ហេង រស្មី
2020-12-16
RFA
កងរាជអាវុធហត្ថក្រុងភ្នំពេញចាប់ខ្លួនជនជាតិចិនចំនួន ៣នាក់ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយពីសមត្ថកិច្ច បានឆែកឆេ រថយន្តមួយដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុងភ្នំពេញ។
កងរាជអាវុធហត្ថបានរឹបអូស អាវុធវែង ម៉ាក អឹម ១៦ (M16) មួយដើម នឹងគ្រាប់កាំភ្លើងមួយចំនួនទៀត។ ប៉ុន្តែកងរាជអាវុធហត្ថមិនបានបញ្ជាក់ថា ជនជាតិចិនទាំងបីនាក់នោះ កាន់កាប់អាវុធមានគោលបំណងអ្វីនោះទេ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលោក អេង ហ៊ី ប្រាប់អាស៊ីសេរីថា សំណុំរឿងនេះបានបញ្ជូនទៅដំណាងអយ្យការ ហើយកាលពីថ្ងៃទី ១៦ ធ្នូ។លោក មិនបានបញ្ជាក់លម្អិត អ្វីបន្ថែមនោះទេ។
អាស៊ីសេរី បានទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក គុជ គឹមឡុង តែលោកមិនលើកទូរស័ព្ទ។
ទាក់ទិននឹងបញ្ហាជនជាតិចិននេះដែរ សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ វិច្ឆិកា បានចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទ មានចេតនាទុច្ចរិតប្រព្រឹត្តិបទល្មើសខុសច្បាប់។
សមត្ថកិច្ចបានរកឃើញ ខ្នោះដៃ ដំបងឆក់ ខ្សែលួស ១ ដុំ ស្រោមដៃ និងសម្ភារៈមួយចំនួនទៀតដែលសង្ស័យថា ជនជាតិចិនទាំងបួននាក់មានបំណងធ្វើសកម្មភាពចាប់ជំរិត។
ក្នុងរយៈពេលជាង ១១ ខែនេះ មានជនជាតិចិនជិត ៣០០នាក់ ត្រូវចាប់ខ្លួននៅក្នុងខេត្តព្រះសីហនុ ក្នុងសំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ ចាប់ជំរិត ចោរកម្ម កាន់កាប់អាវុធខុសច្បាប់ និងការប្រើប្រាស់អំពើហិង្សា ទៅលើជនជាតិចិនដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។