យោធា​ថៃ​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ទៅ​កម្ពុជា​វិញ ខណៈ​កម្ពុជា​ត្រៀម​ការងារ​ចំនួន​២​ម៉ឺន​កន្លែង​ជូន​ពួកគេ

ដោយ ខែ សុណង
2021-01-10
RFA

យោធា​ថៃ​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ទៅ​កម្ពុជា​វិញ ខណៈ​កម្ពុជា​ត្រៀម​ការងារ​ចំនួន​២​ម៉ឺន​កន្លែង​ជូន​ពួកគេ

សកម្មភាពពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ Photo Provided


យោធា​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ជិត ៥០នាក់​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ស្រប​ពេល​រដ្ឋាភិបាល​ខ្មែរ​កំពុង​ត្រៀម​ការងារ​ចំនួន ២ម៉ឺន​កន្លែង សម្រាប់​ពលករ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក។

ក្រុម​យោធា​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី សរុប​ចំនួន ៤៨នាក់ ចូល​តាម​ច្រក​របៀង​ចក្រី ស្ថិត​ក្នុង​ភូមិ​ទឹកផុស ឃុំ​អង្គបាន ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង កាល​ពី​ល្ងាច​ថ្ងៃទី៨ ខែមករា។

កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក លេខ៨១៧ និង​កម្លាំង​យោធា​កងពល​តូច​លេខ ៥០១ បាន​ទទួល​យក​ពលករ​ទាំងនោះ​ទៅ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ នៅ​ក្នុង​អនុវិទ្យាល័យ​កូន​ភ្នំ៣២ ក្នុង​ស្រុក​សំពៅលូន ដើម្បី​ការពារ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ មុន​នឹង​អនុញ្ញាត​ឱ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ។

ទាក់ទង​នឹង​ការ​បញ្ជូន​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​នេះ រដ្ឋាភិបាល​ខ្មែរ​ត្រៀម​ការងារ​ចំនួន ២ម៉ឺន​កន្លែង ដើម្បី​ជួយ​ឱ្យ​ពលករ​មាន​ការងារ​ធ្វើ និង​ដោះស្រាយ​ជីវភាព​គ្រួសារ​ជៀសវាង​ចំណាកស្រុក​ទៅកាន់​ប្រទេស​ថៃ​វិញ។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ខ្មែរ បាន​ឱ្យ​ដឹង​ថា មាន​ក្រុម​ការងារ​ចុះ​ឈ្មោះ តាម​ដាន និង​ឃ្លាំមើល​ជា​ប្រចាំ​ពី​ស្ថានភាព​ដំណើរ​វិល​ត្រឡប់​របស់​ពលករ​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​សំខាន់ៗ ដើម្បី​ក្ដាប់​ព័ត៌មាន ផ្តល់​ការ​គាំទ្រ និង​ជួយ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ស្រុក បន្ទាប់ពី​ពលករ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤ថ្ងៃ ដោយ​សុវត្ថិភាព។

ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ លោក ហៃ ហ៊ុនឡេង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គម្រោង​នេះ​ផ្ដល់​ការងារ​ប្រមាណ ២ម៉ឺន​កន្លែង នឹង​ផ្ដោត​លើ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សេវាកម្ម សំណង់ និង​កសិកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles