភរិយាលោកបានធូរស្រាល កម្តៅនៅត្រឹម៣៧អង្សារ និងរលាកបំពង់ក និងខ្វះឈាម ហើយនាព្រឹកថ្ងៃទី១៩ ខែមេសានេះ គាត់បានចេញពីពេទ្យឯកជននោះត្រឡប់មកកន្លែងសំណង់វិញហើយ។
ទោះជាយ៉ាងណា ស្វាមីស្រ្តីកម្មករសំណង់រូបនោះ បង្ហាញការខកចិត្តនៅពេលពេទ្យមួយចំនួន មិនយកចិត្តទុកដាក់ដល់អ្នកជំងឺ។ លោកអំពាវនាវទៅពេទ្យទាំងអស់យកចិត្តទុកដាក់លើអ្នកជំងឺនៅពេលសាច់ញាតិ ឬអ្នកជំងឺទាក់ទងឱ្យជួយសង្គ្រោះបន្ទាន់ ត្រូវមកភ្លាមៗ ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវិតអ្នកជំងឺផងដែរ។
លោកអំពាវនាវថា៖ «សូមឱ្យខាងពេទ្យនៅពេលមានគេតេទៅ មានធុរៈយប់ព្រលប់អ្វីជួយគ្នាផង បើអត់មកជួយគ្នាអញ្ចឹងមានតែគ្រោះថ្នាក់មនុស្សអត់ទៅដល់ពេទ្យមានតែគ្រោះថ្នាក់ដល់ជីវិត»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ខណៈជំងឺកូវីដ១៩កំពុងរាលដាលនាពេលបច្ចប្បន្ននេះ ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យផ្សេងទៀត គួរតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលមានជំងឺ ដើម្បីកុំឱ្យរងការរិះគន់ពីប្រព័ន្ធសុខាភិបាលនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «សប្បុរសជនក៏បានចូលរួមចំណែកថវិកាច្រើនដែរជាមួយការបង្ការកូវីដ១៩ តាមខ្ញុំដឹងថវិកាប្រហែលជា១៣លានដុល្លារឯណោះ។ នៅពេលដែលមានការសង្ស័យថា មានមេរោគនេះ ត្រូវតែមានការជ្រោមជ្រែងពីក្រុមគ្រូពេទ្យ នៅពេលការឆ្លើយតបនៅតែមានមន្ទិលពីប្រជាពលរដ្ឋ ជៀសមិនរួចទេទៅលើការយល់ពីប្រសិទ្ធិភាព [របស់ក្រសួងសុខាភិបាល]»។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិកាណាដា ស្នាក់នៅបន្ទប់មួយ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថាឆ្លងជំងឺកូវីដ១៩។ ក្រោយមកនៅថ្ងៃ១៧ ខែមេសា ក្រសួងបានយកសំណាកមនុស្សជាង ៤០នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិកាណាដា ទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅក្នុងខណ្ឌបឹងកេងកង ដោយលទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។