កម្ពុជា
25/07/2020 – 07:48
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្រសួងការងារបានឆ្លើយតបទៅនឹងលិខិតរបស់សហជីពសំណង់ ដែលស្នើសុំប្រាក់ឧបត្ថម្ភដល់កម្មករវិស័យសំណង់ក្នុងអំឡុងពេលបាត់បង់ការងារដោយសារតែកូវីដ១៩នេះថា រដ្ឋាភិបាលមិនអាចជួយអន្តរាគមន៍បានឡើយ គឺរដ្ឋជួយឧបត្ថម្ភដោយផ្តោតលើវិស័យទេសចរណ៍ វិស័យកាត់ដេរ និងដេរស្បែកជើង ។ តែក្រសួងការងារបានជំរុញឲ្យការដ្ឋាន ឬក្រុមហ៊ុនសំណង់ផ្តល់សំភារៈការពារបុគ្គល និងអនុវត្តវិធានអនាម័យដល់កម្មករវិស័យនេះផងដែរ។ សម្រាប់ប្រធានសហជីពសំណង់ ការឆ្លើយតបនេះគឺធ្វើឲ្យកម្មករវិស័យសំណង់នៅតែមានបញ្ហាប្រឈមដដែល។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានថ្លែងថា កម្មករវិស័យសំណង់៣០%ក្នុងចំណោម៣០ម៉ឺននាក់ ត្រូវបាត់បង់ការងារក្នុងអំឡុងជំងឺកូវីដ១៩នេះ ហើយពួកគេកំពុងមានការប្រឈមខ្ពស់ក្នុងការឆ្លងជំងឺនេះ ខណៈកម្មករសំណង់៩០%មិនបានអនុវត្តតាមវិធានសុខាភិបាលនោះឡើយ។
បើតាមប្រធានសហជីពរូបនេះ កម្មករវិស័យសំណង់គឺជាកម្លាំងស្នួលយ៉ាងសំខាន់មួយក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ខណៈវិស័យសំណង់បានកើនទុនវិនិយោគពី២ពាន់លានដុល្លារដល់៥លានដុល្លារ។ លោកយល់ថា ការឆ្លើយតបរបស់ក្រសួងការងារ ដែលមិនអាចអន្តរាគមន៍ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់កម្មករសំណង់ដូច កម្មករវិស័យកាត់ដេរ ដេរស្បែកជើង និងវិស័យទេសចរណ៍គឺ មានន័យថា កម្មករសំណង់នៅតែមានបញ្ហាប្រឈមខ្លាំងដដែល ដោយសារតែការងាររបស់ពួកគេស្ថិតក្នុងហានិភ័យខ្ពស់។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតចុះថ្ងៃ១៥កក្កដា២០២០ ក្រសួងការងារបានអះអាងថា ខ្លួនបាននិងកំពុងពង្រឹងយន្តការអធិការកិច្ចការងារ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ការចុះធ្វើអធិការកិច្ចការងារ ដោយផ្អែកលើកម្រិតហានិភ័យការងាររបស់សហគ្រាស និងគ្រឹះស្ថាននានា។ លើសពីនេះក្រសួងគូសបញ្ជាក់ថា ក្រុមហ៊ុនឬការដ្ឋានសំណង់ដែលធ្លាប់ផ្តល់កន្លែងស្នាក់នៅដល់កម្មកររបស់ខ្លួនគឺត្រូវបន្តអនុវត្តដដែល បើទោះបីជាត្រូវព្យូរការងារកម្មករសំណង់ក៏ដោយ។
ចំណុចនេះ លោក សុខ គីន អះអាងថា ក្រុមហ៊ុន ឬការដ្ឋានសំណង់ភាគច្រើនមិនបានអនុវត្តតាមឡើយ ដោយជាធម្មតានៅពេលបិទកន្លែងសាងសង់ ឬផ្អាក នោះប្រព័ន្ធអគ្គិសនីក៏ត្រូវផ្តាច់ ដូច្នេះ កម្មករសំណង់ស្ទើតែទាំងអស់ត្រូវតែបង្ខំចិត្តចាកចេញដោយខ្លួនឯង៕