ដោយ មាន ឫទ្ធិ
2021-04-19
RFA

ព្រះសង្ឃនៅក្នុងវត្តមួយនៅជនបទបានទទួលតេយ្យទានពីពុទ្ធបរិស័ទខ្មែរ។ រូប៖ ហ្វេសប៊ុក
ព្រះសង្ឃ អាចនឹងប្រឈមខ្វះចង្ហាន់ដូចប្រជាពលរដ្ឋដែរ ប្រសិនបើវិបត្តិជំងឺកូវីដ១៩ បន្តអូសបន្លាយថែមទៀត ខណៈវត្តអារាមមួយចំនួននៅសល់អង្ករ មី ឬត្រីខតិចតួចប៉ុណ្ណោះ សម្រាប់ធ្វើចង្ហាន់។ ព្រះសង្ឃដែលជួបបញ្ហាស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ដល់វត្តណាដែលជួបបញ្ហាតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ព្រះចៅអធិការវត្តគោកខ្ពស់ ស្រុកពួក ខេត្តសៀមរាប ព្រះតេជគុណ ពៅ ច័ន្ទតារា មានថេរដីកាឱ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មកថ្ងៃខ្លះសង្ឃត្រូវដាច់ចង្ហាន់ បែរមកឆាន់មីជំនួសបាយ។ ព្រះតេជគុណបន្តថា វត្តព្រះអង្គមានព្រះសង្ឃកំពុងបួសរៀនចំនួន ៤៨ អង្គ ប៉ុន្តែសល់អង្ករក្នុងវត្តប្រាំបាវ និងបានដាំបន្លែខ្លះដែរ។ ព្រះតេជគុណអង្គនេះបន្តថា ក្នុងស្ថានភាពនេះ វត្តអាចទប់ទល់រឿងចង្ហាន់បាន ប៉ុន្តែចំពោះថវិកាបង់ថ្លៃភ្លើងដែលវត្តត្រូវបង់ក្នុងមួយខែជាង ៧០ ម៉ឺនរៀល គឺវត្តប្រឈមគ្មានលុយបង់។ ព្រះតេជគុណយល់ថា រដ្ឋាភិបាល គួរជួយអន្តរាគមន៏ ឬបន្ធូរបន្ថយការបង់ថ្លៃភ្លើងដល់វត្តអារាម៖ «ដាច់ណឹងចង់និយាយថា ដាច់ស្បៀងតែម្ដង តែក្នុងករណីមានញាតិញោមមកធ្វើចង្ហាន់យើងបានមួយពេល។ ករណីបន្ទាន់ គឺស្រុះមីឆាន់ មានមីឆាន់ដែរ»។
ស្រដៀងគ្នានេះដែរ ព្រះចៅអធិការវត្តប៉ាក់ណាមខេត្តកណ្ដាល ព្រះតេជគុណ ញ៉ឺង ឡេង មានថេរដីកាឱ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី១៩ ខែមេសាថា ពេលនេះវត្តប៉ាក់ណាមនៅសល់អង្ករនិងមីបន្តិចបន្ដួចសម្រាប់ឆាន់ ប៉ុន្តែថវិកាសម្រាប់ដោះស្រាយបញ្ហាទឹកភ្លើង គឺវត្តគ្មានទេ។ ព្រះតេជគុណ ឱ្យដឹងថា ព្រះសង្ឃវត្តប៉ាក់ណាមមិនអាចចេញបិណ្ឌបាតបានទេ ចំណែកពុទ្ធបរិស័ទពេលនេះក៏កម្រឃើញមកធ្វើបុណ្យ ឬ ប្រគេនចង្ហាន់ដល់ព្រះសង្ឃដែរ៖ «មីអត់នៅដែរ ប៉ុន្តែបញ្ហាសំខាន់គឺការចំណាយលើទឹកភ្លើង ឬព្រះសង្ឃអាពាធឬបច្ច័យប្រើប្រាស់ក្នុងវត្តគឺអត់មាន»។
រីឯព្រះចៅអធិការវត្តត្បែង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ព្រះតេជគុណ សាត សុភាព មានថេរដីកាដែរថា ព្រះសង្ឃក្នុងវត្តរបស់ព្រះអង្គបានផ្អាកចេញបិណ្ឌបាតតាំងពីមុនពេលផ្ទុះជំងឺកូវីដទៅទៀត។ ព្រះអង្គ ឱ្យដឹងទៀតថា វត្ត នៅមានអង្គស្តុកទុកខ្លះ ហើយក្នុងបរិវេណវត្តក៏បានដាំត្រកួន ដាំស្ពៃខ្លះសម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃចំនួន ៥០ អង្គ ដែលកំពុងគង់នៅ។ ព្រះតេជគុណ បន្តថា ប្រសិនបើវិបត្តិជំងឺកូវីដ១៩អូសបន្លាយពេលប្រមាណមួយខែទៀត វត្តព្រះតេជគុណអាចប្រឈមខ្វះអង្ករ៖ «ឥឡូវនេះមិនទាន់ថាខ្វះទេ តែបើរោគកូវីដហ្នឹងនៅតែបន្តអាចខ្វះខាត។ ពេលនេះព្រះសង្ឃអាចទ្រទ្រង់បានដោយសារបន្លែអីផ្សេងៗព្រះសង្ឃដាំក្នុងវត្តអីចឹងទៅណាញោម»។
ជុំវិញរឿងនេះ អាស៊ីសេរីមិនអាចការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក សេង សុមុនី នៅថ្ងៃទី១៩ ខែមេសា បានទេ ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។ ទោះយ៉ាងណា លោកធ្លាប់ឱ្យដឹងថា នៅពេលក្នុងតំបន់ណាជួបបញ្ហាខ្វះខាតចង្ហាន់ អាចទាក់ទងទៅអាជ្ញាធរក្នុងតំបន់នោះឱ្យជួយដោះស្រាយ។
រីឯព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ព្រះតេជគុណ ឃឹម សន មានថេរដីកាឱ្យដឹងថា ព្រះតេជគុណមិនទាន់ទទួលព័ត៌មានថា មានវត្តណាមួយដាច់ចង្ហាន់នៅឡើយទេ ប៉ុន្តែព្រះអង្គទទួលស្គាល់ថា ពេលនេះវត្តអារាមខ្លះ កំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារ។ ទោះយ៉ាងណា ព្រះអង្គថា ស្ថាប័នសង្ឃមិនទាន់មានគោលការណ៍ក្នុងការជួយសង្គ្រោះវត្តដែលជួបបញ្ហានេះនៅឡើយទេ ប៉ុន្តែព្រះអង្គបានណែនាំទៅមេគណតាមវត្តឱ្យចេះជួយចែករំលែកគ្នាត្បិតពេលនេះព្រះសង្ឃមិនអាចចេញបិណ្ឌបាតបានទេ៖ «ឱ្យជួយគ្នាពេលហ្នឹងឱ្យពុទ្ធបរិស័ទ ព្រះចៅអធិការគ្រប់វត្តហ្នឹងយកព្រះទ័យទុកដាក់ដើម្បីលៃយ៉ាងម៉ិចខិតខំដោះស្រាយចង្ហាន់ព្រះសង្ឃតាមអ្វីដែលអាចធ្វើទៅបាន»។
បច្ចុប្បន្ន មានវត្តទូទាំងប្រទេសជាង ៥ ពាន់វត្ត និងមានព្រះសង្ឃជាង ៦ ម៉ឺនអង្គ។ តាមទំនៀមទំលាប់ខ្មែរព្រះសង្ឃតែងពឹងលើចង្ហាន់ពុទ្ធបរិស័ទប្រគេន ប៉ុន្តែចាប់តាំងការផ្ទុះជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅ ព្រះសង្ឃភាគច្រើន ទូទាំងប្រទេស មិនអាចចេញបិណ្ឌបាតបានទេ។ ចំណែកពលរដ្ឋក៏ពិបាកនឹងទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃដែរ។
ព្រះមេគណរាជធានីភ្នំពេញ ព្រះតេជគុណ ឃឹម សន ស្នើទៅព្រះសង្ឃតាមបណ្ដាវត្តដែលមានដីទំនេរអាចដាំចុះបន្លែដើម្បីគ្រាន់ដោះស្រាយបញ្ហានៅពេលនេះ។
ចំណែកព្រះសង្ឃតាមវត្តអារាមនានាចង់ឃើញរដ្ឋាភិបាលផ្អាកបង់លុយថ្លៃទឹក និងថ្លៃភ្លើងពីវត្តសិនដូចដែលរដ្ឋាភិបាលបានអនុគ្រោះដល់ពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។