ដោយ ហេង រស្មី
2020-05-13
RFA

ស្លាកសញ្ញាសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី។ Photo from Facebook
មន្ទីរបរិស្ថានខេត្តរតនគិរី បានកំណត់មុខសញ្ញាអ្នកភូមិចំនួន ៩នាក់ និងបញ្ជូនឈ្មោះពួកគាត់ទាំងនោះ ទៅតុលាការរួចហើយ កាលពីថ្ងៃទី ១២ ខែឧសភា បន្ទាប់ពីពលរដ្ឋទាំងនោះ បានដឹកនាំក្រុមពលរដ្ឋជិត ១០០នាក់ ទៅដុតកម្ទេចទីស្នាក់ការមន្ត្រីឧទ្យានុរក្ស ២ខ្នង ឋិតក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ក្នុងស្រុកតាវែង ខេត្តរតនគិរី។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានចាត់ទុកទង្វើនេះ ជាមេខ្លោងញុះញង់បំផ្លាញសម្បត្តិរបស់រដ្ឋដោយខុសច្បាប់។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ព្រមានថា នឹងមិនអត់ឱនចំពោះមេខ្លោង បំផ្លាញសម្បត្តិរបស់រដ្ឋ និងប្រឆាំងនឹងការអនុវត្តច្បាប់ ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់។ ការលើកឡើងនេះ ក្រោយពីក្រុមពលរដ្ឋជិត ១០០នាក់ (៧៥) កាលពីថ្ងៃទី១០ ឧសភា បានធ្វើដំណើរតាមម៉ូតូ ៤០គ្រឿង លើកគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានុរក្សចំនួន ២ខ្នង ដែលសង់នៅជាប់ដែនឧទ្យានជាតិវរៈជ័យ ក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ឱ្យដឹងនៅថ្ងៃទី១៣ ឧសភាថា មូលហេតុ ដែលក្រុមពលរដ្ឋដុតកម្ទេចទីស្នាក់ការមន្ត្រីឧទ្យានុរក្សនេះ ដោយសារមន្ត្រីជំនាញ និងសមត្ថកិច្ច អនុវត្តច្បាប់ លើសកម្មភាពកាប់រានដីព្រៃធ្វើជាកម្មសិទ្ធិ និងបានដកហូត រណាយន្តចំនួន ២គ្រឿង រុះរើរោងចម្ការ ៤កន្លែង កាលពីពេលថ្មីៗ នេះ បណ្ដាលឱ្យក្រុមពលរដ្ឋទាំងនោះមិនសប្បាយចិត្ត។ លោកថា ទីស្នាក់ការដែលក្រុមពលរដ្ឋដុតបំផ្លាញនោះ ធ្វើពីឈើប្រក់ស័ង្កសីទើបសាងសង់រួចមួយខ្នង និងមួយខ្នងទៀត ជាទីស្នាក់ការចាស់។
លោកបន្ថែមថា ដីព្រៃជាច្រើនហិកតារ ដែលក្រុមពលរដ្ឋទាំងនោះទន្ទ្រានកាន់កាប់ដោយខុសច្បាប់ នឹងត្រូវដកហូតជាសម្បត្តិរដ្ឋទាំងអស់ និងគ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដូរ ក្នុងតំបន់ការពារធម្មជាតិបានឡើយ។
ប៉ុន្តែជនជាតិដើមភាគតិចព្រៅ រស់នៅស្រុកតាវែង ថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរីថា ក្រុមជនជាតិជាតិដើមភាគតិចភាគច្រើន ក្នុងស្រុកតាវែង ខឹងសម្បារ នឹងក្រសួងបរិស្ថាន ដែលបានកាត់ឆ្វៀលដីព្រៃសហគមន៍ និងដីព្រៃប្រើប្រាស់សមូហភាពរបស់ជនជាតិដើមភាគតិចអស់មួយផ្នែកធំ ហើយបច្ចុប្បន្ន អ្នកភូមិនៅសល់ដីព្រៃតិចតួចប៉ុណ្ណោះ សម្រាប់ធ្វើចម្ការវិលជុំ និងអាស្រ័យបែបប្រពៃណី។ ទោះយ៉ាងណា លោកមិនបញ្ជាក់លម្អិតថា ក្រសួងបរិស្ថានបានកាត់ឆ្វៀលដី ព្រៃសហគមន៍ និងដីព្រៃពលរដ្ឋប្រើប្រាស់សមូហភាព ចំនួនប៉ុន្មានហិកតារនោះទេ។ លោកថា ក្រសួងបរិស្ថានមិនបានទទួលយកក្តីកង្វល់របស់ពលរដ្ឋទៅដោះស្រាយនោះទេ ធ្វើឱ្យក្រុមពលរដ្ឋ ខឹងសម្បារ នឹងក្រសួងសាមីមួយនេះ៖ «នៅឃុំតាវែងក្រោម ប៉ុន្មានភូមិ គេកាត់ទាំងអស់។ ខ្ញុំគិតថា អត់យល់ព្រមទេ វិនិយោគអ្វីក៏ដោយ ប៉ុន្តែសហការជាមួយសហគមន៍ ផ្ដល់ព័ត៌មានឱ្យសហគមន៍ គេអត់មានថា សហគមន៍យល់ព្រមកាត់ដីត្រឹមណា ត្រឹមណាទេ? គេចុច GPS ខ្លួនគេហ្មង។ ពលរដ្ឋពិបាកបញ្ហាទី១ ការរកស៊ីអាស្រ័យ និងទី២ ធ្វើចម្ការវិលជុំ។ កំពុងក្រៅក្រហាយ»។
មន្ត្រីនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មិនគាំទ្ររាល់ការប្រើហិង្សា ដើម្បីដោះស្រាយបញ្ហានេះនោះទេ។ លោកថា សមាគមអាដហុកនឹងតាមដានរឿងនេះ ថាតើការអនុវត្តច្បាប់របស់មន្ត្រីជំនាញ ត្រឹមត្រូវតាមច្បាប់ ឬយ៉ាងណា? លោកថា ប្រសិនបើក្រុមពលរដ្ឋមិនពេញចិត្ត ចំពោះការអនុវត្តច្បាប់លើពួកគាត់ ពីសំណាក់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធត្រូវតែមានវិធានការលើ មន្ត្រីអនុវត្តច្បាប់វិញដែរ៖ «សមាគមអាដហុកយើង យើងនៅបន្តឃ្លាំមើល ដំណោះស្រាយបញ្ហាហ្នឹង។ តើការដោះស្រាយហ្នឹងវាអាច ធ្វើឱ្យមានការដោះស្រាយ យុត្តិធម៌ត្រឹមត្រូវ ឬទេ? ហើយប្រសិនបើ ពលរដ្ឋមិនពេញចិត្ត ឬទទួលរងអយុត្តិធម៌ណាមួយ គួរតែដាក់បណ្ដឹងរកនីតិវិធីតាមផ្លូវច្បាប់»។
ទោះជាយ៉ាងណា ក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋ ត្រូវបញ្ឈប់ ការឈូសឆាយ ដុត ទន្ទ្រានដីព្រៃ សង់ខ្ទម ឬរោង នៅក្នុងតំបន់ការពារធម្មជាតិ ដោយត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការទិញលក់ដីរដ្ឋខុសច្បាប់ក្នុងព្រៃអភិរក្ស ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯងរួច ប្រគល់ជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេ នឹងប្រឈមវិធានការច្បាប់។ ក្រសួងបរិស្ថានបានបដិសេធរាល់ឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់គ្រប់ប្រភេទ ដូចជាការទន្ទ្រានកាន់កាប់ ការផ្ទេរ ការទិញលក់ដី ក្នុងតំបន់ការពារធម្មជាតិ។ ប៉ុន្តែក្រុមពលរដ្ឋអះអាងថា ការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន បានតែចំពោះពលរដ្ឋក្រីក្រ គ្មានអំណាច តែចំពោះអ្នកមានអំណាច និងអាជ្ញាធរខិលខូចវិញ បានឈូសឆាយព្រៃអភិរក្ស រាប់សិបហិកតារ ធ្វើជាកម្មសិទ្ធិ កម្រឃើញក្រសួងអនុវត្តច្បាប់ណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការកំពូលនឹងប្រកាសសាលដីការឿងក្ដីអតីតយុវជនមាតាធម្មជាតពីរនាក់នៅសប្ដាហ៍ក្រោយ
- សកម្មជនព្រៃឈើអះអាងថា ព្រៃឡង់នៅតែបន្តរងការកាប់បំផ្លាញដដែល
- សកម្មជនការពារព្រៃឈើម្នាក់នៅខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីបរិស្ថានគំរាមប្ដឹងដាក់គុក
- ពលរដ្ឋនៅក្រុងប៉ោយប៉ែតចោទក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍របស់ឧកញ៉ា កុក អាន ថា ចាក់ដីលុបស្រះធ្វើឱ្យទឹកលិចផ្ទះជាច្រើនខ្នង
- ភ្លើងឆេះព្រៃនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបងងាប់សត្វស្វាអស់ជាច្រើនក្បាល
- សកម្មជនបរិស្ថានជម្នះធ្វើពិធីបង្សុកូលជូនលោក ឈុត វទ្ធី ទោះមានអាជ្ញាធររារាំង
- កូនលោកឈុត វុទ្ធី ថា នឹងបន្តប្រារព្ធខួប៨ឆ្នាំនៃការស្លាប់ឪពុកខ្លួន ទោះអាជ្ញាធររារាំង
- គ្រួសារគ្រោងធ្វើបុណ្យខួប៨ឆ្នាំនៃការបាញ់សម្លាប់ លោក ឈុត វុទ្ធី នៅតំបន់ព្រៃឡង់
- ក្រុមគ្រួសារលោក ឈុត វុទ្ធី បន្តទាមទារយុត្តិធម៌ ក្រោយឃាតកម្ម ៨ឆ្នាំ
- ក្រុមសកម្មជនបរិស្ថាន រកឃើញឈើហ៊ុបធំៗ ត្រូវគេកាប់ផ្ដួលក្នុងព្រៃឡង់