ហេង រស្មី
2020-12-16
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនរូប៖ ហ្វេសប៊ុក
អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌិន មិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដ ដែលកម្ពុជាជ្រើសរើសវ៉ាក់សាំងពីប្រទេស ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក។ អ្នកស្រីគ្រាន់តែនិយាយយ៉ាងខ្លីថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានពន្យល់រួចអស់ហើយ។ ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ក៏បដិសេធមិនអត្ថាធិប្បាយជុំវិញបញ្ហានេះដែរកាលពីថ្ងៃទី ១៦ ធ្នូ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៥ ធ្នូ បានបញ្ជាក់ថា រដ្ឋាភិបាលនៅតែរក្សាជំហរទិញវ៉ាក់សាំងពីប្រទេសណា ដែលមានការទទួលស្គាល់អង្គការសុខភាពពិភពលោក។ ទោះយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថា តាមគោលការណ៍មនុស្សធម៌(COVAX) កម្ពុជា នឹងទទួលបានជំនួយវ៉ាក់សាំង ពីអង្គការសុខភាពពិភពលោក ចំនួន២០ភាគរយ នៃប្រជាជនសរុប ហើយដំណាក់កាលដំបូង នឹងផ្ដល់មកឲ្យកម្ពុជា ចំនួន៣ភាគរយសិន។ ដូច្នេះ កម្ពុជា នឹងទិញវ៉ាក់សាំង ឲ្យពលរដ្ឋចំនួន៨០ភាគរយផ្សេងទៀត ដែលស្មើប្រមាណដប់បីលាន (១៣លាន) នាក់៖«កម្ពុជាទទួលទិញរបស់ប្រទេសណាដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។កម្ពុជា នឹងមិនយកពលរដ្ឋរបស់ខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណានោះទេ ហើយរឿងនេះជាគោលជំហ៊រ ដាច់ខាតរបស់ហ៊ុន សែន។»
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាមិនប្រកាន់ថា វ៉ាក់សាំងមកពីប្រទេសណានោះទេ ឱ្យតែវ៉ាក់សាំងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ពីព្រោះបញ្ហា អនាម័យ និងវិធានការណ៍សុខភាព មានតែអង្គការសុខភាពពិភពលោក មួយប៉ុណ្ណោះដែលអាចយកជាការបាន។លោកបន្តថា លោកនិយាយដូច្នេះ មិនមែនមានន័យថា ប្រទេសចិនផលិតវ៉ាក់សាំងគ្មានគុណភាពនោះទេ៖«ចំពោះប្រទេសចិន ប្រទេសណាក៏ដោយសម្ដេចលោកមិន ចង់ឃើញថា យកប្រជាពលរដ្ឋខ្មែរ ហ្នឹងជា ពិសោធន៍ដូចសត្វទន្សាយ ដូចសត្វកណ្ដុរ នោះទេ។ សម្ដេចលោកមិនចង់ឱ្យពលរដ្ឋខ្មែរ ក្លាយទៅជាទិសដៅពិសោធន៍នៅក្នុងការប្រើប្រាស់ថ្នាំនោះ។»
ប្រទេសចិន និងកម្ពុជាបានប្រកាសហើយថា ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ហើយនៅពេលដែលជំងឺកូវីត ១៩ ចាប់ផ្ដើមផ្ទុះឡើង។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែ ធ្នូ ឆ្នាំ ២០១៩ បានទៅបំពេញទស្សនកិច្ច ដោយគ្មានការគ្រោងទុក្ខ រហូតដល់ ប្រទេសចិនផ្ដល់រហ័សនាម ឱ្យលោកថា ជាបរុស សង្ហា ដើរបញ្ច្រាសខ្យល់ ថែមទៀតផង។
លោក ហ៊ុន សែនក្រោយពីបានវិលត្រឡប់មកកាន់កម្ពុជា លោកបានថ្លែងការពារមហាមិត្ត ដែលជាមិត្តដែកថែបរបស់លោក ដោយប្រកាសថា លោកមិនខ្លាចជំងឺកូវិត ១៩ រហូតទាល់តែ ថ្ងែ ៣១ កុម្ភះ ទើបកម្ពុជា មានជំងឺកូវិត ១៩។ ទង្វើដែលលោក ហ៊ុន សែន បានធ្វើកន្លងមក ត្រូវអ្នកវិភាគលើកឡើងថា គឺធ្វើឡើងដើម្បីផ្គាប់ចិត្តមហាមិត្តចិន និងចង់បង្ហាញរួម សុខ រួមទុក្ខជាមួយប្រទេសចិន នៅពេលមានជំងឺកូវីត ១៩។
លោក ហ៊ុន សែន ទើបតែប៉ុន្មាន ខែចុងក្រោយនេះ ដោយមានការភ័យខ្លាចជំងឺកូវីត១៩ កាន់តែខ្លាំង ដោយត្រូវឱ្យចាត់វិធានការក្តៅដើម្បី ទប់ស្កាត់ការរីករាលដាល់ចូលនៅក្នុងសហគមន៍ និងចាប់អ្នករិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលហ៊ាន ឌឺដង វិធានការណ៍របស់លោក ប្រឆាំង នឹងជំងឺកូវីត ១៩ ដែលលោកទើបនឹងដាក់ចេញ កាលពីពេលថ្មីៗនេះថែមទៀតផង។
មកដល់ពេលនេះរដ្ឋាភិបាលចិនបានប្រកាសនឹងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនចិនឈ្មោះ ស៊ីណាវ៉ាក់ បាយអូតិច (Sinavac Biotech) ចែកចាយទៅប្រទេសនៅតំបន់អាស៊ានទាំងមូល រួមមានប្រទេសប្រទេស ឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) និង ហ្វីលីពីន (Philippines) ដែលជាក្រុមប្រទេសមានជម្លោះសមុទ្រចិនខាងត្បូងជាមួយចិនផងនោះ យកវ៉ាក់សាំងរបស់ចិននេះមកធ្វើតេស្ដសាកល្បង។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក បណ្ឌិត សេង សារី មានប្រសាសន៍ថា មូលហេតុដែលរដ្ឋាភិបាលកម្ពុជា មិនទិនវ៉ាក់សាំងជំងឺកូវីត១៩ ពីប្រទេសចិន ប្រហែលជាប្រទេសនេះ មិនមានជំនឿទៅលើគុណភាព ហើយរដ្ឋាភិបាលក៏មានភាពឆ្លាតវៃ វាទាល់តែវ៉ាក់សាំងណា ដែលទទួលស្គាល់អង្គការសុខភាពពិភពលោក។
លោកបន្តថា អ្វីដែលសំខាន់គឺរដ្ឋាភិបាល មិនចង់ប្រឈម ទៅនឹងអ្វីដែលជា ការប្រថុយប្រថាន នៅក្នុងការប្រើប្រាស់ វ៉ាក់សាំង ដែលមិនមានការទទួលស្គាល់ជាអន្តរជាតិទេ ហើយក្នុងករណីដែលកម្ពុជាបញ្ជាទិញផ្ទាល់ពីប្រទេសចិន ហើយមិនទាន់ឆ្លងកាត់ការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក រួចហើយយកមកប្រើប្រាស់ ប្រសិនបើមានផលប៉ះពាល់អវិជ្ជមាន នោះរដ្ឋាភិបាលពិបាកក្នុងការបកស្រាយ ទៅនឹងពលរដ្ឋរបស់ខ្លួន៖«សម្រាប់ខ្ញុំផ្ទាល់ខ្ញុំគាំទ្រទៅលើ វ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ធ្វើយ៉ាងណាដើម្បីឱ្យអង្គការសុខភាពពិភពលោកទទួលស្គាល់សិន ថាផលិតផលនេះត្រូវបានធានានៅក្នុងការប្រើប្រាស់វ៉ាក់សាំង។»
ទាក់ទិននិងបញ្ហានេះ អ្នកវិភាគសង្គមលោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការបញ្ជាទិញវ៉ាក់សាំង គឺប្រទេសនីមួយៗ ត្រូវតែគិតអំពីគុណភាព និងសុវត្ថិភាព ដែលគួរឱ្យទុកចិត្តបាន។លោកថា អ្វីដែលជាការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបញ្ជាទិញវ៉ាក់សាំង ពីអង្គការសុខភាពពិភពលោកនេះ ដោយសារតែអង្គការសុខភាពពិភពលោក មានកម្មវិធីមួយដើម្បីបញ្ចុះតម្លៃ ដល់ប្រទេសក្រីក្រដូចជាប្រទេសកម្ពុជា ដែលអាចលក់ក្នុងតម្លៃថោកជាងប្រទេសដ៏ទៃ ថែមទៀតផង៖«ខ្ញុំក៏មិនដឹងប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងហ្នឹង មានទំនុកចិត្តប៉ុណ្ណាទៅលើគុណភាព វ៉ាក់សាំង របស់ចិន។ ខ្ញុំមិនបរិយាយទេ ដោយសារខ្ញុំមិនមែនអ្នកបច្ចេកទេស។ ចោទចិនថាផលិតវ៉ាកសាំងមិនមានគុណភាព វាអត់មានអ្វីអំណះអំណាងទេ។ ប៉ុន្តែខ្ញុំមើលទៅការ ទិញវ៉ាក់សាំងពីអង្គការសុខភាពពិភពលោកប្រហែលជាអាច មានការបញ្ចុះតម្លៃធូរថ្លៃដែល អាចធ្វើឱ្យកម្ពុជាជាប្រទេសក្រីក្រអាចទិញវ៉ាក់សាំងយកមកចាក់បានគ្រប់គ្នា។»
មកដល់ពាក់កណ្ដាលខែធ្នូ នេះ មន្រ្តីអង្គការសុខភាពពិភពលោកនៅក្នុងប្រទេសកម្ពុជា ថាកម្ពុជាអាចត្រូវរង់ចាំរហូតដល់ខែ មិថុនា ឆ្នាំ ២០២១ ទើបមានវ៉ា់ក់សាំងចាក់បង្ការជំងឺកូវីដ-១៩។ ការលើកឡើងនេះ ស្របគ្នាទៅនឹងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មិនទាន់អាចបញ្ជាក់បាន ថាតើកម្ពុជានឹងបានវ៉ាក់សាំងដំបូង ពីក្រុមហ៊ុនរបស់ប្រទេសណាមួយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។