ខេត្តព្រះសីហនុ | បញ្ហាវិវាទដីធ្លី
សាំ ឧត្ដម | ២៥ កក្កដា ២០២០ |ម៉ោង ២០:៣២
VOD
ប៉ូលីសខេត្តព្រះសីហនុ ចុះអន្តរាគមន៍ ព្រឹត្តិការណ៍ ពលរដ្ឋតវ៉ា ដោយដុតកង់ឡានរារាំងកំលាំងសមត្ថកិច្ច វាស់ដីរដ្ឋគម្របព្រៃឈើឆ្នាំ២០០២ ទៅឲ្យឧកញ៉ា នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩។ (រូបភាព៖ VD7NEWS)
អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់ខ្លួនពលរដ្ឋ២នាក់ដោយចោទប្រកាន់ថាពួកគេបានចូលទន្រ្ទានកាន់កាប់ដីរដ្ឋ។
សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលចេញកាលពីថ្ងៃទី២៤ ខែកក្កដា ឱ្យដឹងថាក្នុងពេលថ្មីៗនេះមានសកម្មភាពចូលទន្រ្ទានដីរដ្ឋកំពុងកើតឡើងនៅចំណុចភូមិសាស្ត្រភ្នំត្រង៉ោល ភូមិចំណោមរាម ឃុំបិទត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពដដែលឱ្យដឹងថាកាលពីម្សិលមិញ អាជ្ញាធរស្រុកព្រៃនប់ បានជួបប្រទះជាមួយពលរដ្ឋមួយក្រុមមានគ្នា៣០នាក់ធ្វើសកម្មភាពកាប់ទន្រ្ទាន ឆ្ការព្រៃ ដាំដំណាំថ្មីៗ សង់ខ្ទម ទិញ-លក់ដី និងធ្វើរបងហ៊ុំព័ទ្ធយកដីនៅទីតាំងនោះ។
ប្រភពដដែលបានបន្ថែមថាបន្ទាប់ពីបានជួបពលរដ្ឋទាំងនោះ អាជ្ញាធរនិងមន្រ្តីឧទ្យាននុរក្ស បានធ្វើការណែនាំ ប៉ុន្តែប្រជាពលរដ្ឋចំនួន៣០នាក់បានធ្វើការរារាំងតវ៉ា ទើបអាជ្ញាធរស្រុកព្រៃនប់ឃាត់ខ្លួនពលរដ្ឋ២នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះទេ។
លោកបានប្រាប់ថា៖«រឿងរ៉ាវហ្នឹងដោះស្រាយចប់ហើយ ចប់តាំងពីម្សិលមិញម្ល៉េះ។ខ្ញុំមិនអាចឆ្លើយបានទេសូមយោងតាមលិខិតចុះផ្សាយទៅ»។
អធិការរងនគរបាលស្រុកព្រៃនប់ លោក សេង ចំរើន បានប្រាប់វីអូឌីនៅព្រឹកថ្ងៃសៅរ៍នេះថាលោកមិនអាចឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៍មានបានទេព្រោះលោកមិនទាន់បានទទួលបានព័ត៌មានទាក់ទងនឹងបញ្ហានេះទេ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ឱ្យដឹងថាអ្នកស្រីមិនទាន់បានចុះទៅពិនិត្យផ្ទាល់នោះទេ ដោយសារអ្នកស្រីមានភារកិច្ចមកភ្នំពេញ។ ក៏ប៉ុន្តែអ្នកស្រីបញ្ជាក់ថាតំបន់មួយចំនួនក្នុងភូមិសាស្ត្រខាងលើប្រជាពលរដ្ឋកាន់កាប់ដីនេះតាំងពីយូរមកហើយ ដោយមិនមានការគ្រប់គ្រងពីក្រសួងបរិស្ថាននោះទេ។
លោកស្រី សុធាវី ថ្លែងថា ៖« ខ្ញុំមិនទាន់បានជួបជនរងគ្រោះទេ។ ប៉ុន្តែខ្ញុំនឹងអាចសាកសួរគាត់នៅក្នុងតុលាការបាន ព្រោះនៅតុលារអង្គការសង្គមស៊ីវិលមានសិទិ្ធសួរជនរងគ្រោះផ្ទាល់»៕
គិតត្រឹមម៉ោង៥រសៀលថ្ងៃនេះ វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីក្រុមពលរដ្ឋដែលមានរងការចោទប្រកាន់ពីអាជ្ញាធរបាននៅឡើយទេ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។