មន្ត្រី​​ពេទ្យ​​ខេត្ត​សៀមរាប​​ថា​​គ្រូពេទ្យ​​ម្នាក់​​ស្លាប់​​មិន​​ពាក់​ព័ន្ធ​​ការ​​ចាក់​​វ៉ាក់សាំង​​កូ​វីដ​១៩​ទេ​

កូវីដ-១៩ | ព័ត៌មានជាតិ | សុខភាព
កញ្ញា ខាន់ លក្ខិណា |០៣ មីនា ២០២១ |ម៉ោង ១៥:១៣
VOD

ពលរដ្ឋពាក់ម៉ាស់ដើរឆ្លងកាត់ក្លោងទ្វារច្រកចូលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ពលរដ្ឋពាក់ម៉ាស់ដើរឆ្លងកាត់ក្លោងទ្វារច្រកចូលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)


​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បំភ្លឺ​ថា ​ករណី​ស្លាប់​របស់​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​នេះ មិន​ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​«ស៊ី​ណូ​ហ្វា​ម»ដែល​ជា​ជំនួយ​របស់​ចិន​នោះ​ទេ។

ក្នុង​លិខិត​បំភ្លឺ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ចុះ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ឱ្យ​ដឹង​ថា បើ​តាម​ការវាយតម្លៃ​របស់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យនិង​ក្រុម​គ្រូពេទ្យ​នោះ ការបាត់បង់​ជីវិត​របស់​លោក​វេជ្ជបណ្ឌិត ស៊ាង តុលា ជា​គ្រូពេទ្យ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​សង្គ្រោះ​បន្ទាន់​ដំបូង ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​ថ្ងៃទី០២ ខែមីនា មិន​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩នោះ​ទេ ដោយ​ថា ​លោក​បាត់បង់ជីវិត​ព្រោះ​មាន​បញ្ហា​សរសៃឈាម​បេះដូង។ 

លិខិត​បំភ្លឺ​ដដែលបន្ត​ថា នៅ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ គ្រូពេទ្យ​រូប​នោះបាន​ចូលរួម​ប្រជុំ​មួយ​ព្រឹក និង​បាន​បំពេញការងារ​ពិនិត្យ​ជំងឺ​ជា​ធម្មតា រហូតដល់​ម៉ោង៣រសៀល លោក​បាន​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ នៅ​មន្ទីរពេទ្យ​បង្អែក​នេះ។ 

មន្ទីរពេទ្យ​បង្អែក បន្ត​ទៀត​ថា មុន​ពេល​ចាក់​វ៉ាក់សាំង មន្ត្រី​បម្រើការ​នៅកន្លែង​ចាក់​វ៉ាក់សាំង បាន​ពិនិត្យ​សុខភាពនិង​វាយតម្លៃ ហើយ​បាន​បញ្ជាក់​ថា លោក​វេជ្ជបណ្ឌិត ស៊ាង តុលា ពុំ​មាន​បញ្ហា​សុខភាព​ដែល​ត្រូវ​ហាមឃាត់​ការ​ចាក់​វ៉ាក់សាំង​នោះ​ទេ។ 

មន្ទីរពេទ្យ​បង្អែក បញ្ជាក់​ថា នៅពេល​ចាក់​វ៉ាក់សាំង​រួច​ប្រមាណ៣០នាទី លោក​វេជ្ជបណ្ឌិត ស៊ាង តុលា មិន​មាន​បញ្ហា​អ្វី​កើតឡើង និង​ពុំ​មានផល​រំខាន​អ្វី​ដែរ ទើប​លោក​ទៅ​ធ្វើការ​ធម្មតា។ ប៉ុន្តែក្រោយមក នៅ​យប់​ថ្ងៃទី០១ ខែមីនា មុន​ពេលចូល​សម្រាក​ គ្រូពេទ្យ​រូប​នេះបាន​ត្អូញ​ថា ឈឺទ្រូងនិង​អស់កម្លាំង ដោយសារ​មិនបាន​សម្រាក។ ហើយ​នៅ​វេលា​ម៉ោង៣ទៀបភ្លឺ ឈាន​ចូល​ថ្ងៃទី០២ ខែមីនា លោក​ក៏បាន​សន្លប់និង​គាំង​ដង្ហើម ដោយក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​សង្គ្រោះ​បេះដូងនិង​ដង្ហើម ប៉ុន្តែ​មិន​អាច​ជួយសង្គ្រោះ​បាន​ឡើយ។ 

ប្រធានមន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ា​ត់ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយចំពោះ​ករណីនេះ ដោយ​លោក​ឱ្យទៅ​សួរ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​វិញ។

ប្រធានមន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប លោក ប៉ែន ផលគុណ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម ដោយ​ឱ្យ​អ្នកសារព័ត៌មាន​ដកស្រង់​តាម​លិខិត​បំភ្លឺ​ដែល​មន្ទីរពេទ្យ​បង្អែក​បាន​ចេញ។

លោក​ថា៖ «លិខិត​បំភ្លឺ​ហ្នឹង​របស់​មន្ទីរពេទ្យ! ចំពោះ​ខ្ញុំ​ និយាយ​ដូចតែ​នៅក្នុង​លិខិត​ហ្នឹង»។

អភិបាលរងខេត្ត​សៀមរាប លោក ពិន ប្រាកដ មានប្រសាសន៍​ថា បើ​តាម​ការ​បំភ្លឺ​របស់​មន្ទីរ​ពេទ្យនោះ អាជ្ញាធរ​មិន​មានការ​សង្ស័យ​អ្វីចំពោះ​ការ​ទទួលមរណភាព​របស់លោក​វេជ្ជបណ្ឌិត ស៊ាង តុលា នោះ​ទេ ព្រោះ​ការ​ទទួលមរណភាព​នេះមិន​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ឡើយ។ 

លោក​ថា៖ «បន្ទាប់ពី​មានការ​ឆ្លើយ​បំភ្លឺ​មន្ទីរ​សុខាភិបាល យើង​ដូច​អត់មាន​ការ​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ហ្នឹង​ទេ ដោយសារ​ប៉ុន្មានថ្ងៃហ្នឹង គាត់​ឧស្សាហ៍​ធ្វើ​ទុក្ខ​ដែរ សង្ស័យ​ថាគាត់​មាន​ជំងឺបេះដូង»។

អភិបាលរងខេត្ត​រូប​នេះ ឱ្យ​ដឹង​ដែរ​ថា រូបលោក​ផ្ទាល់ គ្រោង​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩ នៅ​ថ្ងៃស្អែក។

ក្រសួងសុខាភិបាលបាន​ប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ «ស៊ី​ណូ​ហ្វា​ម» ដែល​ជា​ជំនួយ​របស់​ចិន ក្នុង​ជំ​ហាន​ទី៣ ដល់​បណ្តា​ខេត្ត​ចំនួន១៥ ក្នុង​នោះ​ក៏​មាន​ខេត្តសៀមរាបផង​ដែរ ដែល​ចាប់ពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ 

បើ​តាម​ក្រសួងសុខាភិបាល ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូីដ១៩ ជំហាន​ទី១ បាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែកុម្ភៈ និង​ជំហាន​ទី២ ធ្វើឡើង​នៅ​តាម​បណ្តា​ខេត្ត​ចំនួន៩ ដែល​មាន​ព្រំដែន​ជាប់នឹង​ប្រទេស​ថៃ វៀតណាម និង​ឡាវ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles