មន្ត្រី​រដ្ឋាភិបាល​ថា​ ​សហរដ្ឋ​អាមេរិក​គ្មាន​ការិយាល័យ​ FBI​ នៅ​កម្ពុជា​ទេ

ហេង រស្មី
2020-10-14
RFA

supremeCourt-police.jpg

supremeCourt-police.jpg (Photo: RFA)


មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​បញ្ជាក់​ថា​​ សហរដ្ឋ​អាមេរិក​គ្មាន​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ ដែល​ហៅ​កាត់​ថា​ អេហ្វ ប៊ី អាយ (FBI) បើក​នៅ​កម្ពុជា​ទេ។

អ្នក​នាំពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹមឃឿន មាន​ប្រសាសន៍​ថា​ នៅ​កម្ពុជា​មិន​មាន​បើក​ការិយាល័យ​ អេហ្វ ប៊ី អាយ (FBI) ទេ​ គឺ​មាន​តែ​​ការិយាល័យ​ ក្រុមការងារពិសេស​ ដែល​ភាសា​អង់គ្លេស​ថា​ ថាស ហ្វស (Task Force)​ ប៉ុណ្ណោះ​។

​លោក​ថា​ ​ការិយាល័យ​​នេះ​ មាន​ការ​ចូល​រួម​ពី​តំណាង​ FBI​ អគ្គស្នងការ​នគរ​បាល​ជាតិ​ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា​ ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។​

លោក​បញ្ជាក់ថា​ កម្ពុជា​កំពុង​រក​កន្លែង​សមរម្យ​ណា​មួយ​ដើម្បី​បើក​ការិយាល័យ​ក្រុមការងារ​ពិសេស​​មាន​ទី​តាំង​នៅ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ក្រុម​ការ​ងារ​ទាំង​សង​ខាង​បាន​ធ្វើ​ការ​ជាមួយ​គ្នា​។​

​«ការ​យល់​ឃើញ​របស់​នគរ​បាល​ជាតិ​កម្ពុជា​គឺ​យល់​ឃើញ​ថា​ នេះ​គឺ​ជា​ចំណង​កិច្ច​សហ​ប្រតិបត្តិ​ការ មួយ​ដែល​កន្លង​មក​យើង​ក៏​ធ្លាប់​បាន​សហការណ៍​ជាមួយ​គ្នា ជា​ច្រើន​ករណី​ផង​ដែរ។​ប៉ុន្តែ​ការ​បង្កើត​នូវMoU​ នេះ​បាន​ន័យ​ថា​ យើង​បាន​បង្កើត​នូវ​យន្តការ​មួយ​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​នេះ​ កាន់​តែ​ស៊ីជម្រៅ​កាន់​តែ​ជិតស្និទ្ធ មាន​ប្រសិទ្ធភាព​ និងទាន់​ពេល​វេលា​ ហើយ​គោល​ដៅ​រួម​ដែល​យើង​ចង់​បាន​ដូច​គ្នា​នោះ​គឺ​ ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន»។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ មន្ត្រី​ផ្នែក​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​ លោក​ រ៉ូតដឺម៊ែរ ចេត (Roedemeier Chad) ប្រាប់​អាស៊ីសេរី​តាម​រយៈ​អ៊ីមែល​មក​ថា​ ​ ​កាល​ពី​ឆ្នាំ​២០១៩​ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ អេហ្វ ប៊ី អាយ (FBI) និង​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចុះ​អនុស្សរណៈ​លើ​ការ​យោគយល់​គ្នា​មួយ​ដើម្បី​បង្កើតក្រុមការងារ​​ពិសេស​រួម​គ្នា​ ក្នុង​គោល​បំណង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ការ​កុមារ ការ​​លាង​លុយ​កខ្វក់​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ លោកបន្តទៀតថា កិច្ចសហការ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់នេះ ដើរតួយ៉ាងសំខាន់ ក្នុងទំនាក់ទំនងទ្វេរភាគីកម្ពុជានិងអាមេរិក ហើយក្រុម​ការងារ​ពិសេសនេះ នឹងលើកកម្ពស់ការប្តេជ្ញាចិត្តដើម្បី គាំទ្រ នីតិរដ្ឋ នៅកម្ពុជា ដើម្បីការពារពលរដ្ឋខ្មែរ៕

What Next?

Recent Articles