ហេង រស្មី
2021-01-16
RFA

អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យុក្រសួងសុខាភិបាល។ រូបថត៖ គេហទំព័រក្រសួងសុខាភិបាល
អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ប្រាប់អាស៊ីសេរី នៅថ្ងៃទី ១៦មករា ថាសមត្ថកិច្ចកំពុងស្វែងរក ពលរដ្ឋកម្ពុជា សញ្ជាតិ អាមេរិកម្នាក់ ក្រោយពីបានរត់ចេញពីកន្លែងចត្តាឡីស័ក នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងភ្នំពេញ ចន្លោះម៉ោង៨ ទៅម៉ោង ៩ ព្រឹកថ្ងៃទី ១៦ នេះ។
អ្នកស្រីបានបន្តថា សមត្ថកិច្ច មិនទាន់រកឃើញ ពលរដ្ឋកម្ពុជា សញ្ជាតិ អាមេរិកនោះនៅឡើយទេ រហូតមកដល់ពេល ម៉ោងផ្សាយរបស់វិទ្យុអាស៊ីសេរី។
អ្នកស្រីបន្ថែមថា លោក យឹម សេរីវុទ្ធី អាយុ ៣៦ ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១២ មករា ។ អ្នកស្រីថា ពលរដ្ឋខ្មែរ អាមេរិក រូបនោះបានរត់គេចចេញ ដោយមិនដឹងទៅទីណា ក្នុងខណៈក្រុមគ្រូពេទ្យបាន សំណាក់ទៅពិនិត្យមើលជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតដល់ថ្ងៃទី ១៦ មករា នេះ បានរកឃើញអ្នកឆ្លងជំងឺថ្មី ចំនួន១០នាក់ ជាប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ និង បានជាសះស្បើយម្នាក់។
ប្រទេសកម្ពុជាមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ចំនួន ៤៣៦នាក់ អ្នកជាសះស្បើយ ៣៨២ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៤ នាក់៕