ដោយ យន់ សាមៀន
2020-05-11
RFA
ក្រុមអាជីវករលក់ដូរ នៅផ្សារឯកជនបុរីកីឡា ក្នុងខណ្ឌ៧មករា នាំគ្នាតវ៉ាស្នើសុំអាជ្ញាធរជួយសម្របសម្រួលឱ្យម្ចាស់ផ្សារបញ្ចុះតម្លៃជួលតូប ពាក់កណ្ដាល (50%) ដោយសារពួកគេគ្មានចំណូល ព្រោះវិបត្តិជំងឺកូវីដ១៩ (Covid-19)។
ក្រុមអាជីវករជាង៧០តូប នៃផ្សារបូរីកីឡានាំគ្នាផ្ដិតមេដៃ ដាក់ញត្តិទៅសាលាខណ្ឌ៧មករា ឱ្យសុំជួយអន្តរាគមន៍ នៅព្រឹកថ្ងៃទី១១ ឧសភា ព្រោះគ្មានប្រាក់បង់ថ្លៃតូប។
អាជីវករម្នាក់សុំលាក់ឈ្មោះ ឱ្យដឹងថា ពួកគេធ្លាក់ចុះចំណូលយ៉ាងគំហុក នៅប៉ុន្មានខែចុងក្រោយនេះ ដល់ថ្នាក់គ្មានលទ្ធភាពបង់ថ្លៃតូប។ លោកស្រី ថាក្រុមអាជីវករធ្លាប់ស្នើសុំទៅប្រធានផ្សារច្រើនដងហើយ ឱ្យទម្លាក់តម្លៃជួលតូប រយៈពេល៦ខែ។ ប៉ុន្តែប្រធានផ្សារឆ្លើយថា មិនអាចបញ្ចុះថ្លៃតូបទេ ព្រោះម្ចាស់ផ្សារ ជួលដីថ្លៃដែរ។ អាជីវកររូបនេះអះអាងថា ម្ចាស់ផ្សារថា សុខចិត្តឱ្យអាជីវកររើតូប ក៏មិនអាចបញ្ចុះថ្លៃតូបបានដែរ។
កំណត់ថ្ងៃបង់ថ្លៃតូបរាល់ខែគឺនៅថ្ងៃទី១០ តែខែនេះ ក្រុមអាជីវករប្រាប់ថា ពួកគេគ្មានលទ្ធភាពបង់តូបបន្តទេ ហើយបើរើអីវ៉ាន់ចេញ ពួកគេនឹងខាតធ្ងន់ធ្ងរ ដូច្នេះទើបនាំគ្នាដាក់ញត្តិ ស្នើសុំឱ្យអាជ្ញាធរជួយ។ ពួកគេ ថា ចង់បានដំណោះស្រាយជាងចាកចេញ។
ទោះយ៉ាងណា ក្រុមអាជីវករប្រាប់ថា អភិបាលរងខណ្ឌ៧មករាម្នាក់ បានចេញមកទទួលញត្តិរបស់ក្រុមអាជីវករ និងបានសន្យាថា ជួយសម្រួលទៅម្ចាស់ផ្សារឆាប់ៗនេះ តាមលទ្ធភាពរបស់អាជ្ញាធរ ព្រោះជាផ្សារឯកជន។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅអភិបាលរងខណ្ឌ៧មករា ដែលទទួលញត្តិតាមលេខទូរស័ព្ទ ដែលក្រុមអាជីវករឱ្យតែទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ចំណែក អភិបាលខណ្ឌ លោក លឹម សុភា ក៏មិនទទួលទូរស័ព្ទ។
ផ្សារឯកជនបុរីកីឡា ស្ថិតនៅទល់មុខសាលាខណ្ឌ៧មករា ម្ដុំដីមានទំនាស់រវាងសហគមន៍បុរីកីឡា និងក្រុមហ៊ុនអភិវឌ្ឍន៍ផានអ៊ីមិច។ ផ្សារនេះ មានតូប ឬស្តង់លក់ដូរ ខ្ទង់១៥០តូប និងភាគច្រើន គឺម៉ូតូ គ្រឿងបន្លាស់ម៉ូតូ សេវាជួសជុល និងបាញ់ថ្នាំម៉ូតូ ឡាន ជាដើម។
ក្រុមអាជីវករ ឱ្យដឹងថា អ្នកដែលហ៊ានផ្ដិតមេដៃដាក់ញត្តិ ជាអាជីវករលក់ដូរបន្តិចបន្តួច មានតូបនៅខាងក្រោយៗ។ ឯអ្នកមានតូបជួលនៅផ្នែកខាងមុខផ្សារ ភាគច្រើនលក់ម៉ូតូ បើទោះជាលក់មិនដាច់ ក៏មិនហ៊ានផ្ដិតមេដៃតវ៉ាទេ ព្រោះខ្លាចគេបណ្ដេញចេញ។
អាស៊ីសេរី មិនអាចទាក់ទងម្ចាស់ផ្សារឯកជនបុរីកីឡា ដើម្បីបញ្ជាក់រឿងនេះនៅឡើយទេ នៅថ្ងៃទី១១ ឧសភា។
អគ្គលេខាធិការសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក កៅ ពឿន យល់ថា ក្នុងករណីនេះអាជ្ញាធរគួរកោះហៅគ្រប់ភាគី ទាំងម្ចាស់ផ្សារ ម្ចាស់ដី និងក្រុមអាជីវករ មកពិភាក្សាគ្នារកដំណោះស្រាយ ព្រោះអាជីវករពិតជាជួបវិបត្តិដោយសារជំងឺកូវីដ-១៩ មែន៖ «ភាគីទាំងអស់ហ្នឹង ទាំងរដ្ឋទាំងម្ចាស់ដី ទាំងម្ចាស់អ្នកជួលហ្នឹង អាចជជែកគ្នាទៅរកដំណោះស្រាយទៅ ថា តើអាចដោះស្រាយតាមផ្លូវណាបានអ៊ីចឹង។ បើសិនជាពួកគាត់កំពុងជួបប្រទះអ៊ីចឹងវាជាការពិត ហើយមិនមែនតែផ្សារទេ។ ពិភពលោក គឺជួបប្រទះការលំបាកអ៊ីចឹង ហើយគេនាំគ្នាដោះស្រាយបញ្ហាលំបាកទាំងអស់ហ្នឹង»។
ក្រុមអាជីវករ ទទូចឱ្យអាជ្ញាធរចាត់ការដោះស្រាយជួយជាបន្ទាន់ ព្រោះនៅរយៈពេលខ្លីនេះ បើពួកគេបន្តគ្មានលុយបង់ថ្លៃតូបទៀត ម្ចាស់ផ្សារ នឹងផ្ដាច់ទឹក ផ្ដាច់ភ្លើងតាមតូបហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជីវករផ្សារឃ្លាំងរំសេវស្នើសុំឱ្យម្ចាស់ផ្សារពន្យារពេលដកហូតតូប និងជួយរកទីតាំងថ្មីឱ្យបានសមរម្យ
- ក្រុមហ៊ុនថៃ បើកសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជា
- សមាគមមីក្រូហិរញ្ញវត្ថុថា មានអតិថិជនជាង ១០ម៉ឺននាក់ ស្នើសុំរៀបកម្ចីឡើងវិញឬពន្យារពេលបង់ប្រាក់
- លីកាដូ៖ ពលរដ្ឋជំពាក់លុយមីក្រូហិរញ្ញវត្ថុភាគច្រើនត្រូវបង្ខំចិត្តចំណាកស្រុកដោះបំណុល
- យុវជនមួយក្រុមគ្រោងធ្វើកូដកម្មបង្អត់អាហារទាមទារប្រសិទ្ធភាពនៃការពន្យារពេលឱ្យពលរដ្ឋសងបំណុល
- ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង និងពោធិ៍សាត់នាំគ្នាចូលព្រៃរកផ្សិតលក់យកប្រាក់ចិញ្ចឹមជីវិត ពេលជំងឺកូវិដ១៩កំពុងរាតត្បាត
- គណៈកម្មការអឺរ៉ុបសម្រេចដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅលាងលុយកខ្វក់
- ការលក់សំបុត្រដល់ភ្ញៀវទេសចរ នៅតំបន់អង្គរធ្លាក់ចុះ ៩៩,៥%
- សហជីព ស្នើសុំរដ្ឋាភិបាលឱ្យមានវិធានការច្បាស់លាស់ជួយដល់វិស័យកាត់ដេរ
- លោក ហេង សួរ៖ ម្ចាស់រោងចក្រចង់បិទរោងចក្រ ជាងព្យួរការងារកម្មករ