ទូត​អាមេរិក​ប្រចាំ​កម្ពុជា ជំរុញ​រដ្ឋាភិបាល​ឱ្យ​​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី

ដោយ មាន ឫទ្ធិ
2021-02-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទូត​អាមេរិក​ប្រចាំ​កម្ពុជា ជំរុញ​រដ្ឋាភិបាល​ឱ្យ​​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី

លោក យាង សុធារិន្ទ និង​លោក អ៊ួន​ឈិន អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី នៅ​តុលាការ​កំពូល​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។ ការ​ជំរុញ​នេះ ធ្វើឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពី​ថ្ងៃ​ទី៩ កុម្ភៈ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) ​ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី១០ កុម្ភៈ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ កាលពី​ថ្ងៃទី៩ កុម្ភៈ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី។

ប្រតិកម្ម​នេះ កើតមាន​ឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ទទួល​ស្គាល់​ថា លោក​ឯកអគ្គរដ្ឋទូត​ពិត​ជា​បាន​លើកឡើង​ពី​បញ្ហា​នេះ នៅ​ក្នុង​ជំនួប​នោះ​មែន ក៏ប៉ុន្តែ លោក​ថា ពុំ​មាន​ការ​ជំរុញ ឬ​ស្នើ​សុំ​ឲ្យ​ពន្លឿន​សំណុំ​រឿង​នេះ​ឡើយ ដោយសារ​បញ្ហា​នេះ កំពុង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ៖ «លោក​បាន​កត់​សម្គាល់​អំពី​ចំណុច​នេះ​ថា ជា​ដំណើរការ​មួយ​ដែល​មាន​ពេល​វេលា​មួយ ដែល​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​រស់នៅ​របស់​អ្នក​ទាំង​ពីរ​ហ្នុង។ ក៏​ប៉ុន្តែ លោក​បាន​បញ្ជាក់​ជូន​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា នេះ​គឺ​ជា​កិច្ចការ​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។ លោក​មិន​ជ្រៀតជ្រែក​ទៅ​លើ​ការងារ​នេះ​ទេ ហើយ​លោក​ក៏​បាន​ដឹង​តាម​រយៈ​ក្រសួង​យុត្តិធម៌​ផង​ដែរ ដោយសារ​តែ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តុលាការ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កិច្ចការ​នេះ នឹង​ត្រូវ​បន្ត​ធ្វើ»

ផ្ទុយ​ពី​ការ​បក​ស្រាយ​របស់​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​រូប​នេះ ក្រៅពី​បាន​ជំរុញ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ លោក​ឯកអគ្គរដ្ឋទូត​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​រឿង​នេះ ជាបន្ទាន់​ផង​ដែរ។ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ប្ដេជ្ញា​ចិត្ត​ជាថ្មី​ក្នុង​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន ដូចដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

គិត​រហូត​មកទល់​នឹង​ពេលនេះ សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​អាស៊ី​សេរី ២រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៣ឆ្នាំ​ហើយ​ ក្រោយ​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា ឆ្នាំ២០១៧ ហើយ​បាន​ឃុំ​ខ្លួន​ពួក​លោក​ជាង ៩ខែ​ទើប​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​លោក​ពី​បទ​លួច​ផ្ញើ​ព័ត៌មាន​សម្ងាត់​ឲ្យ​រដ្ឋ​បរទេស និង​បទ​ចោទ​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស។ សំណុំ​រឿង​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ ត្រូវ​តុលាការ​កំពូល​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ ដោយ​គ្មាន​កាល​កំណត់ បន្ទាប់​ពី​រក​ពុំ​ឃើញ​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ។ បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី ទាំងពីរ​រូប​នេះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ជា​សំណុំរឿង​បែប​ប្រឌិត និង​ជា​ការសងសឹក​ចំពោះ​វិទ្យុ​អាស៊ី​សេរី ដែល​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​លាតត្រដាង​ពី​ភាព​អសកម្ម​របស់​មន្ត្រី​នានា​ក្នុង​ជួរ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណាត់​ការ​របស់​អាជ្ញាធរ​បែប​នេះ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការវាយប្រហារ និង​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅមុន​ពេល​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជាតិ កាលពី​ឆ្នាំ២០១៨។

អស់​រយៈ​ពេល ៤ឆ្នាំជាប់គ្នា សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ពី​លេខ ១៣២ កាលពី​ឆ្នាំ២០១៧ មកដល់​លេខ ១៤៤ ក្នុង​ឆ្នាំ២០២០ ក្នុង​ចំណោម ១៨០ ប្រទេស​នៅ​លើ​ពិភពលោក។ ចំណាត់ថ្នាក់​នេះ មានន័យ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​លំបិន​ផ្នែក​សេរីភាព​សារព័ត៌មាន ខណៈ​អ្នកសារព័ត៌មាន​នូវ​តែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ស្ថិត​ក្រោម​ការ​រឹតត្បិត ការ​គំរាមកំហែង និង​ការ​ចាប់​ដាក់​គុក​ជាដើម។ ទន្ទឹម​នឹង​នេះ កម្ពុជា នៅ​តែ​បន្ត​ជាប់​ឈ្មោះ ជា​ប្រទេស «ផ្ដាច់​ការ» នៅ​លើ​ពិភពលោក​ ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ ឆ្នាំ២០២០ របស់​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit, EIU) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏ (London) ចក្រភព​អង់គ្លេស (UK)។

ក្រៅពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពី​ពេល​ថ្មីៗ នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ្វ៊ី ក៏បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ ក្នុង​ជំនួប​នោះ លោក​ឯកអគ្គរដ្ឋទូត​ បាន​លើក​ឡើង​ពី​កង្វល់​នានា ជុំវិញ​បទ​ចោទ​ប្រឆាំង​នឹង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង។ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ថា សហរដ្ឋ​អាមេរិក មិន​កាន់ជើង​ខាង​ណា​ឡើយ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ឡើង​វិញ​នូវ​លំហ​នយោបាយ ដើម្បី​នាំ​មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិត​ប្រាកដ​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ទូត​អាមេរិក​ប្រចាំ​កម្ពុជា ជំរុញ​រដ្ឋាភិបាល​ឱ្យ​​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី"

  1. Anonymous says:

    I knew you play your game but you did not know the US have to be involve HAS ..HAS…HAAAAAAAAAAAA your court of plastic was so dump they think they can get away from whatever they did but I’m so sorry the time will come after you getting sick. WELL the law in free nation said if you caught the person without guilty of any count you will pay big fund to those people if you can not fine the evident for to long