ដោយ វ៉ែន សុមេធ
2020-07-27
RFA

ពលរដ្ឋចំនួន ១៨១គ្រួសារ ដែលរងផលប៉ះពាល់ទាំងស្រុងពីការស្ដារអូរប្រឡាយ នៅក្នុងក្រុងព្រះសីហនុ ត្រូវបានចែកជូនដីឡូត៍ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

រូប៖ រដ្ឋបាលខេត្តព្រីហនុ
ពលរដ្ឋខេត្តព្រះសីហនុ ១៨១គ្រួសាររស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវអាជ្ញាធររុះរើផ្ទះសម្បែងដើម្បីពង្រីកអូរប្រឡាយនោះ អះអាងថា ពួកគេទទួលបានដីសម្បទានសង្គមកិច្ចពីអាជ្ញាធរហើយ។ ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល ស្នើទៅអាជ្ញាធរជួយពន្លឿន ដោះស្រាយបញ្ហាប្រព័ន្ធ លូ ផ្លូវ ទឹក និងភ្លើងដល់ពលរដ្ឋ។
អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋទាំង ១៨១គ្រួសារដោយក្នុងមួយគ្រួសារទទួលបានដីមានទំហំ ទទឹងបួនម៉ែត្រកន្លះ និងបណ្ដោយម្ភៃម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ពលរដ្ឋម្នាក់ដែលទទួលបានដី លោក ព្រំ រីណា ឲ្យអាស៊ីសេរីដឹងថ្ងៃទី២៧ ខែកក្កដាថា លោកនឹងពលរដ្ឋផ្សេងទៀតយល់ព្រមទទួលយកដីនេះត្បិតគ្មានជម្រើសអ្វីផ្សេងពីនេះទេ ខណៈផ្ទះសម្បែងពួកលោកត្រូវអាជ្ញាធរវាយកម្ទេចចោលអស់ជាច្រើនខែមកហើយ។ លោក ព្រំ រីណា ឱ្យដឹងទៀតថា ពេលនេះពលរដ្ឋខ្លះចាប់ផ្ដើមសាងសង់ផ្ទះលើដីដែលអាជ្ញាធរខេត្តបានផ្ដល់ឱ្យនោះបណ្ដើៗ។លោក ព្រំ រីណា ឱ្យដឹងទៀតថា ទោះពេលនេះពួកគេទទួលបានដីពិតមែន ប៉ុន្តែតំបន់នេះមិនទាន់មានប្រព័ន្ធលូ ផ្លូវ ទឹក និងភ្លើងនោះទេ។ លោកស្នើទៅអាជ្ញាធរខេត្តជួយពន្លឿនដោះស្រាយបញ្ហានេះជូនពួកគាត់៖ «ក្រុមខ្ញុំអីប្រាប់គាត់(អាជ្ញាធរខេត្តព្រះសីហនុ)សូមឱ្យជួយពន្លឿនមក ព្រោះយើងជួលផ្ទះគេហើយពេលនេះស្ទើរអត់លទ្ធភាពជួលផ្ទះហើយណាមួយយើងរកអត់បានទៀត»។
កាលពីថ្ងៃទី២៣ ខែកក្កដា អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បាននាំប្រជាពលរដ្ឋចំនួន ១៨១គ្រួសារដែលរងផលប៉ះពាល់ទាំងស្រុងពីការស្ដារអូរ ប្រឡាយ នៅក្នុងក្រុងព្រះសីហនុ ចុះទៅពិនិត្យទីតាំងដីឡូត៍ដែលអាជ្ញាធរខេត្តបានផ្ដល់ឱ្យពួកគេ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពលរដ្ឋចំនួន ១៨១គ្រួសារ ដែលរងផលប៉ះពាល់ទាំងស្រុងពីការស្ដារអូរប្រឡាយ នៅក្នុងក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរចែកជូនដីឡូត៍ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ រូប៖ រដ្ឋបាលខេត្តព្រីហនុ

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យអាស៊ីសេរីដឹងថា ការផ្ដល់ដីនេះគឺអាជ្ញាធរផ្ដល់ឱ្យពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរនិងមានជីវភាពក្រីក្រ។ ចំពោះសំណើពលរដ្ឋវិញ លោក ឃាង ភារម្យ ឱ្យដឹងទៀតថា ក្រុមការងារខេត្តព្រះសីហនុកំពុងធ្វើការងារនេះ។ លោកសង្ឃឹមថា បញ្ហាប្រព័ន្ធ លូ ផ្លូវ ទឹក ភ្លើងនឹងត្រូវបានដោះស្រាយនៅពេលមុខ៖«យើងដោះស្រាយតាមគោលការណ៍សម្បទានសង្គមកិច្ចទៅលើពលរដ្ឋដែលមានជីវភាពក្រីក្រអញ្ចឹងហើយជាផលប៉ះពាល់មួយនៃការអភិវឌ្ឍន៍នៅក្នុងទីក្រុងព្រះសីហនុនាពេលកន្លងមក»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញថា ពលរដ្ឋដែលបាត់បង់ផ្ទះព្រោះការពង្រីកអូរប្រឡាយ ភាគច្រើនជួបបញ្ហាក្នុងការសាងសង់ផ្ទះឡើងវិញ។ អ្នកស្រីសង្កេតឃើញថា ពលរដ្ឋមិនទាន់សាងសង់ផ្ទះលើដីដែលពួកគេទទួលបាននៅឡើយទេ ខណៈពលរដ្ឋខ្លះជួបបញ្ហាជីវភាព។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញទៅអាជ្ញាធរខេត្តជួយផ្ដល់ថវិកាខ្លះ ឬ ឧបករណ៍សម្ភារៈ រួមមាន ដែកគោល និងស័ង្កសីជាដើម៖ «អត់មានប្រព័ន្ធទឹកស្អាត់អីឯណាទេគួរតែបុកអណ្ដូងឱ្យពលរដ្ឋមានទឹកប្រើសប្រាស់មានសាលារៀនដើម្បីឱ្យកូនចៅពួកគាត់ពលរដ្ឋ ១៨១គ្រួសារយើងនិយាយទៅអាចបង្កើតបានជាភូមិមួយ»។
អាជ្ញាធរខេត្តព្រះសីហនុបានរុះរើផ្ទះពលរដ្ឋកាលពីខែមករាកន្លងទៅ ដោយចោទប្រកាន់ថា ការរស់នៅរបស់ពលរដ្ឋធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក និងគម្រោងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ ដែលជាហេតុធ្វើខេត្តនេះរងជំនន់ទឹកភ្លៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរស្រុកពញាក្រែក ព្រមានវិធានការច្បាប់លើអ្នកភូមិត្រពាំងផ្លុង បើហ៊ានបន្តទៅធ្វើស្រែនៅក្បែរព្រំដែនជាមួយវៀតណាម
- សង្គមស៊ីវិលរិះគន់ដំណោះស្រាយដីធ្លីរបស់រដ្ឋាភិបាលបានតែរឿងតូចតាចដើម្បីចំណេញនយោបាយ
- តុលាការក្រុងភ្នំពេញទម្លាក់ចោលបណ្ដឹងរបស់អ្នកឡពាង រឿងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)
- លោក ស ខេង ថា មន្ត្រីធំៗ រំលោភយកដីធ្លីពលរដ្ឋ និងធ្វើឲ្យពិបាកដោះស្រាយ
- តុលាការសម្រេចឃុំខ្លួនអភិបាលរងខេត្តបាត់ដំបងម្នាក់ និងឧកញ៉ា សង ថន ក្នុងពន្ធនាគារពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីជាមួយពលរដ្ឋ
- តំណាងពលរដ្ឋមានជម្លោះដីធ្លី ៤នាក់នៅខេត្តបន្ទាយមានជ័យដាក់ញត្តិនៅក្រសួងយុត្តិធម៌ឱ្យពន្លឿនដោះស្រាយ
- អាជ្ញាធរមិនទាន់ដោះស្រាយបញ្ចប់ករណីជម្លោះដីធ្លីរវាងពលរដ្ឋជាង ៣០០គ្រួសារជាមួយឧកញ៉ា សង ថន នៅខេត្តបាត់ដំបង
- ពលរដ្ឋសហគមន៍បឹងឈូកA កំពុងបារម្ភពីការបាត់បង់រស់នៅ បន្ទាប់ពីអាជ្ញាធរខណ្ឌឫស្សីកែវផ្ដល់ដំណឹងពីការរុះរើផ្ទះ ដោយគ្មានសំណង
- ជនជាតិដើមភាគតិច ១៤គ្រួសារ ខេត្តមណ្ឌលគិរី ខ្វះខាតដីធ្វើកសិកម្ម ក្រោយពីអ្នកមានអំណាចបំពាន
- ពលរដ្ឋថា អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យចាប់គ្រឿងចក្រឈូសឆាយរំលោភដីវត្តអូរដំរី