ដោយ ខែ សុណង
2021-01-08
RFA

(ឆ្វេង) លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ និងលោកស្រី កុល សាត ប្រពន្ធរបស់លោក ចេញតវ៉ាទាមទារអាជ្ញាធរឱ្យដោះលែងលោក គង់ ម៉ាស់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក និងពលរដ្ឋ
មេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំង គ្រោងស្នើសុំតុលាការដោះលែងកូនក្ដីឱ្យក្រៅឃុំនៅសប្ដាហ៍ក្រោយ។ អាជ្ញាធរបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងចំនួន ១១នាក់ កាលពីដើមខែធ្នូ បន្ទាប់ពីថ្នាក់ដឹកនាំបក្សប្រឆាំងប្រកាសការវិលចូលស្រុកជាថ្មីម្ដងទៀត។ មន្ត្រីសិទ្ធិមនុស្សរិះគន់ថា ការចាប់ខ្លួនសកម្មជននេះ គឺការរំលោភបំពានសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិ លោក សំ សុគង់ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី៨ ខែមករាថា ក្រុមមេធាវីបានជួបជាមួយកូនក្ដី ដើម្បីសិក្សាផ្លូវច្បាប់ហើយ ហើយ គ្រោងស្នើសុំទៅតុលាការក្រុងភ្នំពេញអនុញ្ញាតឱ្យកូនក្ដីលោកទាំងនោះ អាចបាននៅក្រៅឃុំបណ្ដោះអាសន្ន។ លោកឱ្យដឹងថា កាលពីចុងខែធ្នូ សមត្ថកិច្ចបានចាប់ខ្លួន និងចោទប្រកាន់កូនក្ដីលោកចំនួន ១១នាក់ពីបទញុះញង់ និងរួមគំនិតក្បត់។ ចំណែកកូនក្តីម្នាក់ទៀត លោកថា ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីខែវិច្ឆិកា ពីបទប្រមាថព្រះមហាក្សត្រ។ លោក សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីនឹងស្នើសុំរួមគ្នាឱ្យអ្នកទាំង ១២នាក់នោះអាចនៅក្រៅឃុំ នៅសប្ដាហ៍ក្រោយនេះ៖«ចឹងយើងអត់ទាន់មានសំណុំរឿងនៅក្នុងដៃនៅឡើយទេគ្រាន់តែជាគម្រោងស្នើសុំដាក់នៅក្រៅឃុំជាដំបូង ហើយការងារផ្សេងទៀតមិនទាន់ជាផ្លូវការនៅឡើយ»។
លោកស្រី កុល សាត ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំលោក គង់ ម៉ាស់ ទាមទារឱ្យតុលាការដោះលែង ស្វាមីលោកស្រីវិញ។ លោកស្រីនិយាយថា សកម្មភាពដែលស្វាមីលោកស្រីបានធ្វើនាពេលកន្លងមក គឺជាការប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋប៉ុណ្ណោះ មិនមែនជាការប្រព្រឹត្តល្មើសនោះទេ៖ «ក្នុងនាមខ្ញុំយល់ថា គាត់ (លោក គង់ ម៉ាស) ជាពលរដ្ឋម្នាក់គាត់មានសិទ្ធិចូលរួមសម្ដែងមតិ។ ខ្ញុំតូចចិត្តណាស់។ រឿងនេះអយុត្តិធម៌ណាស់សម្រាប់គាត់។
ទាក់ទងរឿងនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា សង្កេតឃើញថា ចំណាត់ការសមត្ថកិច្ចពេលនេះ គឺស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍កាលពីពេលរំលាយគណបក្សសង្រ្គោះជាតិ ឆ្នាំ២០១៧ និងការប្រកាសមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ដែរ។ មន្ត្រីសិទ្ធិមនុស្សរូបនេះថា ទង្វើរបស់សមត្ថកិច្ច និងតុលាការនាំឱ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ថា ជារឿងនយោបាយ៖ «តែមានព្រឹត្តិការណ៍អីម្ដងៗ ឃើញសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានតែងទទួលរងការចាប់ខ្លួន ការចោទប្រកាន់ការតាមដានឃ្លាំមើល»។
លោក នី សុខា ស្នើសុំទៅរដ្ឋាភិបាលថា គួរចែកឱ្យដាច់រវាងរឿងនយោបាយ និងរឿងអនុវត្តច្បាប់ ហើយបើជាបញ្ហានយោបាយ រដ្ឋាភិបាលគួរដោះស្រាយ ដោយការចរចានយោបាយ។ លោកបារម្ភថា បើបញ្ហានយោបាយនៅតែបន្តអូសបន្លាយទៀត នោះនឹងធ្វើឱ្យសហគមន៍អន្តរជាតិបន្ថែមទណ្ឌកម្មលើកម្ពុជា ហើយអ្នករងគ្រោះ គឺជាពលរដ្ឋខ្មែរ។
ទាក់ទងនឹងសំណុំរឿងញុះញង់ និងរួមគំនិតក្បត់ពាក់ព័ន្ធប្រឆាំងមន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០០នាក់នោះវិញ តុលាការក្រុងភ្នំពេញគ្រោងលើកយកសំណុំរឿងទីមួយមកជំនុំជម្រះនៅថ្ងៃទី១៤ ខែមករា សប្តាហ៍ក្រោយនេះ។ មេធាវី សំ សុគង់ បញ្ជាក់ថា សំណុំរឿងទីមួយនេះ មានកូនក្ដីលោកសរុប មានចំនួន ៤៧នាក់ ក្នុងនោះ ក៏រួមទាំងលោក សម រង្ស៊ី ម្នាក់ផងដែរ។ ចំណែកសំណុំរឿងទីពីរវិញ តុលាការក្រុងភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះនៅថ្ងៃទី៤ ខែមីនាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។