តុលាការ​ត្បូងឃ្មុំ សម្រេចឱ្យ​​​ឃុំខ្លួន​តំណាងកសិករ​ម្នាក់ ពាក់ព័ន្ធនឹងបទសមគំនិតក្នុងអំពើ​ញុះញង់

ព័ត៌មានជាតិ | សិទ្ធិមនុស្ស
វ៉ា សុភានុត | ០១ មករា ២០២១ |ម៉ោង ២០:០៥
VOD

Phun-Sophal-famer-representative-in-Tbong-Khmom-CJCambodiaNews

សម្ព័ន្ធសហគមន៍កសិករកម្ពុជា ឱ្យដឹងថា តំណាងសហគមន៍កសិករម្នាក់ ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី នៅខេត្តត្បូងឃ្មុំ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តនេះ សម្រេច​ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទ សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្ត​អំពើបង្ក​ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍នៅថ្ងៃសុក្រនេះថា លោក ផុន សុផល ជាតំណាងសហគមន៍កសិករនៅភូមិក្រវៀនជើង ឃុំជាំក្រវៀន ស្រុកមេមត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ និង​បានបញ្ជូនខ្លួន​គាត់ទៅតុលាការ នៅថ្ងៃដដែលនោះ។

លោកបន្តថា ក្រោយការសាកសួររួច ​ចៅក្រមស៊ើបសួរសាលាសដំបូងខេត្តត្បូង​ឃ្មុំ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បាន​​សម្រេចចោទលោក ផុន សុផល​ ពីបទ «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» និងតម្រូវ​ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅ​ពន្ធនាគារ។

 លោក ថេង សាវឿន បន្តទៀត​ថា លោក​ សុផល ជាតំណាងកសិករមួយរូប​ ដែលមានភាពសកម្មក្នុងជួយរកដំណោះស្រាយជូនប្រជាកសិករ នៅពេលដែលពុំមានការអើពើពីសំណាក់អាជ្ញាធរ។

លោកបានចាត់ទុកការចាប់ខ្លួន លោក សុផល ថាជាការបំបាក់ស្មារតីទៅលើអ្នកដែលឈឺ​​ឆ្អាល​​​បញ្ហាសង្គម និងហ៊ានរិះគន់ទៅលើភាពអសកម្មរបស់អាជ្ញាធរ។

លោកនិយាយថា៖ «នេះគ្រាន់តែជាការបំភ័យ និង​​បន្លាចទៅលើសកម្មជនសហគមន៍ដែលលេចធ្លោ ដែលគាត់ហ៊ាន តែងតែឈឺឆ្អាល និងមានភាពសកម្មទៅលើ​ការងាររបស់​សហ​គមន៍​របស់​ពួកគាត់»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​សាលាដំបូងខេត្តត្បូងឃ្មុំ​ លោក ថេង ជាង បានទេ ដោយលោកប្រាប់ថា មិន​ទាន់​បានដឹងលើសំណុំរឿងនេះ។

យោងទៅតាមដីកាបង្គាប់​ឱ្យ​ចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ លោក នូ ច័ន្ទសុគន្ធា បានសម្រេចបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច ចាប់ខ្លួន​ លោក​ ផុន សុផល ពីបទ «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តទៅនៅតាមបណ្ដាញសង្គម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី២២ តុលា ឆ្នាំ២០២០៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles