ដោយ ជីវិតា
2020-05-11
RFA

ក្រុមយុវជនខ្មែរថាវរៈ ដែលធ្វើកូដកម្មបង្អត់អាហារ និងធ្វើធម្មយាត្រាក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី៩ ឧសភា។

រូប៖ សកម្មជនក្រុមយុវជនខ្មែរថាវរៈ
ក្រុមយុវជនខ្មែរថាវរៈប្តេជ្ញាថា ពួកគេនឹងបន្តយុទ្ធនាការទាមទារការពន្យារពេលសងបំណុលសម្រាប់ពលរដ្ឋតទៅទៀត ទោះជាជួបឧបសគ្គអ្វីក៏ដោយ។ អាជ្ញាធរបានហាមឃាត់ក្រុមយុវជនខ្មែរថាវរៈ និងព្រះសង្ឃ មិនឱ្យធ្វើកូដកម្មបង្អត់អាហារ និងធម្មយាត្រានៅក្នុងក្រុងបាត់ដំបងនោះទេ ដោយលើកហេតុផលថា ពួកគេមិនបានសុំច្បាប់អនុញ្ញាត។
តំណាងក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ប្រាប់អាស៊ីសេរីថា ការរារាំងរបស់អាជ្ញាធរខេត្តបាត់ដំបង មិនមែនជាឧបសគ្គ ធ្វើឱ្យពួកលោកបញ្ឈប់យុទ្ធនាការនេះនោះទេ។ លោកបញ្ជាក់ថា ពួកលោកនឹងប្រជុំគ្នា ដើម្បីរកវិធីសាស្ត្រតស៊ូមតិបន្តទៀត ដើម្បីជំរុញឱ្យរដ្ឋាភិបាល ធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុ អនុវត្តវិធានការពន្យារពេលសងបំណុលរបស់ពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់៖«ក្នុងនាមយើងជាពលរដ្ឋ យើងមានសិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ សិទ្ធិសេរីភាពក្នុងការប្រើប្រាស់បណ្ដាញសង្គម សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ អ៊ីចឹងយើងប្រើប្រាស់សិទ្ធិរបស់យើងទាំងអស់ហ្នឹងគ្រប់រូបភាព។ យើងអត់ប្រាកដថា ប្រើប្រាស់សិទ្ធិបែបណាទេ តែដល់ថ្ងៃយើងនឹងធ្វើតែម្តង»។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលធ្លាប់ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ដាក់ពន្ធនាគាររូបនេះ រៀបរាប់បន្តថា លោកសោកស្ដាយដែលអាជ្ញាធររារាំងពួកលោកមិនឱ្យធ្វើកូដកម្មបង្អត់អាហារ និងធ្វើធម្មយាត្រាក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី៩ ឧសភា។
អាជ្ញាធរខេត្តបាត់ដំបងបានចេញមករារាំងក្រុមយុវជនខ្មែរថាវរៈ ចំនួន ៩នាក់ និងព្រះសង្ឃ ៥អង្គ មិនឱ្យធ្វើសកម្មភាពដូចការគ្រោងទុកនោះឡើយ រហូតក្រុមយុវជន និងព្រះសង្ឃត្រូវបង្ខំចិត្តទៅអង្គុយសមាធិ និងបង្អត់អាហារនៅក្រោមដើមឈើ នៅឯជាយក្រុងបាត់ដំបងវិញ។ នៅពេលក្រុមយុវជន និងព្រះសង្ឃបញ្ចប់យុទ្ធនាការនេះនៅពេលល្ងាច រួចនិមន្ត និងដើរទៅកន្លែងសម្រាកវិញ ស្រាប់តែលេចមុខមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិលដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល បានឃាត់ខ្លួនយុវជន ៦នាក់ រុញបញ្ចូលឡាន ដឹកយកទៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។ ក្រោយសាកសួរជាង ២ម៉ោង ទើបប៉ូលិសក្រុងបាត់ដំបង ដោះលែងយុវជនទាំងនោះមកវិញ។
ទោះជាយ៉ាងណា លោក ហ៊ុន វណ្ណៈ ឱ្យដឹងថា អំឡុងពេលសាកសួរនោះ មន្ត្រីប៉ូលិសបានប្រើភាសាទ្រគោះបោះបោក និងខ្វះសុជីវធម៌ដូចជា ពាក្យថា អាមឹង ហ្អែងហងជាដើមដាក់ពួកលោក ហើយបានព្យាយាមបង្ខំឱ្យពួកលោកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព តែពួកលោកមិនព្រម ព្រោះយល់ថា មិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ លោករិះគន់ទង្វើរបស់ក្រុមអាជ្ញាធរនេះថា ជាការប្រើអំណាចដោយបំពាន រំលោភលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ៖«ព្យាយាមគំរាមយើងសព្វបែបយ៉ាង ហើយមិនមែនគំរាមតែខ្ញុំទេ គឺគំរាមទាំងអស់គ្នា។ គំរាមជាពិសេសហ្នឹង គឺស្រីៗ ដូចបង ច្រាយ នីម គាត់ឡើងប៉ះពាល់ផ្លូវចិត្តគាត់ រហូតដល់គាត់យំសោក ពេលដែលគាត់ចេញពីខណ្ឌ។ អាហ្នឹងហើយ ជារូបភាពមួយដែលថា អាជ្ញាធរដូចប្រើប្រាស់សិទ្ធិខ្លួនឯង ដើម្បីរំលោភមកលើ(សិទ្ធិ)ប្រជាពលរដ្ឋត្រង់ៗ តែម្តង»។
ឆ្លើយតបរឿងនេះ ស្នងការនគរបាលខេត្តបាត់ដំបង លោក អ៊ុច សុខុន មានប្រសាសន៍ថា សមត្ថកិច្ចហៅក្រុមយុវជនមកសាកសួរ ពីព្រោះពួកគេមិនបានសុំច្បាប់ពីអាជ្ញាធរមុននឹងធ្វើសកម្មភាព។ លោកថា បើទោះជាក្រុមយុវជនបានដាក់លិខិតក៏ដោយ ក៏ត្រូវរង់ចាំការឆ្លើយតបពីអាជ្ញាធរដែរ មិនមែនដាក់ភ្លាម រួចធ្វើភ្លាមនោះទេ៖«យើងហែរទង់ មានលោកសង្ឃមានអ្វីពេញហ្នឹងទាំងអស់ ការងារអស់ហ្នឹងសួរថា តើស្របច្បាប់ ឬអត់? ហើយរឿងការឃាត់ខ្លួននេះ គ្មានអ្នកណាគេឃាត់ទេ។ គេហៅមកសាកសួរ គេប្រាប់ទៅថា កុំឱ្យធ្វើអ៊ីចឹងតទៅទៀត មានស្អីឱ្យអនុវត្តតាមច្បាប់ទៅ នគរគេមានច្បាប់។ ហើយបើលោកដាក់មករបៀបថា សួរគេឃាត់ខ្លួន ឃាត់អ្វី ឱ្យខ្ញុំបកស្រាយយ៉ាងម៉េច? គ្មានអាណាគេឃាត់ បើគេឱ្យទៅទាំងយប់ ទាំងថ្ងៃ។ ខុសច្បាប់ ខុសស្អី ម៉េចហ្នឹង? មកពីអាអ្នកធ្វើទេ អ្នកខុសនោះ មិនមែនថា ខ្ញុំអ្នកខុសទេ»។
លោក អ៊ុច សុខុន បញ្ជាក់ថា ប្រសិនបើក្រុមយុវជនចង់ធ្វើសកម្មភាពបែបនេះទៀតនៅថ្ងៃមុខ ពួកគេត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរ។ ទាក់ទងនឹងការប្រើពាក្យសម្ដីខ្វះសុជីវធម៌ នៅអំឡុងពេលសាកសួរនោះវិញ ស្នងការខេត្តបាត់ដំបងរូបនេះ អះអាងថា មន្ត្រីរបស់លោកមានក្រមសីលធម៌ មិនប្រើភាសាបែបនោះទេ៖«ពួកអាខូចតែម្តង អាហ្នឹង។ មនុស្សគេ គេមានក្រមសីលធម៌របស់គេ អាហ្នឹងនិយាយឱ្យខ្លីអ៊ីចឹងតែម្ដង។ សម្ដីហ្នឹង សុទ្ធតែសម្ដីពួកអាញុះញង់ហើយ មិនមែនសម្ដីល្អទេ។ អនុវត្តទៅតាមច្បាប់ គេមិនដែលប្រើភាសាអ៊ីចឹងទេ»។
ផ្ទុយពីការអះអាងនេះ កញ្ញា សូ មេត្តា ជាយុវជនម្នាក់ក្នុងចំណោម ៦នាក់ដែលត្រូវបានឃាត់ខ្លួននោះ អះអាងថា មន្ត្រីនគរបាលក្រុងបាត់ដំបងពិតជាបានប្រើសម្តីអាមឹង និងប្រមាថលើក្រុមយុវជនមែន ជាពិសេសលើលោក ហ៊ុន វណ្ណៈ និងសកម្មជនសង្គមអ្នកស្រី ច្រាយ នីម។ កញ្ញាថា នេះជាទង្វើអសីលធម៌ប្រព្រឹត្តដោយសមត្ថកិច្ច ដែលមិនអាចទទួលយកបានឡើយ ហើយកញ្ញាចង់ឱ្យអាជ្ញាធរសុំទោសជាសាធារណៈ៖ «គេប្រមាថបង វណ្ណៈ។ គេថា អាមួយហ្នឹងហើយពូកែឡាយ (Live) វីដេអូ ពូកែនិយាយ ចាប់វាទៅ ហើយនៅក្នុងឡាន គាត់និយាយថា អញបានប្រាប់ហ្អែងហើយ តាំងពីព្រឹកមកថា ឱ្យហ្អែងឈប់ ម៉េចក៏ហ្អែងមិនស្ដាប់អញ អ្ហែងនៅបន្តធ្វើអ្វីទៀត។ ចុងក្រោយ គេចង់ឱ្យយើងធ្វើកិច្ចសន្យា ដល់ពេលពួកខ្ញុំអត់ព្រមធ្វើ គាត់មកស្រែកសម្លុតពួកយើងតែម្ដងថា គ្រាន់តែធ្វើកិច្ចសន្យាឱ្យព្រមព្រៀងកុំធ្វើអ៊ីចឹងទៀត ម៉េចក៏មិនព្រមធ្វើ? ស្រែករបៀបអសុរសមកតែម្ដង»។
ក្រុមយុវជនខ្មែរថាវរៈធ្វើកូដកម្មបង្អត់អាហារនេះ គឺដើម្បីជាសារបង្ហាញទៅភាគីពាក់ព័ន្ធថា នៅពេលឆាប់ៗ នេះ នឹងមានពលរដ្ឋខ្មែរជាច្រើនធ្លាក់ខ្លួនក្នុងភាពក្រីក្រ ខ្វះអាហារហូបចុក នៅពេលពួកគាត់គ្មានប្រាក់ចំណូល ហើយត្រូវគេបង្ខំឱ្យសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រុមយុវជនខ្មែរថាវរៈធ្វើយុទ្ធនាការនេះឡើង ដោយសារតែពួកគេមើលឃើញថា ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើន នៅតែបន្តទារបំណុលពីអតិថិជន ទោះជាពួកគាត់កំពុងបាត់បង់មុខរបរ ឬធ្លាក់ចុះប្រាក់ចំណូលយ៉ាងណាក្តី ដែលទង្វើនេះ គឺផ្ទុយពីសារាចរណែនាំរបស់ធនាគារជាតិ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត យល់ថា វិធានការរបស់សមត្ថកិច្ចលើក្រុមយុវជន គឺជាការរំលោភសិទ្ធិមនុស្ស។ លោកថា ច្បាប់ជាតិ និងអន្តរជាតិធានានូវសិទ្ធិជួបប្រជុំ និងការប្រមូលផ្ដុំរបស់ពលរដ្ឋ ហើយសកម្មភាពរបស់ក្រុមយុវជននោះទៀតសោត ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈនោះដែរ៖ «ការជួបជុំនេះ វាមានទ្រង់ទ្រាយជាលក្ខណៈតូច ដែលមិនបង្កឱ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សាធារណៈ ដល់អ្វីផ្សេងៗ ទៀត ហើយការធ្វើកូដកម្មបង្អត់អាហារ ក៏ធ្វើដោយខ្លួនគាត់ទេ មិនប៉ះពាល់ទៅលើបញ្ហាអ្វីផ្សេងៗទៀតទេ។ អ៊ីចឹង ខ្ញុំគិតថា អាហ្នឹងវាជារឿងមួយ បើយើងមើលទៅលើច្បាប់អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក៏ដូចរដ្ឋធម្មនុញ្ញនោះ ក៏បានធានាអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋផងដែរ»។
អង្គការសិទ្ធិមនុស្សលីកាដូចាត់ទុកសកម្មភាពរបស់ក្រុមយុវជនខ្មែរថាវរៈថា ជាការទាមទាររកដំណោះស្រាយ ដែលឆ្លើយតបទៅនឹងកើតឡើងគ្រប់ទីកន្លែងនៃការជំពាក់បំណុលច្រើនលើសលុបនៅកម្ពុជា។ អង្គការនេះរកឃើញថា ពលរដ្ឋខ្មែរជាង ២លាន ៥សែននាក់ មានជាប់បំណុលមីក្រូហិរញ្ញវត្ថុ ច្រើនជាង ១០ពាន់លានដុល្លារអាមេរិក។ អង្គការលីកាដូ និងសង្គមស៊ីវិលជាច្រើនផ្សេងទៀត នៅតែទទូចដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរដ្ឋាភិបាល ជួយផ្អាកការសងបំណុលសម្រាប់រយៈពេលយ៉ាងតិច ៣ខែ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ ដើម្បីធានានូវភាពគ្មានហានិភ័យផ្នែកសុខភាព និងការមិនបាត់បង់លំនៅឋានរបស់ពលរដ្ឋ ព្រមទាំងបញ្ចៀសកម្ចីមានហានិភ័យ ដែលអាចនាំឱ្យមានករណីធ្វើការងារដោះបំណុល ការជួញដូរមនុស្ស និងការរំលោភសិទ្ធិមនុស្សដទៃទៀត៕
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តបាត់ដំបងបានដោះលែងសកម្មជន ៦នាក់ឲ្យមានសេរីភាពវិញ
- សាច់ញាតិប្ដឹងទៅតុលាការរកយុត្តិធម៌ករណីបុរសម្នាក់ស្លាប់ពេលជាប់ឃុំ នៅពន្ធនាគារខេត្តបាត់ដំបង
- យុវជន កែម ឡី និយម គង់ រ៉ៃយ៉ា ស្នើសុំឲ្យតុលាការក្រុងភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់
- “អ្នកកាសែតនៅកម្ពុជាត្រូវបង្ខំចិត្តបិទមាត់ខ្លួនឯង ឬរឹតត្បិតសេរីភាពខ្លួនឯងមិនហ៊ាននិយាយការពិត”
- អ្នកសារព័ត៌មាន និងសង្គមស៊ីវិលថា អ្នកសារព័ត៌មានជាស្ដ្រីនៅតែជួបបញ្ហាប្រឈម ដែលធ្វើចំនួនស្ត្រីនៅតែតិចតួច
- Human Rights Watch ស្នើអាជ្ញាធរកម្ពុជាទម្លាក់បទចោទលើមន្ត្រីបក្សប្រឆាំង និងអ្នករិះគន់រឿងកូវីដ-១៩
- សមត្ថកិច្ចបញ្ជូនមនុស្ស ១៩នាក់ទៅតុលាការ និងដោះលែង ២២នាក់ ជាប់ចោទបទបង្ហោះព័ត៌មានក្លែងក្លាយតាមអ៊ីនធើណិត
- គ្រួសារបាត់កូនក្នុងការបង្ក្រាបដោយហិង្សានៅផ្លូវ វ៉េង ស្រេង ទទូចឲ្យរដ្ឋាភិបាលផ្ដល់យុត្តិធម៌
- អង្គការ Human Rights Watch ស្នើឱ្យអាជ្ញាធរកម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ
- លោក ហ៊ុន សែន ព្រមានចាប់ខ្លួននាយករងអង្គការលីកាដូ ថាបាននិយាយការពារអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ពីជំងឺកូវីដ១៩