កម្ពុជា សង្គម
30/04/2020 – 09:03
ដោយ៖ ញឹម សុផល
RFI

ក្រុមសហជីព ដែលការពារសិទ្ធិកម្មករមួយចំនួននៅក្នុងប្រទេសកម្ពុជា បានត្រៀមប្រារព្ធអបអរទិវាពលកម្មអន្តរជាតិ១ឧសភា នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយមានកម្មវិធីតាមលំដាប់លំដោយត្រឹមត្រូវ។ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានលើកឡើងផងដែរ ដោយរដ្ឋាភិបាល តាមរូបភាពអនុញ្ញាតឲ្យកម្មករ និយោជិត បានឈប់សម្រាកនៅតាមផ្ទះរៀងៗខ្លួន។ ការប្រារព្ធពិធីបែបអនឡាញ និងស្ងៀមស្ងាត់នេះ ត្រូវបានធ្វើឡើងអំឡុងពេលមានការប្រយ័ត្នប្រយែងនៃការឆ្លងវីរុសកូវីដ១៩។
តាមការគ្រោងទុក សហភាពការងារកម្ពុជារបស់លោក អាត់ ធន់ ដែលគ្របដណ្តល់សហជីពកម្មករចំនួន៨វិស័យ ត្រូវបើកកម្មវិធីប្រារព្ធខួបលើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិចំថ្ងៃទី១ឧសភា ដោយមានសន្និសីទកាសែតនៅពេលព្រឹកផ្សាយតាមប្រព័ន្ធអនឡាញ ហ្វេសប៊ុកពីទីស្នាក់ការកណ្តាលរបស់សហភាពសហជីពមួយនេះ។ ការធ្វើបែបនេះ គឺជាផ្នែកមួយក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩។ នេះបើតាមសហភាពការងារកម្ពុជា។
ក្រៅពីនេះ នៅពេលរសៀល តំណាងសហភាព សហជីព សមាគម ទាំង៨វិស័យការងារ នឹងដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ឲ្យកាន់តែប្រសើរថែមទៀត ពីរដ្ឋាភិបាលលើលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។
ដោយឡែករដ្ឋាភិបាលកម្ពុជាវិញ នៅក្នុងឱកាសខួប១៣៤ឆ្នាំនៃទិវាពលកម្មអន្តរជាតិឆ្នាំនេះ កម្ពុជា បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ«សន្តិភាព និងការងារសមរម្យ»។ ក្រោមហេតុផលភាគីពាក់ព័ន្ធទាំងអស់កំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែមេសានេះ បានចេញសារលិខិតមួយ ដោយណែនាំឲ្យក្រសួងការងារ អង្គការវិជ្ជាជីវៈ នាយកគ្រឹះស្ថាន សហគ្រាសនានាត្រូវរៀបចំរំលឹកពិធីនេះ តាមរូបភាពនៃការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារ ឬទៅតាមកន្លែងស្នាក់នៅ។
នៅក្នុងលិខិតអបអរទិវាពលកម្មអន្តរជាតិនេះដែរ លោក ហ៊ុន សែន ក៏បានរំលេចនូវសមិទ្ធិផលជាវិជ្ជមាននានា ដែលរដ្ឋាភិបាលសម្រេចបានក្នុងវិស័យការងារ ដោយក្នុងនោះរដ្ឋាភិបាលបានធានាបាននូវអត្រាមានការងារធ្វើ៩៩,៧% នៃកំលាំងពលកម្មសរុប១០លាននាក់។ ក្នុងចំណោមអ្នកមានការងារធ្វើទាំនោះ នៅក្នុងប្រទេសមាន ៣,៦៩លាននាក់ គឺការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ វិស័យកសិកម្ម៤លាននាក់ មន្ត្រីសាធារណៈចំនួន៥០ម៉ឺនានាក់ និងពលករដែលចំណាកស្រុកទៅធ្វើការក្រៅប្រទេសចំនួន១,២៨លាននាក់៕