ហេង រស្មី
2021-02-16
RFA

ការស្ថាបនាផ្លូវនៅកម្ពុជាកន្លងមករងការរិះគន់ថា គ្មានគុណភាព។ រូបថត៖ ក្រសួងសាធារណការនិងដឹកជញ្ជូន
មន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហាពុករលួយជាមូលហេតុចម្បង ដែលធ្វើឱ្យគម្រោងជួសជុលផ្លូវនៅតាមបណ្ដាខេត្តមួយចំនួនគ្មានគុណភាព។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវតែមានការបើកចំហឱ្យមានការចូលរួមត្រួតពិនិត្យទូលំទូលាយពីពលរដ្ឋ និងរដ្ឋាភិបាល ពេលនោះអំពើពុករលួយអាចនឹងថយចុះ។ ប៉ុន្តែលោកថា ផ្ទុយទៅវិញគម្រោងសាងសង់សំខាន់ៗ មានការលាក់កំបាំងព័ត៌មាន ដែលជាឱកាសដល់មន្ត្រីថ្នាក់ក្រោម ឬអ្នកម៉ៅការគម្រោងសាងសង់ឃុបឃិតគ្នា ដើម្បីប្រព្រឹត្តិអំពើពុករលួយ៖ «ការឃុបឃិតគ្នាហ្នឹង បង្កើតជារឿងចាក់ស្ដើងស៊ីក្រាស់ ហើយវាជាទិសដៅមួយដែលវាបំផ្លាញនូវ ថវិកាជាតិយ៉ាងច្រើនសម្បើម។ អ្វីដែលរដ្ឋាភិបាលរវល់ហ្នឹង គឺរឿងដដែលៗ នៅមានការចំណាយលុយ ទៅលើរឿងដដែលៗ។ អ៊ីចឹងកន្លែងណាដែលត្រូវការការពារកសាងហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវខកខានដែរ។ អ៊ីចឹងបើធ្វើដោយសន្សំសំចៃ ធ្វើឱ្យប្រសិទ្ធភាពទៅវាអាចនឹងមានការបំពេញតម្រូវការហ្នឹងវាច្រើនជាង»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទីអង្គារ សម្ដែងការខកចិត្តពីគុណភាពផ្លូវថ្នល់នៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ កន្លងទៅ និងទិសដៅសម្រាប់ឆ្នាំ២០២១។ លោក បានស្ដីបន្ទោសដល់មន្ត្រីថ្នាក់ក្រោមថា ការស្ថាបនាផ្លូវកន្លងមកគ្មានគុណភាព ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងខាតបង់ថវិកាជាតិ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការជួលជុលផ្លូវ គ្រាន់តែកំណាត់ផ្លូវ ២០គីឡូម៉ែត្រពីខេត្តកំពត ទៅវាលរិញ នៅត្រង់ចំណុចត្រពាំងល្ពៅ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ លោកបន្តថា ផ្លូវនេះត្រូវជួលជុលឡើងវិញ ក្រោយពីបានជួលជុលរួចបានមួយអាទិត្យប៉ុណ្ណោះ។ លោកថា បញ្ហានេះបង្កឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលនឹងប្រទេសជាតិ ហើយមន្ត្រីពាក់ព័ន្ធត្រូវពង្រឹងប្រសិទ្ធភាពរបស់ខ្លួនឡើងវិញ។
របាយការណ៍ស្ដីពីសន្ទស្សន៍នៃអំពើពុករលួយរបស់អង្គការតម្លាភាពដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានបង្ហាញថា ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០ កន្លងទៅ ទទួលបានពិន្ទុ២១ លើពិន្ទុ ១០០ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១៦០ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨០។
ពិន្ទុ និងចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជាមានអំពើពុករលួយខ្លាំងបំផុតនៅក្នុងតំបន់អាស៊ាន និងមានអំពើពុករលួយស្ទើរតែអាក្រក់បំផុតនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដោយឈរនៅលំដាប់លេខ៣ បន្ទាប់ពីកូរ៉េខាងជើង និងប្រទេសប៉ាគីស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។