កូរ៉ូណាវីរុស | តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន | ៣០ មេសា ២០២០ | ម៉ោង ២:៣៥ ល្ងាច
VOD

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ និងពលរដ្ឋដែលធ្វើការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្វើដំណើរក្នុងទិសដៅផ្សេងគ្នា ស្របពេលដែលកងកម្លាំងប្រដាប់អាវុធនៅយាមការពារនៅតំបន់នោះ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន
រដ្ឋាភិបាលបានប្រកាសសុពលភាពច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ទោះមានការរិះគន់ថា ច្បាប់នេះ បង្កគ្រោះថ្នាក់ដល់សិទ្ធិមនុស្សនៅកម្ពុជាក៏ដោយ។
ច្បាប់នេះ ត្រូវបានប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែមេសាម្សិលមិញនេះ ប្រកាសឱ្យប្រើក្នុងស្ថានភាពប្រញាប់។
ច្បាប់ដែលរងការរិះគន់នេះ ស្ថាប័នកំពូលរបស់ជាតិមានរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញផង ប្រើពេលតែ ១៩ថ្ងៃប៉ុណ្ណោះ ក្រោយពីរដ្ឋសភាយល់ព្រមទាំងស្រុងកាលពីថ្ងៃទី១០ ខែមេសា។
ច្បាប់នេះមាន ៥ជំពូក និង ១២មាត្រា។ មាត្រា ៥ នៃច្បាប់នេះ រដ្ឋាភិបាលអាចកម្រិតសិទ្ធិ ការធ្វើដំណើរ ការជួបជុំ សកម្មភាពការងារ មុខរបរ ដកហូតការគ្រប់គ្រង ការចាត់ចែងទ្រព្យសម្បត្តិ និងគ្រប់គ្រងមធ្យោបាយព័ត៌មានជាដើម។
ទោសប្បញ្ញត្តិវិញ អ្នកប្រឆាំងនឹងវិធានការនេះ អាចជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ១០ឆ្នាំ តាមស្ថានទម្ងន់ទោស ពិន័យជាប្រាក់ចន្លោះពី ១លាន ដល់ ១០០លានរៀល ករណីរកឃើញថា បានបង្កឱ្យមានចលាចលសង្គម និងសន្តិសុខជាតិ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន កាលពីថ្ងៃទី២០ ខែមេសា បានអះអាងថា ច្បាប់នេះបង្រួមអំណាចរដ្ឋ តែពង្រឹងនីតិរដ្ឋនៅកម្ពុជា។
ប៉ុន្តែ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ចាត់ទុកច្បាប់នេះថា ជាឧបសគ្គបង្កគ្រោះថា្នក់ដល់សិទ្ធិមនុស្ស។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែមេសា លោកស្រីលើកឡើងថា៖ «ច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ននេះ រំលោភសិទ្ធឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងធ្វើឱ្យការជួបប្រជុំដោយសន្តិវិធីក្លាយជាបទល្មើសព្រហ្មទណ្ឌ»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។