សហគមន៍អេកូទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងបារម្ភសត្វផ្សោតផុតពូជ

បរិស្ថាន | ព័ត៌មានជាតិ
ដោយ វីអូឌី |១៧ មករា ២០២១ |ម៉ោង ០៦:១៥
VOD

សត្វផ្សោតដែលអង្គការ WWF Cambodia រកឃើញស្លាប់កាលពីខែវិច្ឆិកាឆ្នាំ២០២០។ រូបពី WWF Cambodia

សត្វផ្សោតដែលអង្គការ WWF Cambodia រកឃើញស្លាប់កាលពីខែវិច្ឆិកាឆ្នាំ២០២០។ រូបពី WWF Cambodia


សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បង្ហាញក្តីព្រួយបារម្ភថា សត្វផ្សោតនៅសល់តែ៣ក្បាល ហើយប្រឈមផុតពូជដោយសារទឹកកខ្វក់ និងការនេសាទខុសច្បាប់។​

លោកផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សត្វផ្សោតបានបាត់បង់ជាបន្តរបន្ទាប់ពីជាង១០ក្បាលមកនៅត្រឹមតែ៣ក្បាលប៉ុណ្ណោះក្នុងឆ្នាំ២០២១នេះ។

លោកបារម្ភចំពោះចំនួននៃការធ្លាក់ចុះនេះថា សត្វផ្សោតដែលកំពុងរស់នៅក្នុងតំបន់អេកូទេសចរណ៍នេះអាចប្រឈមនឹងការផុតពូជនាពេលអនាគត។

លោក ផយ វណ្ណា៖«ផ្សោតបញ្ហាបច្ចុប្បន្ននេះគឺមានបញ្ហាការប្រឈមរហូតឈានទៅរកការបាត់បង់សូន្យតែម្តងព្រោះអីគឺផ្សោតបច្ចុប្បន្នដែលមាន៣ក្បាលនេះ បងឃើញវាកើតកូនតាំងពីឆ្នាំ២០១២មក ២០១៥ រហូតដល់២០២១នេះ គឺផ្សោតចំនួន៣ក្បាលគ្នាកើតកូនបាន៣ហើយតែមិនចេះសល់សោះ នៅតែងាប់ដដែល«។

សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិលរូបនេះបានបញ្ជាក់ថា ដោយសារតែការនេសាទខុសច្បាប់ និងកត្តាទឹកកខ្វក់បានធ្វើឱ្យសត្វផ្សោតមានការថយចុះ។

លោកបន្ថែមថា ការសាងសង់ទំនប់វារីអគ្គីសនីនៅផ្នែកខាងលើទន្លេរមេគង្គ ជាមូលហេតុដែលធ្វើឱ្យទឹកទន្លេមេគង្គបានប្រែទៅជាល្អក់ ហើយចរន្តមានការប្រែប្រួលមិនទៀតទាត់។

លោក ផយ វណ្ណា៖«ទឹកគឺមានការផ្លាស់ប្តូរចរន្តទឹកបញ្ហាមានវារីអគ្គីសនីនៅជិតយើងដូចជា វារីអគ្គីសនីដនសានហុងធ្វើឱ្យទឹកមានការផ្លាស់ប្តូរពណ័ទឹកល្អក់ស្ទើតែរៀងរាល់ថ្ងៃ ពេលណាគេបើកវារីទឹកយើងល្អក់ ហើយមានក្លិនផ្សេងពីធម្មតា ហើយទឹកជួនកាលថ្ងៃណាស្រក២ម៉ែត្រក៏មានថ្ងៃណាឡើង២ម៉ែត្រក៏មានគឺមានកាផ្លាស់ប្តូរកំរិតទឹក គឺមានបញ្ហាប្រឈមខ្លាំង។»

កាលពីខែតុលា ឆ្នាំ ២០២០ រដ្ឋបាលជលផលកម្ពុជា និង អង្គការWWF បានចេញផ្សាយរបាយការណ៍មួយដោយបង្ហាញថា សត្វផ្សោតរស់នៅទន្លេមេគង្គកម្ពុជាបច្ចុបុ្បន្ន មានចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលចំនួននេះត្រូវបានអ្នកវិទ្យសាស្រ្តបកស្រាយថាគឺស្ថិតនៅក្នុងកំរិតថេរក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា អន្លង់ចំនួន៦ដែលសត្វផ្សោតធ្លាប់រស់នៅមិនត្រូវបានរកឃើញសត្វនេះបានប្រើប្រាស់អន្លង់ទាំងនោះទៀតទេ ហើយថាការស្រាវជ្រាវបច្ចុប្បន្នសត្វផ្សោតបានប្រើប្រាស់អន្លង់តែ៣ប៉ុណ្ណោះ គឺអន្លង់កាំពី អន្លង់កោះកូនសត្វ និងអន្លង់ឈើទាល។

រដ្ឋបាលជលផលកម្ពុជា និង អង្គការ WWF កាលពីខែតុលាឆ្នាំ២០២០ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថា បើទោះបីជាចំនួនសត្វផ្សោតទន្លេមេគង្គស្ថិតក្នុងកំរិតថេរក៏ដោយ ប៉ុន្តែចាំបាច់ត្រូវមានវិធានការរួមគ្នាជាបន្ទាន់ និងខ្លាំងខ្លាជាងមុនដើម្បីការពារសត្វកំរមួយប្រភេទនេះឱ្យជៀសផុតពីការផុតពូជ។

សេចក្តីថ្លែងការណ៍សរសេរថា៖«សត្វផ្សោតទន្លេមេគង្គនៅតែប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ មងនេសាទ ការសាងសងទំនប់នៅតាមទន្លេមេគង្គផ្នែកខាងលើ ការនេសាទហួសកម្រិតការនេសាទខុសច្បាប់ ដូចជាប្រើប្រាស់ឩបករណ៍ឆក់ នុយពុល គ្រាប់បែកកែឆ្នៃសុទ្ធសឹងជាកត្តាគំរាមកំហែងចម្បងដល់ការរស់រានមានជីវិតសត្វផ្សោតទន្លេមេគង្គ»

សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិលលោកផយ វណ្ណា បានជំរុញឱ្យភាគីពាក់ព័ន្ធ មានវិធានការចំពោះបញ្ហាទឹក និងការនេសាទខុសច្បាប់ដែលជាមូលហេតុនាំឱ្យសត្វផ្សោតប្រឈមការផុតពូជ។

លោក ផយ វណ្ណា៖«ខ្ញុំចង់ទទូចឱ្យយកចិត្តទុកដាក់គឺបញ្ហាទឹកហ្នឹងហើយ ហើយនឹងបញ្ហាការនេសាទនេះក៏ជាបញ្ហា។ទឹកនេះប្រហែលមានសរធាតុពុលអ្វីម្យ៉ាងបានធ្វើឱ្យផ្សោតកើតកូនមកចេះតែមិនរស់បន្តរទៀត ។បើផ្សោតមិនពាក់ព័ន្ធនឹងបញ្ហាទឹកទេ ខ្ញុំគិតថា​ផ្សោត៣ក្បាលដែលកើតមកគួរតែសល់ហើយ ១ ឬ ២ដែរតែនេះកើតមកងាប់ទាំងអស់គឺបងមានការព្រួយបារម្ភជាខ្លាំង

បើតាមរបាយការណ៍ដែលចេញផ្សាយដោយរដ្ឋបាលជលផលកម្ពុជា និង អង្គការWWF បានបញ្ជាក់ថា ក្នុងសត្វផ្សោតទន្លេមេគង្គកម្ពុជា ត្រូវបានចាត់ចូលជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN៕

អត្ថបទដោយ ទួក ពិសិដ្ឋ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles