ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ៣០ មេសា ២០២០ | ម៉ោង ៤:៣៨ ល្ងាច
VOD

កម្មកររោងចក្រ ហ៊ូលូ (HULU Garment Co. Ltd.) នៅភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាតវ៉ាមុខរោងចក្រ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ទាមទារក្រុមហ៊ុនឱ្យផ្ដល់ប្រាក់បំណាច់ឆ្នាំ។ (កម្មករ)
កម្មករមួយចំនួនបម្រើការងាររោងចក្រ ហ៊ូលូ (HULU Garment Factory) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលឱ្យជួយដោះស្រាយវិវាទ ក្រោយថៅកែរោងចក្រនេះបញ្ឈប់ពួកគេពីការងារ។
កាលពីថ្ងៃទី២៣ ខែមេសា កម្មករជាង ២០០នាក់ បម្រើការងារនៅរោងចក្រ ហ៊ូលូ បានផ្ទុះការតវ៉ា ក្រោយថៅកែបញ្ឈប់ពីការងារដោយមិនបានដោះស្រាយសំណងតាមច្បាប់ជូនពួកគេ។ ហើយនៅថ្ងៃទី២៨ ខែមេសា កម្មករទាំងនោះបានដាក់លិខិតមួយទៅក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ។
កម្មករផ្នែកឃ្លាំង លោក នូន ផានិច្ច ប្រាប់វីអូឌីថា ដំបូងឡើយ ថៅកែរោងចក្របានព្យួរការងារកម្មករមួយខែចាប់តាំងពីខែមីនា ហើយត្រូវត្រឡប់ចូលធ្វើការងារវិញនៅថ្ងៃទី១ ខែឧសភា ប៉ុន្តែជិតដល់ថ្ងៃកំណត់បញ្ចប់ការព្យួរកិច្ចសន្យាការងារ គឺខាងរដ្ឋបាលរោងចក្របានទូរសព្ទហៅកម្មករម្ដងម្នាក់ទៅជួប និងបានក្លែងបន្លំលិខិត ហើយបង្ខំផ្តិតមេដៃលាឈប់ពីការងារដោយមិនបានដោះស្រាយសំណងជូនកម្មករត្រឹមត្រូវតាមច្បាប់នោះទេ។
លោកបន្ថែមថា៖ «ខាងរោងចក្រហៅមកផ្តិតមេដៃ ហើយក្នុងក្រដាសហ្នឹងគេដាក់ថា ពួកខ្ញុំបានលាឈប់ពីការងារ ប៉ុន្តែ ពួកខ្ញុំអត់បានដឹងរឿងអីផង។ ស្មានតែហៅមកមានដំណោះស្រាយអ្វីផ្សេង មិនដឹងថា គេក្លែងបន្លំឯកសារផង។ អ្នកផ្តិតមុនមិនបាន គេមិនថា ខ្ញុំគឺផ្តិតមេដៃអត់បានពិនិត្យខ្លឹមសារក្នុងក្រដាសដែលគេសរសេរហ្នឹងទេ។ ដឹងត្រឹមថា ផ្តិតទៅ គេបើកលុយៗ»។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ដែលជួយសម្របសម្រួល និងយកលិខិតទៅដាក់នៅក្រសួងផ្ទាល់ មានប្រសាសន៍ថា ថៅកែរោងចក្របានបន្លំ និងមានចេតនាមិនល្អនៃការលាឈប់របស់កម្មករ។
ប្រធានសហព័ន្ធរូបនេះ ឱ្យដឹងថា ក្នុងសំណើដាក់ទៅក្រសួងការងារនោះ គឺក្រុមកម្មករសុំបដិសេធលិខិតលាឈប់របស់ពួកគាត់ ស្នើឱ្យរោងចក្របញ្ជាក់ឱ្យបានច្បាស់ថា រោងចក្របន្តដំណើរការ ឬឈប់ដំណើរការ និងចំណុចផ្សេងៗទៀត។
លោកបន្ថែមថា៖ «បើរោងចក្របន្តការងារតទៅទៀត អីចឹងសុំឱ្យរោងចក្របញ្ជាក់ឱ្យបានច្បាស់ថា ត្រូវព្យួរការងារកម្មករទៀត ឬយ៉ាងម៉េច ឬក៏ឱ្យពួកគាត់ចូលធ្វើការងារវិញនៅថ្ងៃទី១ ខែ៥នេះ។ ផ្ទុយទៅវិញ បើរោងចក្រអត់បន្តការងារទៀតទេ មានន័យថា រោងចក្រហ្នឹងបិទ។ អីចឹង អ្វីដែលរោងចក្របានធ្វើកន្លងមកហ្នឹង អត់ត្រឹមត្រូវតាមផ្លូវច្បាប់ទេ។ ទោះកម្មករធ្វើបាន១០ឆ្នាំ ១៥ឆ្នាំ ឬតិចជាងហ្នឹង ត្រូវជូនដំណឹងមុនបាន ១៥ថ្ងៃដែរ។ ហើយផ្ទុយទៅវិញ រោងចក្រមានចេតនាបន្លំកម្មករនៃការលាឈប់ហ្នឹង។ អីចឹង បើរោងចក្របិទ ត្រូវទូទាត់អត្ថប្រយោជន៍ជូនពួកគាត់ ៣ចំណុចទៀត»។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត បន្ថែមថា កម្មករទាមទារអត្ថប្រយោជន៍៣ចំណុចបន្ថែមទៀត ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត។
វីអូឌីមិនអាចសុំការឆ្លើយតបពីភាគីរោងចក្របានទេ ពាក់ព័ន្ធវិវាទការងារមួយនេះ។
ក្នុងលិខិតមួយចុះថ្ងៃទី២៩ ខែមេសា ក្រសួងការងារ បានកោះហៅតំណាងកម្មកររោងកច្រនេះ ឱ្យទៅទីស្តីការក្រសួងនៅថ្ងៃទី៤ ខែឧសភាខាងមុខនេះ ដើម្បីផ្តល់ព័ត៌មានទាក់ទងនឹងការទាមទារលក្ខខណ្ឌចំនួន ២ចំណុចជាមួយក្រុមហ៊ុន។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ធ្លាប់បញ្ជាក់ថា កម្មករអាចប្ដឹងទៅក្រសួងការងារ ករណីថៅកែណាទូទាត់សំណងជូនកម្មករមិនគ្រប់ចំនួន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់បញ្ជាក់ថា តាមផ្លូវច្បាប់ នៅពេលដែលរោងចក្រប្រកាសបិទទ្វារ ឬបញ្ឈប់ការងារកម្មករដោយមិនបានជូនដំណឹងមុននោះ គឺថៅកែត្រូវទូទាត់សំណងជូនកម្មករចំនួន ៥ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។
បើតាមពាក្យបណ្តឹងដាក់ទៅក្រសួងការងារកាលពីថ្ងៃទី២៨ ខែមេសា គឺមានកម្មករចំនួន ២២៤នាក់ បានទាមទារឱ្យក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់ ប្រសិនបើរោងចក្របិទទ្វារ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។