ភរិយាអតីតសកម្មជនបក្សប្រឆាំងដែលជាប់​ឃុំ ចាប់ផ្តើមតវ៉ា​ជាថ្មី ស្នើ​​ដោះលែងស្វាមី​ពួក​គេ

នយោបាយ | ព័ត៌មានជាតិ
វ៉ា សុភានុត |១៨ ធ្នូ ២០២០ |ម៉ោង ២១:០០
VOD

ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ស្វាមី​ឬសាច់ញាតិ​របស់​ពួក​គេ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ស្វាមី​ឬសាច់ញាតិ​របស់​ពួក​គេ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)


ក្រុមស្ត្រីជាង១០នាក់ ដែលជាភរិយា និង​​សាច់ញាតិរបស់អតីតសកម្មជនគណបក្សសង្រ្គោះ​ជាតិ នៅថ្ងៃសុក្រនេះ បន្តការប្រមូលផ្តុំជាថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញ និង​សហភាពអឺរ៉ុប ដើម្បីស្នើ​​ឱ្យ​មានការដោះលែងស្វាមីនិងសាច់ញាតិរបស់ពួកគេ ក្រោយ​ពីបាន​ខកខានប្រមូល​ផ្តុំជាច្រើនសប្តាហ៍ ដោយសារ​បញ្ហាជំងឺកូវីដ១៩។

អ្នកស្រី ជ័យ ស្រីនី អាយុ៣៦ឆ្នាំ ជាភរិយា​សកម្មជនអតីតបក្សប្រឆាំងមួយរូបឈ្មោះ តុន និមល​ បាននិយាយថា ការដែលពួកគាត់នាំគ្នាទៅប្រមូល​ផ្តុំនៅមុខសាលាដំបូង និង​សហគមន៍អឺរ៉ុបនេះ ដើម្បីស្នើ​ឱ្យ​ស្ថាប័នទាំងពីរជួយ​អន្តរាគមន៍ ឱ្យ​មានការដោះលែងស្វាមីរបស់គាត់ឱ្យនៅក្រៅឃុំ ដោយសារស្វាមីរបស់គាត់ប្រាប់ថា ការរស់នៅក្នុងពន្ធនាគារមានការលំបាកខ្លាំង ខណៈបន្ទប់ឃុំមានអ្នកជាប់​ឃុំ​​ច្រើនបង្កឱ្យមាន​ភាពណែនតាន់តាប់។

អ្នកស្រីថា៖ «ពួកខ្ញុំពិបាកខ្លាំងបានពួកខ្ញុំមក បើមិនចឹងពួកខ្ញុំមិនមកទេ»

អ្នកស្រី ព្រំ ចន្ថា អាយុ៤៤​ឆ្នាំ ដែលបានទៅលេងស្វាមី​របស់ខ្លួននៅពន្ធនាគារ​​កាលពីម្សិលមិញ បាននិយាយថា ប្តីរបស់គាត់​ប្រាប់ថា នៅក្នុងពន្ធនាគារមានការចង្អៀតខ្លាំងណាស់ ដោយសារតែបន្ទប់តូច ហើយមានអ្នកជាប់ឃុំច្រើន។ អ្នកស្រីថា ប្តីរបស់អ្នកស្រីមានវ័យចំណាស់ និងមានជំងឺប្រចាំកាយ ដែលករណីនេះហើយបានពួកគាត់ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ឱ្យមានការ​ដោះលែងស្វាមីរបស់គាត់ឱ្យនៅក្រៅឃុំ។​

អ្នកស្រីថា៖ «សូមរាជរដ្ឋាភិបាលមានដំណោះស្រាយ នឹងដោះលែងប្ដីពួកខ្ញុំនឹងទម្លាក់ការចោទទាំងអស់ ទៅខ្ញុំឈប់មក[ប្រមូល​ផ្តុំ​]ហើយ»

អ្នកស្រី បន្ថែមថា អ្នកស្រីនឹងមិនបញ្ឈប់ការតវ៉ានេះទេ លុះត្រាតែមានដំណោះស្រាយណាមួយពីរាជរដ្ឋាភិបាល ចំពោះករណីនេះ។

លោកគឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការតវ៉ាទាមទារឱ្យ​ដោះលែងអ្នកទោសដែលត្រូវបានជាប់ឃុំខ្លួន ដោយសាលដីកា​របស់តុលាការ ជារឿងមួយដែលខុសច្បាប់។

លោកបន្ថែមថា ប្រពន្ធរបស់អតីតសកម្មជនទាំងនោះ គួរតែរកដំណោះស្រាយតាមផ្លូវច្បាប់វិញ។

លោកបញ្ជាក់ថា «ការបាតុកម្មដើម្បីដោះលែងមនុស្សជាប់ឃុំ គឺជារឿងខុសច្បាប់»

លោកអំ សំអាត នាយករងអង្គការការពារសិទ្ធិមនុស្ស​លីកាដូ បានប្រសាសន៍ថា ការចង្អៀតណែននៃពន្ធនាគារនេះ មិនមែនមានតែនៅរាជធានីភ្នំពេញនោះទេ គឺគ្រប់ពន្ធនាគារទាំងអស់ ហើយការចង្អៀតនេះនឹងធ្វើឱ្យប៉ះពាល់ សុខភាពរបស់អ្នកជាប់ឃុំ។

លោកបន្ថែមថា រាជរដ្ឋាភិបាលគួរតែ​ពិនិត្យមើលលទ្ធភាព​នៃការបែងចែកអ្នកជាប់ឃុំឱ្យនៅដាច់ដោយឡែកពីគ្នា រវាងអ្នកទោសមនសិការ និងអ្នកទោស​នយោបាយ និងអ្នកទោស​ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ​ ដើម្បីជៀសវាងប៉ះពាល់ដល់​ផ្លូវចិត្ត។

លោកថា៖ «ពីព្រោះ បើទោះជាអ្នកជាប់ឃុំក៏ដោយ គាត់ក៏មានសិទ្ធិដូចមនុស្សដ៏ទៃទៀតដែរ ព្រោះការដកហូតនៃសេរីភាពដើរហើរក៏ដោយ ក៏សិទ្ធិផ្សេងៗគាត់មានសិទ្ធិដូចពលរដ្ឋដ៏ទៃទៀតដែរ»

បើ​តាម​ក្រុម​ស្ត្រី​ទាំងនោះ ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​និង​ឪពុក​របស់​ពួក​គាត់​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ទូត​នានា អស់​រយៈពេលជាង ២០សប្តាហ៍​មក​ហើយ គិត​មកដល់​ថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles