កម្ពុជាសម្រេចផ្អាកជើងហោះហើរពីហ្វីលីពីនក្រោយរកឃើញជនជាតិចិន១៣នាក់ឆ្លងជំងឺកូវីដ១៩ពេលមកដល់កម្ពុជា

កម្ពុជា-កូរ៉ូណាវីរុស
11/08/2020 – 08:52
ដោយ៖ វណ្ណ សុគន្ធា
RFI

ភ្ញៀវទេសចរអន្តរជាតិ នៅឯព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ក្នុងអំឡុងពេលកូវីដ១៩ នាពេលកន្លងមក
ភ្ញៀវទេសចរអន្តរជាតិ នៅឯព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ក្នុងអំឡុងពេលកូវីដ១៩ នាពេលកន្លងមក AP – Heng Sinith

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ជើង​ហោះ​ហើរ​ពី​ហ្វីលីពីន​មក​កាន់​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៣​ ខែ​សីហា​ត​ទៅ​ ដើម្បី​ការពារ​ការ​នាំចូល​នូវ​ជំងឺ​កូវីដ​១៩​មក​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ការ​សម្រេច​ផ្អាក​នេះ​ ធ្វើ​ឱ្យ​ហ្វីលីពីន​ជា​ប្រទេស​ទី​៣​ហើយ​ បន្ទាប់​ពី​ម៉ាឡេស៊ី​ និង​ ឥណ្ឌូនេស៊ី​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​ជើង​ហោះហើរ​ដោយ​មិន​កំណត់​ពេល​មក​ប្រទេស​កម្ពុជា​។

ការសម្រេចផ្អាកបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីននេះ ធ្វើឡើងភ្លាមៗតែម្តង បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានរកឃើញជនជាតិចិនចំនួន១៣នាក់ក្នុង១១៩នាក់ដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីនមានផ្ទុកជំងឺកូវីដ១៩។ ពួកគេទាំងនេះ បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៩ ខែសីហា។ ជនជាតិចិនទាំង១៣នាក់ ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជាបាននាំយកទៅដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធា​នីភ្នំពេញ។ ចំណែក ជនជាតិចិនដែលរួមដំណើរជាមួយពួកគេចំនូន១០៦នាក់ផ្សេងទៀតដែលធ្វើតេស្តលើកដំបូងឃើញអវិជ្ជ​មានកូវីដ១៩ គឺ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

តាមរយៈជនជាតិចិនដែលឆ្លងជំងឺកូវីដ១៩ទាំងនេះ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានចាត់ទុកអ្នកដំណើរមកពីប្រទេសហ្វីលីពីនថា ជាក្តីព្រួយបារម្ភមួយសម្រាប់កម្ពុជាដែលនេះ គឺជារឿងម្យ៉ាង ហើយម្យ៉ាវិញទៀត ហ្វីលីពីន គឺជាប្រទេសដែលមានអត្រាឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតនៅក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់។ ហេតុដូច្នេះហើយ ទើបរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសនេះ ដោយមិនកំណត់ពេលវេលា តែចាប់ផ្តើមអនុវត្តពីថ្ងៃទី១៣ សីហាតទៅ។

ការសម្រេចផ្អាកជើងហោះហើរនេះ ធ្វើឱ្យប្រទេសហ្វីលីពីនក្លាយជាប្រទេសទី៣ហើយនៅក្នុងតំបន់អាស៊ានដែលត្រូវរដ្ឋាភិបាលកម្ពុជាហាមមិនឱ្យចូលមកប្រទេសកម្ពុជា។ កាលពីថ្ងៃទី០១ ដើមខែសីហានេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចរូចរាល់ហើយក្នុងការផ្អាកជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី ក្នុងហេតុផលការពារកុំឱ្យមានការនាំចូលជំងឺកូវីដ១៩មកក្នុងប្រទេសកម្ពុជាបន្តទៀត។

សម្រាប់ក្របខណ្ឌនៅក្នុងប្រទេសកម្ពុជាវិញ គិតត្រឹមថ្ងៃទី១១ ខែសីហានេះ កម្ពុជាមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួ​ន២៦៦នាក់ បន្ទាប់ពីរកឃើញករណីឆ្លងថ្មី១៥នាក់នៅថ្ងៃអង្គារនេះដែល១៣នាក់ គឺជាជនជាតិចិន និង ២នាក់ផ្សេងទៀត ជាជនជាតិខ្មែរមកពីអាមេរិក។ ប៉ុន្តែ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន២២០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៤៦នាក់។​ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​ ហើយគិតមកដល់ពេលនេះ កម្ពុជាបានធ្វើតេស្តរកជំងឺកូវីដ១៩លើមនុស្សចំនួនជាង៧ម៉ឺននាក់ស្មើនឹងជាង៤ពាន់៤រយនាក់ក្នុង១លាននាក់។

ក្រសួងសុខាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា គឺជាករណីនាំចូល ហើយមិនទាន់មានការឆ្លងចូលក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនៅតែអាចកើតមាន។ ដូចនេះហើយ ក្រសួងសុខាភិបាលកម្ពុជាបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយកុំសន្តិភាពនិយមជាមួយនឹងជំងឺកូវីដ១៩នេះឱ្យសោះ៕

What Next?

Recent Articles