អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ដាក់​លក្ខខណ្ឌ​ចង់​រឹតត្បិត​ការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​របស់​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ

ដោយ មាន ឫទ្ធិ
2021-03-25
RFA

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ដាក់​លក្ខខណ្ឌ​ចង់​រឹតត្បិត​ការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​របស់​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ

(ឆ្វេង) លោក អាន សុខខឿន តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ (កណ្ដាល) លោក ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក និង​សាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) ​អ្នករាយការណ៍​ពិសេស​ថ្មីរបស់​អង្គការ​សហប្រជាជាតិ ជំនួស​អ្នកស្រី រ៉ូណា ស្ម៊ីត។ រូប៖ RFA, ហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva និង United Nations Free & Equal


អ្នកការពារ​សិទ្ធិ​មនុស្ស​យល់​ថា ការ​ស្វាគមន៍​អម​ជាមួយ​នឹង​សារ​ព្រមាន​ទុកជាមុន​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ឲ្យ​ឃើញ​ពី​ធាតុ​ពិត​របស់​រដ្ឋាភិបាល​ ដែល​ចង់​ដាក់​លក្ខខណ្ឌ​រឹតត្បិត​ការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ។

ការ​ស្វាគមន៍​លាយឡំ​ជាមួយ​នឹង​សារ​ព្រមាន និង​ដាក់​លក្ខខណ្ឌ​ទុក​​ជាមុន​របស់​កម្ពុជា​នេះ កើតមាន​ឡើង​ទាំង​នៅ​មុន និង​​ក្រោយ​លោក​សាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ផ្លូវការ​ឲ្យ​ធ្វើ​ជា​អ្នករាយការណ៍​ពិសេស​ថ្មី ជំនួស​អ្នកស្រី រ៉ូណា ស្ម៊ីត ដែល​នឹង​ត្រូវ​ផុត​អាណត្តិ​នៅ​ដំណាច់​ខែ​មេសា។

ថ្លែង​ក្នុង​​​សម័យ​ប្រជុំ​លើកទី៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី២៤ ខែមីនា តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ លោក អាន សុខខឿន គូស​បញ្ជាក់​ថា កម្ពុជា សង្ឃឹមថា អ្នករាយការណ៍​ពិសេស​ថ្មី​នេះ នឹង​បំពេញការងារ​ស្រប​តាម​ក្រម​សីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​នីតិវិធី​ពិសេស បាន​យ៉ាង​ខ្ជាប់​ខ្ជួន។ លោក​បន្ត​ថា កម្ពុជា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី លោក​សាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន។ តំណាង​កម្ពុជា​រូប​នោះ ក៏​មិន​ភ្លេច​ក្រើន​រំឭក​លោក វីទិត ម៉ុនតារប៊ន ឲ្យ​យល់​ពី​សារសំខាន់​នៃ​ការ​បំពេញ​ការងារ​ផ្អែក​លើ​អ្វី​មួយ​ដែល​លោក​ហៅ​ថា «ការ​ពិត ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​បាន» ដែល​ទទួល​បាន​មកពី​គ្រប់​ភាគី​ពាក់ព័ន្ធ គួរឲ្យ​ទុក​ចិត្ត​បាន។ ក្រៅពីនោះ លោក​ក៏​បាន​លើកឡើង​ដែរ ឲ្យ​អ្នករាយការណ៍​ពិសេស​ថ្មី ត្រូវ​គោរព​តាម​ច្បាប់​កម្ពុជា និង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។

នៅមុន​ការតែងតាំង​ជា​ផ្លូវ​ការ​នៃ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​នេះ មន្ត្រី​តំណាង​កម្ពុជា​រូប​នេះ ក៏​ធ្លាប់​លើក​ឡើង​ដែរ​ដោយ​ព្រមាន​ទុកជាមុន​ទៅ​អ្នក​រាយការណ៍​ពិសេស​ថ្មី​ ឲ្យ​បំពេញ​ការងារ​មិន​លម្អៀង មិន​ជ្រើស​តែ​មួយ​ជ្រុង និង​មិន​ធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជា​ដើម។ ជា​ពិសេស តំណាង​កម្ពុជា​រូប​នោះ ក៏​ចង់​ឃើញ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​នេះ ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​ប្រភព​របស់​រដ្ឋាភិបាល​ជា​មុន​សិន មុន​នឹង​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន។

អ្នកការពារ​សិទ្ធិ​មនុស្ស និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ហៅ​ការ​ស្វាគមន៍ អម​ជាមួយ​សារ​ព្រមាន​ទុកជាមុន​របស់​តំណាង​កម្ពុជា លោក អាន សុខខឿន ទៅ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​នេះ ថា ជា​ឥរិយាបថ​មិន​សម​ទំនង​ ហើយ​​កម្ពុជា​មិន​​ត្រូវ​លើក​ឡើង​នោះ​ទេ។ លោក​ហៅ​សារ​របស់​តំណាង​កម្ពុជា​រូប​នោះ​ថា ​ជា​ការ​ប៉ុនប៉ង​រឹតត្បិត​ការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​របស់​អ្នករាយការណ៍​ពិសេស​ថ្មី៖ «មាន​ន័យ​ថា វា​ជា​ការ​ដាក់​កម្រិត ដាក់​កំហិត​រឹតត្បិត។ ការ​លើក​ឡើង​បែប​នេះ វា​កាន់​តែ​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​រដ្ឋាភិបាល​កម្ពុជា​ មិន​ត្រឹមតែ​រឹតត្បិត​ទៅលើ​សេរីភាព​របស់​ពលរដ្ឋ​ខ្លួន​ទេ ថែម​ទៅ​ដាក់​លក្ខខណ្ឌ​ និង​ដាក់​កំហិត​ទៅដល់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទៅទៀត។ អ៊ីចឹង វា​កាន់​តែ​បង្ហាញ​​ទៅលើ​ឆាក​អន្តរជាតិ​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​មួយ​ដែល​មាន​សេរីភាព​ទេ សូម្បី​តែ​ខាង​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ ក៏​គេ​បាន​ប្រើ​នូវ​ឥទ្ធិពល​ទៅ​រឹតត្បិត​ ទៅ​តម្រូវ​ឲ្យ​ធ្វើ​តាម​ខ្លួន​ដែរ។ វា​កាន់តែ​បង្ហាញ​កាន់តែ​ច្បាស់​ទៅ​សហគមន៍​អន្តរជាតិ​ទៅទៀត ពី​ចរិត​របស់​កម្ពុជា»

លោក ស៊ឹង សែនករុណា បន្ត​ថា ជា​ជាង​ផ្តល់​ឱវាទ​ដល់​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​ទៅវិញ​ទេ ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មិន​ត្រូវ​ព្យាយាម​លាក់​បាំង​នៅ​ការ​ពិត​នោះ​ទេ។ លោក​ថា តាម​រយៈ​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​មុនៗ របស់​អង្គការ​សហប្រជាជាតិ ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ការ​រក​ឃើញ​របស់​ពួក​គេ គឺ​ពិត​ជា​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ការ​ពិត​នៅ​កម្ពុជា មាន​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​នានា ជា​ពិសេស​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​កែប្រែ​ឥរិយាបថ​ក្នុង​ការ​បំពេញ​ការងារ​ជា​មួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ឲ្យ​បាន​ត្រឹម​ត្រូវ និង​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់៖ «គឺ​ទាល់តែ​រដ្ឋាភិបាល​ទៅវិញ​ដែល​ជា​អ្នក​ត្រូវ​កែប្រែ​ឥរិយាបថ ផ្លាស់​ប្ដូរ​ពី​ការ​រំលោភបំពាន​ទៅលើ​សិទ្ធិ​មនុស្ស ហើយ​នឹង​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​អី​ទាំង​អស់ ហ្នុង​ហើយ​របាយការណ៍​​របស់​អ្នករាយការណ៍​ពិសេស​ គេ​នឹង​ធ្វើ​ការ​រាយ​ការណ៍​ទៅតាម​ហ្នុង​ហើយ។ ក៏​ប៉ុន្តែ បើ​សិន​ជា​មិន​ប្ដូរ​ផ្លាស់​ឥរិយាបថ​បែប​ហ្នុង​ទេ សេចក្ដី​រាយការណ៍​ ទោះបី​ដូរ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ មក​ម្នាក់​ណា រូប​ណា​ទៀត ក៏​នៅ​តែ​គេ​ធ្វើ​របាយការណ៍​​ការ​ពិត​បែប​នោះ​ដដែល​ទេ»។

លោក វីទិត ម៉ុនតារប៊ន គឺជា​មនុស្ស​ទី៧ ហើយ ដែល​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​តែងតាំង​ឲ្យ​មក​កាន់​តួនាទី​ជា​អ្នក​រាយការណ៍​ពិសេស ឬ​អ្នក​ស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា។ លោក​នឹង​បំពេញ​ការងារ​ជា​ផ្លូវ​ការ​របស់​លោក​ក្រោម​អាណត្តិ​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១ ខែឧសភា​ត​ទៅ។

អ្នក​រាយការណ៍​ផុត​អាណត្តិ គឺ​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អ្នកស្រី អបអរ​សាទរ​ដល់​សាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន ដែល​ត្រូវ​បាន​តែងតាំង​ជា​ផ្លូវ​ការ​​ជា​អ្នក​រាយការណ៍​ទី៧ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អ្នក​ស្រី​ថា អ្នក​ស្រី​នឹង​ពិភាក្សា​អំពី​ការ​ប្រគល់​អាណត្តិ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ។

រីឯ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR អ្នកស្រី ចក់ សុភាព ក៏បាន​ស្វាគមន៍​លោក វីទិត ម៉ុនតារប៊ន ដែល​ត្រូវ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ តែងតាំង​ជា​ផ្លូវការ​។ អ្នកស្រី​សង្ឃឹមថា តាមរយៈ​បទពិសោធន៍ ការចូលរួម​យ៉ាងសកម្ម​​របស់​លោក​កន្លងមក និង​ការ​យល់​ដឹង​ពី​បរិបទ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់ លោក វីទិត ម៉ុនតារប៊ន នឹង​អាច​បំពេញ​អាណត្តិ​របស់​លោក​ក្នុង​ការ​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ធានា​នូវ​ធាតុ​ចូល​ពី​សហគមន៍​ដែល​ជា​​សំឡេង​មិន​សូវ​បាន​យកចិត្ត​ទុក​ដាក់ ដើម្បី​ស្ដារ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ជា​រឿយៗ នៅ​សឹងតែ​គ្រប់​អាណត្តិ ភាព​រកាំរកូស​រវាង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តែងតែ​កើត​មាន​ឡើង​ជា​ហូរហែ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល។ មាន​ពេល​ខ្លះ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​ចង់​បណ្ដេញ​ចេញ មិន​ស្វាគមន៍​អ្នក​រាយការណ៍​ពិសេស​ទាំង​នោះ ដោយ​ហៅ​ពួកគេ​ថា​ជា «អ្នក​ទេសចរណ៍​តាម​រដូវ​កាល» ឬ​ក៏​ថែមទាំង​ឈាន​ទៅ​គំរាម​បិទ​ចោល​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ឲ្យ​លែង​មាន​ស្រមោល​នៅ​កម្ពុជា​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ដាក់​លក្ខខណ្ឌ​ចង់​រឹតត្បិត​ការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​របស់​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ"

  1. Anonymous says:

    we’ll see he may be the great person to top down this beast regime

  2. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ វាតែថា ប្រទេសខ្លះ
    ប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យដោយច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ដែលមានឧទាហរណ៍សហរដ្ឋ
    អាមេរិកជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន បានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង
    ស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នានាំខ្លួនឯងឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវកូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក គឺជាមុខ
    សញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅ
    អាមេរិក ។
    (នៅមានត)

  3. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    (វគ្គទី២ )
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅមកំណើតអាហ្វ្រិក
    បើទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអើងពូជសាសន៍នៅអាមេរិក ដែលចង់មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហើយដែលត្រូវបានប្រទេសជាច្រើនធ្វើការថ្កោលទោសអាមេរិកនៅ
    ឯមហាសន្និបាតអង្គការ សហប្រជាជាតិភ្នែកសិទ្ធិមនុស្ស ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯងធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហើយដែលអសមេរិកខ្លួនឯងធ្វើមិនបានល្អ ឬ ធ្វើមិនបាន
    នេះដែរ ។
    បើនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបាន
    អាមេរិកប្រើប្រាសជាឧបករណ៍ដើម្បីដាក់គំនាបទៅលើប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលើលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងCNRPដែលជា
    អាយ៉ង ហើយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហើយដែលអង្គការទាំង២នេះ
    ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាស៊ីសេរី និងកាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហើយ ទើបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហើយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកើតឡើងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដើម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកប្រជាប្រីយ៍ភាពឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបើមិនឈ្នះ គឺប្រើកម្លាំងមហាជនដើម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។ (នៅមានត)