ដោយ មួង ណារ៉េត
2020-04-20
RFA

យុវជន លេខ សៀងលី (រូបអាវខៀវ) ដែលត្រូវនគរបាលខេត្តកំពង់ធំចាប់ខ្លួន បញ្ជូនទៅតុលាការកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្រោយពីបង្ហោះមតិផ្ទាល់ខ្លួនទាក់ទងនឹងជំងឺកូវីដ-១៩។

រូប៖ ពីវីឌីអូរបស់ស្នងការនគរបាលខេត្តកំពង់ធំ
សមត្ថកិច្ចបានសម្រេចបញ្ជូនមនុស្ស១៩នាក់ទៅតុលាការ ពាក់ព័ន្ធនឹងបទចោទបង្ហោះព័ត៌មានក្លែងក្លាយតាមប្រព័ន្ធអ៊ីនធើណិតក្នុងពេលការរាតត្បាត នៃជំងឺកូវីដ-១៩។ ដោយឡែក មនុស្សចំនួន ២២នាក់ ត្រូវបានដោះលែងក្រោយធ្វើកិច្ចសន្យា។ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា ជនសង្ស័យដែលមានអតីតភាពជាមួយគណបក្សសង្គ្រោះជាតិច្រើនតែត្រូវបញ្ជូនសំណុំរឿងតុលាការ។
ការបង្ហោះព័ត៌មានដែលអាជ្ញាធរចោទថា ក្លែងក្លាយតាមប្រព័ន្ធអ៊ីនធើណិតក្នុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានសមត្ថកិច្ចចែកចេញពីរផ្នែក គឺកម្រិតស្រាល និងកម្រិតធ្ងន់ដែលមានចរិតញុះញង់ និងមានការបង្គាប់បញ្ជា។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឲ្យដឹងថា ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចចាប់ពីពេលរាតត្បាតនៃជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៣ ខែមេសា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ១៩នាក់បញ្ជូនទៅតុលាការក្រោយរកឃើញថា អ្នកទាំងនោះញុះញង់ធ្វើឲ្យមានបទល្មើសព្រហ្មទណ្ឌ និងមានចេតនាប្រឆាំងវិធានការរបស់រដ្ឋាភិបាលក្នុងទប់ស្កាត់ជំងឺកូវីដ-១៩។ ដោយឡែកលោកថា មនុស្ស ២២នាក់ផ្សេងទៀតសមត្ថកិច្ចរកឃើញថា ពួកគេគ្រាន់បង្ហោះព័ត៌មានតាមគេឯង និងឮគេនិយាយធ្វើតាមគេ ហើយក្រោយធ្វើការសាកសួរសមត្ថកិច្ចធ្វើកំណត់ហេតុ និងធ្វើកិច្ចសន្យារួចអនុញ្ញាតឲ្យទៅផ្ទះវិញ៖ «អ៊ីចឹងប្រតិបត្តិការយើង យើងចែកចេញជាពីរ។ ទីមួយ ប្រតិបត្តិការសុំដីកាពីតុលាការសុំទាំងអស់ មិនមែនយើងមិនសុំ។ យើងសុំដីកាទាំងអស់មិនមែនយើងមិនសុំទេ គ្រាន់តែទី១ មានអ្នកចាប់បញ្ជូនទៅតុលាការ។ ទី២ គឺមានអ្នកអប់រំធ្វើកំណត់ហេតុអប់រំឲ្យត្រឡប់ទៅវិញ»។
ទាក់ទងករណីនេះ អង្គការសង្គមស៊ីវិលសង្កេតឃើញថា ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នោះ មានមួយចំនួនធំ គឺជាអ្នកគាំទ្រ ឬជាសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវរបបលោក ហ៊ុន សែន រំលាយចោល។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា យល់ថា ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ពលរដ្ឋមានការព្រួយបារម្ភខ្លាំង ដូច្នេះនៅពេលពួកគេឃើញព័ត៌មានទាក់ទងបញ្ហានេះ ពួកគេបង្ហោះចែករំលែកបន្តតាមបណ្ដាញសង្គមដោយមិនបានពិចារណាវែងឆ្ងាយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឲ្យអាជ្ញាធរអប់រំពលរដ្ឋ និងត្រឹមធ្វើកិច្ចសន្យា មិនគួរឈានដល់ចាត់វិធានការផ្លូវច្បាប់នោះទេ៖
«អប់រំធ្វើកិច្ចសន្យា គឺជារឿងល្អបំផុតហើយ ហើយឲ្យគាត់បញ្ឈប់អំពើបែបហ្នឹងទៅ ព្រោះបើយើងពិនិត្យមើលនៅក្នុងប្រទេសកម្ពុជាយើង បណ្ដាញសង្គម គឺពលរដ្ឋនៅតាមទីជនបទ ឬអ្នកមិនធ្លាប់លេងគាត់មិនលេងគាត់មិនសូវយល់ពីរបៀបការស៊ែរ (Share) ឡៃខ៍ (Like) ឬការសរសេរហ្នឹងខុសត្រូវផ្លូវច្បាប់យ៉ាងម៉េចទេ»។
លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការអនុវត្តវិធានការលើការបង្ហោះព័ត៌មានក្លែងក្លាយនេះ ប្រសិនបើពលរដ្ឋធម្មតាគ្មានអតីតជាសកម្មជនគណបក្សសង្គ្រោះជាតិទេ គឺសមត្ថកិច្ចច្រើនតែដោះលែងអ្នកទាំងនោះវិញ។ ប៉ុន្តែលោកថា បើជនសង្ស័យនោះជាអតីតសកម្មជន ឬមន្ត្រីគណបក្សសង្គ្រោះជាតិ គឺនឹងត្រូវសមត្ថកិច្ចបញ្ជូនសំណុំទៅឃុំខ្លួននៅពន្ធនាគារ និងបន្តនីតិវិធីទៅតុលាការ៖ «ករណីហ្នឹងប្រហាក់ប្រហែលគ្នាទេ។ អ្នកខ្លះគាត់អប់រំធ្វើកិច្ចសន្យាទៅក៏មានការដោះលែងអ៊ីចឹងទៅ ប៉ុន្តែអ្នកខ្លះទៀតអត់ទេ មានការចោទប្រកាន់ហើយបញ្ជូនទៅឃុំខ្លួនទៅតុលាការអ៊ីចឹងទៅ។ អ៊ីចឹងយើងឃើញថា ក្នុងច្បាប់នៃការគ្រប់គ្រងក្នុងរដ្ឋតែមួយ បែរជាមានការអនុវត្តច្បាប់ផ្សេងៗ ពីគ្នាអត់បានត្រឹមត្រូវអ៊ីចឹងទៅ»។
ទាក់ទងករណីនេះដែរ មេធាវីការពារក្តីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ លោក ឡោ ជុនធី ឲ្យដឹងថា កូនក្តីពួកគេចំនួន ៧នាក់ ដែលត្រូវតុលាការចោទប្រកាន់ពីបទបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺកូវីដ-១៩ មិនត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំតាមការស្នើសុំនោះទេ។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានរិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចលើករណីនេះ ថា ជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងមានចេតនាធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រួសារបាត់កូនក្នុងការបង្ក្រាបដោយហិង្សានៅផ្លូវ វ៉េង ស្រេង ទទូចឲ្យរដ្ឋាភិបាលផ្ដល់យុត្តិធម៌
- អង្គការ Human Rights Watch ស្នើឱ្យអាជ្ញាធរកម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ
- លោក ហ៊ុន សែន ព្រមានចាប់ខ្លួននាយករងអង្គការលីកាដូ ថាបាននិយាយការពារអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ពីជំងឺកូវីដ១៩
- Human Rights Watch ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ និងឃុំខ្លួនអ្នកបញ្ចេញមតិរឿងជំងឺកូវីដ-១៩
- សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស អំពាវនាវដល់មេដឹកនាំអាស៊ីអាគ្នេយ៍ទាំងអស់ថា ត្រូវគោរពគោលការណ៍សិទ្ធិមនុស្សជាចម្បង ក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ-១៩
- អង្គការអន្តរជាតិថា អាជ្ញាធរប្រើច្បាប់អង្គការ សមាគម ដើម្បីបំបិទសិទ្ធិសហគមន៍មូលដ្ឋាន
- សហគមន៍ដីធ្លីជាង ៦០០នាក់ នៅខេត្តកោះកុងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ស្នើឱ្យអាជ្ញាធរពន្លឿនដោះស្រាយវិបត្តិដីធ្លី
- លោក រ៉ុង ឈុន ទាមទារឲ្យសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់ក្រុមគ្រូបង្រៀន ១១នាក់
- អង្គការលីកាដូ ទាមទារឲ្យស៊ើបអង្កេត និងរកយន្តការដោះស្រាយ ក្រោយពីទារិកាអាយុ ៥ខែម្នាក់ស្លាប់ ពេលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ “ម២”
- អាជ្ញាធរវៀតណាម ប្រគេនលិខិតឆ្លងដែនទៅព្រះតេជព្រះគុណ សឺន ទី វិញហើយ