ដោយ ខែ សុណង
2021-02-17
RFA

លោក ប្រាក់ សីហា ចៅសង្កាត់រងទី២ សង្កាត់កំបូលខាងគណបក្សសង្គ្រោះជាតិ ដែលត្រូវជនមិនស្គាល់មុខគប់នឹងដុំថ្មបែកមាត់ និងបាក់ធ្មេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក Vann Ho
តំណាងស្ថាប័ននគរបាលត្អូញត្អែរថា នគរបាលពិបាករកយុត្តិធម៌ជូនជនរងគ្រោះដែលត្រូវគេលបវាយ ពីព្រោះពួកគាត់មិនព្រមរាយការណ៍ មិនសហការ និងមិនព្រមដាក់ពាក្យប្ដឹងមកអាជ្ញាធរជាដើម។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី ថាពលរដ្ឋទាំងអស់នឹងទទួលបានការពារដោយច្បាប់ ប្រសិនបើដាក់ពាក្យប្ដឹងត្រឹមត្រូវ។ ប៉ុន្តែលោកបញ្ជាក់ថា ក្នុងករណីអ្នករងគ្រោះមិនដាក់ពាក្យប្ដឹងនិងមិនជឿជាក់លើច្បាប់ទេ ខាងសមត្ថកិច្ចក៏មិនអាចស្វែងរកយុត្តិធម៌ឲ្យដែរ។លោកបញ្ជាក់ថា ករណីកន្លងមក ជនរងគ្រោះខ្លះបានដាក់ពាក្យប្ដឹងដែរតែលោកថា ពួកគេផ្ដល់ព័ត៌មានមិនច្បាស់លាស់ មិនជាក់លាក់ និងចង់ចំណេញនយោបាយជាដើម ដែលនេះជាឧបសគ្គរបស់នគរបាលក្នុងការស្រាវជ្រាវ។ តែយ៉ាងណា លោកអះអាងថា នគរបាលនៅតែខិតខំស្រាវជ្រាវរកជនប្រព្រឹត្តបន្តទៀត៖ «តែគ្រាន់ថា គាត់អត់បានផ្ដល់តម្រុយច្បាស់លាស់។ អ៊ីចឹង ប៉ូលិសគេខំរាវហើយ។ សួរនាំ ធ្លាប់មានទំនាស់អត់? ធ្លាប់ធ្វើអ្វីជាមួយនរណាគួរឲ្យសង្ស័យឬអត់? ប៉ូលិសគេសួរអ៊ីចឹង។ ចង់ប្រាប់ការស្រាវជ្រាវរបស់ប៉ូលិស ព្រោះគេបិទមុខ សួរទៅរករូបរាងម្ដេច ភិនភាគអ្វីយ៉ាងម្ដេច? គ្រាន់តែវាយហើយគេវ៉ាឆ្វេងទៅបាត់ ហើយម៉ូតូអត់ស្លាកលេខ ឧទាហរណ៍អ៊ីចឹង។ យើងត្រូវការពេលវេលាស្មុគស្មាញរកណាស់ ហើយគាត់មិនចង់និយាយ។ គាត់ចាប់យកលិច យកកើត កេងចំណេញបន្ថែមទៀតលើសមត្ថកិច្ច ហើយណាទម្លាក់លើរដ្ឋាភិបាល គាត់ចេះតែថាហើយ។ វាងងឹតដូចយប់អ៊ីចឹង»។
ការបញ្ជាក់ពីមេប៉ូលិសផ្កាយ៣រូបនេះ ធ្វើឡើងក្រោយពេលដែលជនមិនស្គាល់មុខ បន្តលបវាយសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ អ្នករងការលបវាយចុងក្រោយគេ គឺជាចៅសង្កាត់រងទី២ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅសង្កាត់កំបូល រាជធានីភ្នំពេញ លោក ប្រាក់ សីហា។
លោកត្រូវបានជនមិនស្គាល់មុខ ២នាក់ យកដុំថ្មវាយផ្ទប់នឹងមុខរបស់លោក បណ្ដាលឲ្យរងរបួសបែកមាត់ដេរជាង ១០ថ្នេរ និងបាក់ធ្មេញមុខមួយកំណាត់គ្រាប់។ ហេតុការណ៍នេះកើតឡើងពេលលោកឈប់រ៉ឺម៉កកង់បីរង់ចាំភ្លើងស្តុបនៅមុខផ្សារដេប៉ូកាលពីថ្ងៃទី១៦ ខែកុម្ភៈ។ លោក ប្រាក់ សីហា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧ ខែកុម្ភៈ ថាមុខរបួសលោករាងអន់ឈឺចុកចាប់ខ្លះហើយ តែលោកគ្មានលទ្ធភាពបន្តការព្យាបាលនៅមន្ទីរពេទ្យឯកជនទៀតទេ។ លោកកំពុងពឹងពាក់គ្រូពេទ្យអង្គការលីកាដូជួយមើលមុខរបួសឲ្យ។
ជនរងគ្រោះដដែលសង្ស័យថា ការលបវាយនេះ បណ្ដាលមកពីរឿងនយោបាយដោយសារលោកមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច និងដោយសារលោក ឧស្សាហ៍ចូលរួមឃ្លាំមើលការតវ៉ារបស់ប្រពន្ធសកម្មជនបក្សប្រឆាំង និងសកម្មជនសង្គមកន្លងមក។ បុរសវ័យ៣៧ឆ្នាំរូបនេះឱ្យដឹងថា មូលហេតុដែលលោកមិនដាក់ពាក្យប្តឹងករណីហិង្សានេះទៅអាជ្ញាធរ ព្រោះគ្មានជំនឿលើអាជ្ញាធរ៖ «ព្រោះអ្វី យើងទៅប្ដឹងឯណាក៏វាអត់បានប្រយោជន៍អ្វីមកវិញដែរ ដោយសារសមត្ថកិច្ចនៅស្រុកខ្មែរយើងអត់រីកចម្រើនទៅមុខ។ អ្នកណាធ្វើអ្វីបានក៏ធ្វើទៅ អត់មានគោរពសិទ្ធិមនុស្ស ម្ដេចៗ អត់មានរកខុសត្រូវឲ្យយើងទេ តាំងពីអើយមក។ ខ្ញុំមើលព័ត៌មានមក វាគ្មានបានរកឲ្យយើងទេ»។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោកអំ សំអាត មានប្រសាសន៍ថា ករណីលបវាយសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ហើយរកមុខអ្នកប្រព្រឹត្តមិនឃើញនេះ ជារឿងមួយគួរឲ្យព្រួយបារម្ភ។ លោកជំរុញឲ្យអាជ្ញាធរខិតខំស្វែងរកអ្នកប្រព្រឹត្តដើម្បីឲ្យពលរដ្ឋជឿជាក់ ជាជាងស្ដីបន្ទោសពលរដ្ឋថា មិនសហការជាមួយអាជ្ញាធរ៖ «ហើយប្រសិនជាបន្ទោសទៅលើអ្នកដែលរងគ្រោះដោយសារគេវាយដំមិនសហការ មិនបានប្ដឹង គួរតែក្រឡេកមើលដែរ ថាតើការបង្កើតទំនុកចិត្តកន្លងមករវាងករណីដែលកើតឡើងជាច្រើននោះ បានបង្ហាញនូវការស៊ើបអង្កេតមួយដែលយកចិត្តទុកដាក់ ហើយនឹងស្វែងរកជនដៃដល់ផ្ដន្ទាទោសបានហើយឬនៅ? អាហ្នឹង ជារឿងមួយដែលយើងត្រូវគិតគូរឡើងវិញ»។
គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ជនមិនស្គាល់មុខបានលបវាយសកម្មជនគណបក្សសង្គ្រោះជាតិ និងសាច់ញាតិ និងអ្នកសម្ដែងមតិជាង ៣០នាក់ហើយ។ ជនរងគ្រោះខ្លះរងការលបវាយប្រហារពីក្រោយខ្នងផ្ទួនៗ ពីរដងក៏មាន។
សកម្មភាពវាយប្រហារទាំងនោះ កើតឡើងប្រហាក់ប្រហែលគ្នា គឺជនដៃដល់ជិះម៉ូតូលបវាយជនរងគ្រោះពីក្រោយដោយប្រើឧបករណ៍រឹង ដូចជា ដុំថ្ម ដុំឥដ្ឋ និង ដំបងដែកជាដើម។ មកទល់ពេលនេះមានតែសំណុំរឿងមួយគត់ដែលសមត្ថកិច្ចចាប់ជនសង្ស័យបាន ៣នាក់ គឺករណីវាយដំកូនប្រុសរបស់សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកំពង់ឆ្នាំង។
ករណីក្រៅពីនេះ សមត្ថកិច្ចនៅតែអះអាងដដែលៗថា កំពុងស៊ើបអង្កេត ប៉ុន្តែសមត្ថកិច្ចមិនបានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតសំណុំរឿងទាំងនោះឡើយ។ ជនរងគ្រោះសង្ស័យថា ជនមិនស្គាល់មុខដែលធ្វើសកម្មភាពលបវាយកន្លងមក គឺជាអ្នកមានជំនាញ និងមានគោលដៅច្បាស់លាស់ក្នុងការវាយប្រហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេធាវីថា លោក កឹម សុខា នឹងមិនប្តឹងសើរើទាមទារសំណងទេ បើតុលាការលើកលែងការចោទប្រកាន់លោក កឹម សុខា
- តុលាការនឹងបន្តសវនាការសំណុំរឿងលោករ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនៅដើមខែក្រោយ
- តុលាការក្រុងភ្នំពេញនឹងបន្តសវនាការលើក្រុមសកម្មជនសង្គម និងបក្សប្រឆាំងនៅដើមខែក្រោយ
- សមាជិកបក្សប្រឆាំង លោក ស៊ូ យាន ជាប់ពន្ធនាគារ ២ដង ដោយសារការតស៊ូមតិផ្នែកនយោបាយ
- មតិពលរដ្ឋជុំវិញការលើកពេលសវនាការជម្រះក្ដីសកម្មជន និងអ្នកគាំទ្របក្សប្រឆាំង
- តុលាការសម្រេចលើកពេលជំនុំជម្រះរឿងក្ដីមន្ត្រី និងសកម្មជនបក្សប្រឆាំង ទៅដើមឆ្នាំ២០២១
- អាជ្ញាធរខេត្តកំពតដោះលែងសកម្មជនបក្សប្រឆាំងម្នាក់វិញ ក្រោយចាប់ខ្លួនសាកសួរ៥ម៉ោងដោយគ្មានមូលហេតុ
- មេធាវីថា ដីកាកោះហៅមនុស្សជាង១០០នាក់ ក្នុងរយៈពេលខ្លីធ្វើឲ្យពិបាកក្នុងការត្រៀមខ្លួន
- សកម្មជនបក្សប្រឆាំងម្នាក់នៅបាត់ដំបងត្រូវបានចាប់ខ្លួនក្រោមបទចោទថា កាប់ព្រៃឈើ
- មន្ត្រីបក្សប្រឆាំងចាត់ទុកដីកាកោះរបស់តុលាការរបបក្រុងភ្នំពេញថា ជារឿងកំប្លែង