ដោយ វ៉ែន សុមេធ
2020-10-14
RFA

រោងចក្រផលិតស្ករសរបស់ក្រុមហ៊ុន រូយ ហ្វេង ស្ថិតនៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ រូបថតថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ RFA/Yang Chandara

RFA/Yang Chandara
មន្ត្រីសិទ្ធិមនុស្សខេត្តព្រះវិហារ និងមេធាវីរបស់សមាគមអាដហុក (ADHOC) ចោទប្រធានពន្ធនាគារខេត្តនេះថា រំលោភវិជ្ជាជីវៈមេធាវី និងបំពានសិទ្ធិជនជាប់ចោទ។ ការចោទប្រកាន់នេះ ក្រោយពី ប្រធានពន្ធនាគារខេត្តព្រះវិហារ លោក យន់ ម៉ានី មិនអនុញ្ញាតឱ្យមេធាវី របស់សមាគមអាដហុកមួយរូប ចូលចួបជនជាប់ចោទ ក្នុងសំណុំរឿង តុលាការឃុំខ្លួនពលរដ្ឋមានជម្លោះដីធ្លី ២នាក់។
មេធាវីរបស់សមាគមអាដហុក ប្រាប់អាស៊ីសេរី នៅថ្ងៃទី ១៤ ខែតុលាថា ប្រធានពន្ធនាគារខេត្តព្រះវិហារ លោក យន់ ម៉ានី បានអនុញ្ញាតឱ្យមេធាវីតែម្នាក់ប៉ុណ្ណោះ ចូលចួបជនជាប់ចោទ ២នាក់ ពាក់ព័ន្ធនឹងក្នុងសំណុំរឿង ជម្លោះដីធ្លីរវាងសហគមន៍ភូមិបុស្ស និងក្រុមហ៊ុនស្ករអំពៅចិន រូយ ហ្វេង (Rui Feng)។
មេធាវីដែលកាន់សំណុំរឿងនេះ លោក ហូ សំអុល ឱ្យដឹងថា មេធាវី មានសិទ្ធិការពារសិទ្ធិកូនក្ដីតាមអាណត្តិរបស់ខ្លួន ស្របតាមវិជ្ជាជីវៈមេធាវី ហើយអាចចូលចួបកូនក្តីតាមបែបបទស្នើសុំ ក៏ប៉ុន្តែបែរជាប្រធានពន្ធនាគារខេត្តព្រះវិហារ មិនអនុញ្ញាតទៅវិញ។ លោកចាត់ទុកទង្វើនេះ គឺជាការរំលោភសិទ្ធិកូនក្ដីរបស់លោក ប៉ះពាល់ការប្រកបវិជ្ជាជីវៈមេធាវី ហើយលោកនឹងធ្វើពាក្យបណ្ដឹង ទៅក្រសួងមហាផ្ទៃ ឱ្យជួយអន្តរាគមន៍ដោះស្រាយ៖ «ខ្ញុំនឹងរៀបចំជាពាក្យបណ្ដឹង ឬមួយលិខិតអន្តរាគមន៍មួយទៅក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការមិនអនុញ្ញាតឱ្យខ្ញុំចូលចួបកូនក្ដីហ្នឹង។ យើងក៏មិនដឹងថា គាត់មានមូលដ្ឋានអ្វីដែលគាត់មិនឱ្យខ្ញុំចួបអត់ទាន់យល់ពីគាត់ ឬមួយគាត់មិនទាន់យល់សិទ្ធិរបស់ជនជាប់ចោទ ឬមួយវិជ្ជាជីវៈរបស់មេធាវី»។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានពន្ធនាគារខេត្តព្រះវិហារ លោក យន់ ម៉ានី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី១៤ តុលា។
កាលពីព្រឹកថ្ងៃទី១៤ តុលា មេធាវីពីររួប គឺលោក ហូ សំអុល និង លោក សេក សោភ័ណ រួមទាំងមន្ត្រីអាដហុក លោក ឡោ ចាន់ បានធ្វើដំណើររួមគ្នាទៅពន្ធនាគារខេត្តព្រះវិហារ ដើម្បីបំពេញបែបបទ ស្នើឱ្យមេធាវីពីររូបនេះ ចូលជួបជនជាប់ចោទពីរនាក់ ជាសហគមន៍ដីធ្លីរស់នៅភូមិបុស្ស ស្រុកឆែប ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចិន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ អះអាងថា ប្រធានពន្ធនាគារ បាននិយាយនៅចំពោះមុខលោកថា គេអនុញ្ញាតឱ្យមេធាវីតែម្នាក់ប៉ុណ្ណោះ ចូលជួបជនជាប់ចោទ ដោយសារជាសំណុំរឿងតែមួយ។ លោកចាត់ទុកការលើកឡើងនេះជាហេតុផលមិនសមស្របតាមច្បាប់ បំពានវិជ្ជាជីវៈមេធាវី និងរំលោភសិទ្ធិជនជាប់ចោទ៖ «ទោះបីជាជនជាប់ចោទម្នាក់ ឬមួយពីរទៅ បីនាក់ ក្នុងសំណុំរឿងតែមួយក៏ដោយ គឺជនជាប់ចោទមានសិទ្ធិពឹងពាក់មេធាវី បានដល់ ៤ ទៅ ១០ក៏បានដែរ។ គ្មានច្បាប់ចែងថា ជនជាប់ចោទមួយ ពីរនាក់ ក្នុងសំណុំរឿងតែមួយ ត្រូវតែពឹងពាក់មេធាវីបានតែមួយទេ»។
កាលពីថ្ងៃទី៧ ខែតុលា តុលាការខេត្តព្រះវិហារ បានឃុំខ្លួន សហគមន៍មានជម្លោះដីធ្លី ២នាក់ ដោយចោទពីបទគំរាមកំហែងយកគ្រឿងចក្រ និងធ្វើឱ្យខូចខាតដោយចេតនា តាមបណ្ដឹងរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង (Rui Feng)។
ក្នុងសំណុំរឿងដដែលនេះ មានពលរដ្ឋ ៥នាក់ហើយ កំពុងជាប់បណ្ដឹងនៅតុលាការ ហើយនៅថ្ងៃទី១៤ ខែតុលា ប្រជាសហគមន៍ភូមិបុស្ស ស្រុកឆែបជាង ១រយនាក់ បានលើកគ្នាមកឃ្លាំមើលសមាជិកសហគមន៍ ៣នាក់ទៀត ដែលត្រូវមកឆ្លើយបំភ្លឺនៅតុលាការ។ ក៏ប៉ុន្តែមន្ត្រីតុលាការបានជូនដំណឹងថា ចៅក្រមស៊ើបសួរសម្រេចលើកពេលឱ្យពួកគេទាំងបីមកឆ្លើយបំភ្លឺ នៅថ្ងៃទី២២ ខែតុលាខាងមុខនេះវិញ។ ក្រុមពលរដ្ឋក៏បានសម្រេចរំសាយគ្នាទៅគេហដ្ឋានរៀងៗ ខ្លួនវិញដែរ។
តំណាងពលរដ្ឋ លោក ផង នី ហួសចិត្តចំពោះនិតិវិធីរបស់តុលាការ ដែលសម្រេចលើកពេលកោះហៅសមាជិកសហគមន៍ មកឆ្លើយបំភ្លឺនេះ។ លោកថា ក្រុមពលរដ្ឋរាប់រយនាក់នឹងត្រៀមខ្លួនតវ៉ាទ្រង់ទ្រាយធំ ទាមទារឱ្យតុលាការទម្លាប់បទចោទប្រកាន់ប្រឆាំងប្រជាសហគមន៍ទាំង ៥នាក់ ដែលពួកគេចាត់ទុកថា ជារឿងអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការយូនីសេហ្វ (UNICEF) ថា កុមារគ្រប់រូបមិនត្រូវប្រឈមនឹងអំពើទារុណកម្ម ឬលក្ខខណ្ឌនៃការឃុំឃាំងបែបអមនុស្សធម៌ឡើយ
- ក្រុមអង្គការសមាគមខ្មែរក្រោមស្នើក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បញ្ជូនសំណូមពរខ្មែរក្រោមក្នុងរបាយការណ៍ទៅរដ្ឋាភិបាលកម្ពុជាឲ្យដោះស្រាយ
- តុលាការក្រុងភ្នំពេញ ដោះលែងនិពន្ធនាយកព័ត៌មានអនឡាញ TVFB លោក សុវណ្ណ រិទ្ធី ប៉ុន្តែរក្សាបទចោទដដែល
- ជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូតាមគប់ សកម្មជនបក្សប្រឆាំង ដែលទៅចូលរួមទិវាគ្រូបង្រៀន នៅទីលានប្រជាធិបតេយ្យ
- អាជ្ញាធរបញ្ជូនកូនប្រុសរបស់សកម្មជនបក្សប្រឆាំងជាប់ឃុំម្នាក់ទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ
- សាច់ញាតិកញ្ញា សូ មេត្តា ស្នើសុំអាជ្ញាធរឲ្យផ្លាស់បន្ទប់ឃុំបងស្រី ដោយសារបន្ទប់មានសភាពតូចចង្អៀតខ្លាំង
- អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប អ្នកស្រី រ៉ូណា ស្ម៊ីត នៅតែចង់ឃើញរដ្ឋាភិបាលលើកកម្ពស់ឲ្យមានកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់
- អង្គការព័ត៌មានព្រួយបារម្ភពីសុវត្ថិភាពអ្នកសារព័ត៌មាន ក្រោយមានករណីស្លាប់ និងអំពើហិង្សាប្រឆាំងអ្នកកាសែត
- អាជ្ញាធរ ហាមសម្ដែងមតិទាមទារដោះលែងគ្រូបង្រៀន នៅថ្ងៃប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ៥ តុលា
- អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវដល់អាជ្ញាធររដ្ឋឈប់ការបំភិតបំភ័យប្រឆាំងនឹងអ្នកធ្វើការជាមួយ UN