កូរ៉ូណាវីរុស | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២៧ កក្កដា ២០២០ |ម៉ោង ១២:២១
VOD

ក្រុមអាជ្ញាធរក្រុងប៉ោយប៉ែតនិងក្រុមគ្រូពេទ្យចុះពិនិត្យអ្នកជំងឺគ្រុនឈីក នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត អំឡុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាក្រុងប៉ោយប៉ែត)
អភិបាលក្រុងប៉ោយប៉ែត លោក គៀត ហ៊ុល អះអាងថា ពលរដ្ឋ ៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ ខណៈពលរដ្ឋ ៥៦នាក់ទៀត ក្នុងនោះមានកុមារ ២៨នាក់ផងដែរ កំពុងបន្តសម្រាកព្យាបាលជំងឺគ្រុនឈីកនៅមន្ទីរពេទ្យរដ្ឋក្នុងខេត្តបន្ទាយមានជ័យនៅឡើយគិតត្រឹមថ្ងៃទី២៦ ខែកក្កដា។
លោក គៀត ហ៊ុល ថ្លែងប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកជំងឺគ្រុនឈីកទាំង ៥៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ក្នុងនោះ មានប្រុស ២០នាក់ និងស្រី ៣៦នាក់ ហើយក្នុងនោះមានក្មេងប្រុស ១២នាក់ និងក្មេងស្រី ១៦នាក់ផងដែរ។
អភិបាលក្រុងប៉ោយប៉ែតរូបនេះ បញ្ជាក់ថា អ្នកជំងឺ ៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយនៅថ្ងៃម្សិលមិញនេះ ប៉ុន្តែ លោកថា ពលរដ្ឋ ៤នាក់ថ្មីទៀត ត្រូវបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតកាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យពលរដ្ឋកំពុងបន្តសម្រាកព្យាបាលជំងឺឈីកនេះ មានចំនួន ៥៦នាក់ដដែល។
លោក គៀត ហ៊ុល ប្រាប់ថា៖ «គិតត្រឹមម្សិលមិញ អ្នកឈឺគ្រុនឈីកមានចំនួន ៥៦នាក់។ យើងនឹងចុះគ្រប់ភូមិមើល ប្រសិនជាមាន យើងនឹងយកមកព្យាបាល»។
កាលពីថ្ងៃទី១៩ ខែកក្កដា អាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីសុខាភិបាល បានធ្វើតេស្តលើសំណាកមនុស្សចំនួន ៥៦នាក់ បន្ទាប់ពីពួកគេបានធ្លាក់ខ្លួនឈឺ និងមកសម្រាកនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដោយរកឃើញថា អ្នកទាំងនោះមានផ្ទុកមេរោគគ្រុនឈីក។
លោក គៀត ហ៊ុល បញ្ជាក់នៅថ្ងៃនេះថា បន្ទាប់ពីមានពលរដ្ឋឈឺ ដោយសារគ្រុនឈីកបន្តបន្ទាប់ អាជ្ញាធរក្រុងប៉ោយប៉ែត បានចាត់វិធានការបាញ់ថ្នាំសម្លាប់មូស និងចុះចែកថ្នាំអាប៊ែត(ថ្នាំកម្ចាត់ដង្កូវក្នុងទឹក)ចំនួន ១តោន ដល់ប្រជាពលរដ្ឋក្នុងរយៈពេលពីថ្ងៃនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺគ្រុនឈីក។
តាមមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ជំងឺគ្រុនឈីក (CHIK) បណ្ដាលមកពីវីរុសឈីគុនហ្គុនយ៉ា (Chikungunya Virus = CHIKV)។ ជំងឺនេះឆ្លងតាមរយៈមូសខាំ ហើយមិនទាន់មានថ្នាំព្យាបាលជាក់លាក់ទេ ប៉ុន្តែ គ្រូពេទ្យអាចព្យាបាលអ្នកជំងឺដាក់ថ្នាំតាមរោគសញ្ញា។
ខិតបណ្ណរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៦ បង្ហាញថា ជំងឺគ្រុនឈីកកើតឡើងដោយសារមូសខ្លាខាំ ដែលធ្វើឱ្យអ្នកជំងឺគ្រុនក្តៅពី ៣៩ ទៅ ៤០អង្សាសេ។
អ្នកជំងឺគ្រុនឈីកមានស្នាមកន្ទួលក្រហមលើស្បែក អ្នកជំងឺអាចខ្សោះជាតិទឹកដោយសារក្អួត ហើយសាច់ដុំចុះខ្សោយ ហើមប្រអប់ដៃប្រអប់ជើង ឈឺសន្លាក់ម្រាមដៃម្រាមជើង ឈឺក្បាលខ្លាំង ឈឺចង្កេះ អស់កម្លាំងខ្លាំងជាដើម។ គ្រុនឈីក អាចឱ្យអ្នកជំងឺឈឺរយៈពេលពី ៥ថ្ងៃ ទៅ ១សប្ដាហ៍ ទើបជាធូរស្បើយ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។