កូវីដ-១៩ | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព |១៤ មករា ២០២១ |ម៉ោង ១៤:៣៥
VOD

លោក កឹម សុខា នាំយកថវិកានិងសម្ភារការពារកូវីដ១៩មួយចំនួនទៅជូនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលផ្ទះសំណាក់ភ្នំយ៉ាត ខេត្តប៉ៃលិន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក កឹម សុខា)
មេដឹកនាំអតីតគណបក្សប្រឆាំង អះអាងថា លោកនឹងពាំនាំការខិតខំរបស់កម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងសុខទុក្ខរបស់ពលករខ្មែរ ទៅប្រាប់មិត្តបរទេសដែលជួយកម្ពុជា ខណៈខេត្តនៅតាមព្រំដែនកំពុងមមាញឹកលើការការពារនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងចំណោមពលករដែលទើបត្រឡប់មកពីថៃ។
ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងលោក កឹម សុខា មេដឹកនាំអតីតបក្សប្រឆាំង ជាមួយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៣ ខែមករា ម្សិលមិញ។
លោក កឹម សុខា កំពុងស្ថិតក្នុងដំណើរសួរសុខទុក្ខដល់ពលករដែលទើបត្រលប់មកពីប្រទេសថៃនៅតាមខេត្តជាប់ព្រំដែនចំនួន៣ គឺខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ នេះបើតាមការបង្ហោះ លើទំព័រហ្វេសប៊ុករបស់លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់លោក កឹម សុខា នាព្រឹកនេះ។
ក្នុងជំនួបជាមួយអភិបាលខេត្តប៉ៃលិននោះ លោក កឹម សុខា បានថ្លែងថា លោកបានយកជំនួយសប្បុរសធម៌របស់ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងនៅក្នុងប្រទេសកម្ពុជា ដែលមានថវិកាចំនួនដប់លានរៀល (១០ ០០០ ០០០៛) និងម៉ាស់ចំនួន ៥០០០ រួមទាំងសាប៊ូលាងសម្អាតកម្ចាត់មេរោគចំនួន ៤៣២ដុំ ជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលផ្ទះសំណាក់ភ្នំយ៉ាត ខេត្តប៉ៃលិន។
លោកបន្តថា ក្រោយពីការផ្តល់អំណោយនេះរួច លោកនឹងប្រាប់ទៅមិត្តបរទេសដែលជួយកម្ពុជា អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តប៉ៃលិន រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងស្ថានការណ៍បានល្អលើការការពារនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោកថ្លែងដូចនេះថា៖ «ខ្ញុំចូលរួម ហើយខ្ញុំលើកទឹកចិត្ត សូមកោតសរសើរ ហើយអ្វីដែលខ្ញុំដឹងឮ ខ្ញុំនឹងប្រាប់មិត្តបរទេសខ្លះដែលជួយខ្មែរយើង ថាយើងខិតខំណាស់ ដែលយើងគ្រប់គ្រងបានល្អ»។
បន្ថែមពីនេះ លោក កឹម សុខា បញ្ជាក់ថា ទោះជាលោកមិនមានសេរីភាពពេញលេញ ជាពិសេសជាប់បម្រាម មិនអាចធ្វើសកម្មភាពនយោបាយបានក៏ដោយ ប៉ុន្តែលោកនៅតែខ្វល់ខ្វាយចង់ចូលរួមបម្រើប្រទេសជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន។
អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ប្រាប់លោក កឹម សុខា ក្នុងជំនួបនោះថា ពលករដែលត្រឡប់មកពីប្រទេសថៃ បានសហការជាមួយសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធក្នុងការរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយពួកគេនាំគ្នាធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រី បាន ស្រីមុំ បានបន្ថែមថា៖ «ឱ្យតែការចូលរួមលើកទឹកចិត្ត យើងអត់មានប្រកាន់ថាខាងនិន្នាការនយោបាយណាទេ ពេលនេះយើងត្រូវរួមគ្នា ដើម្បីប្រយុទ្ធ ទប់ស្កាត់ [ជំងឺកូវីដ១៩] ក្នុងប្រទេសយើង ដើម្បីខ្មែរយើងទាំងអស់គ្នា»។
បើតាមអភិបាលខេត្តរូបនេះ គិតមកដល់ថ្ងៃម្សិលមិញ ពលករខ្មែរដែលមកពីថៃតាមច្រកព្រំដែនក្នុងខេត្តប៉ៃលិន មានចំនួនជាង៣០០នាក់ ហើយពួកគាត់កំពុងធ្វើចត្តាឡីស័កនៅទីតាំងចំនួន១៤កន្លែង។
នៅថ្ងៃនេះ លោក កឹម សុខា បានបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដោយមាននាំយកថវិកានិងសម្ភារការពារកូវីដ១៩ ផ្តល់ជូនអភិបាលខេត្តនេះដែរ។
អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា លោក កឹម សុខា បានផ្តល់អំណោយមនុស្សធម៌ជាប្រាក់ចំនួន១០លានរៀល ម៉ាស់៥ ០០០ និងសាប៊ូជាង៤ ០០០ដុំ។ លោកនិយាយថា លោក កឹម សុខា បាននិយាយជាមួយលោកថា អំឡុងពេលកូវីដ១៩នេះ ខ្មែរត្រូវសហការគ្នាជួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយនោះទេ។
បើតាមលោក លោក ប៉ែន កុសល្យ គិតត្រឹមថ្ងៃទី១៣ ខែមករា ម្សិលមិញ មណ្ឌលចត្តាឡីស័កនៅក្នុងខេត្តមានចំនួន១៣ទីតាំង និងមានពលករធ្វើចត្តាឡីស័កចំនួន២ ២៣៥នាក់។
ដំណើរចុះសួរទុក្ខពលករនិងការចូលរួមសកម្មភាពមនុស្សធម៌ជាមួយអាជ្ញាធរ របស់លោក កឹម សុខា ធ្វើឡើងស្របពេលដែល គម្រោងវិលចូលស្រុកវិញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ ចូលមកដល់នៅថ្ងៃស្អែកនេះ ហើយនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏កំពុងដំណើរការសវនាការលើ អតីតសកម្មជននិងមន្រ្តីគណបក្សសង្រ្គោះជាតិ ចំនួន៦០នាក់។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលអ្នកនយោបាយគ្រប់និន្នាការទាំងអស់បានយកជំនួយសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងគ្រាលំបាក។
ប៉ុន្តែលោកថា បើប្រជាពលរដ្ឋកំពុងជួបការលំបាក ហើយអ្នកនយោបាយចេះតែឈ្លោះគ្នា ដោយមិនគិតពីសុខទុក្ខប្រជាពលរដ្ឋនោះ នឹងធ្វើឱ្យប្រទេសជិតខាងទាញយកប្រយោជន៍ពីកម្ពុជា។
លោក មាស នី មានប្រសាសន៍ថា៖ «សង្គមជាតិមួយ កាលណាអត់មានឯកភាពជាតិ វាចេះតែតានតឹងទៅៗ ហើយវិវាទនៅផ្ទៃក្នុងខ្មែរគ្នាឯង […] ហើយប្រទេសជិតខាង គេចេះតែមានឱកាសក្នុងការជួយហែកបន្ថែមទៀត ជាទិដ្ឋភាពពិតប្រាកដ ហែកទាំងសេដ្ឋកិច្ច ហែកទាំងនយោបាយ ហែកទាំងសង្គម»។
លោក កឹម សុខា ត្រូវដកហូតសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំមកហើយគិតចាប់ពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនលោក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ ចោទថា ឃុបឃិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។
ប៉ុន្តែសហរដ្ឋអាមេរិក ធ្លាប់ចេញសេចក្តីថ្លែងការណ៍អះអាងថា អតីតមេបក្សប្រឆាំងរូបនេះជាមនុស្សស្អាតស្អំ និងជំរុញឱ្យអាជ្ញាធរកម្ពុជាផ្តល់សិទ្ធិពេញលេញដល់លោក កឹម សុខា ឡើងវិញ ដោយគ្មានលក្ខខណ្ឌ។
គួរបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ឡើងដល់៤១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៧៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៤នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។