ដោយ សុជីវី
2021-04-25
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ រូបឯកសាររូប៖ AFP
អ្នកឃ្លាំមើលសង្កេតឃើញថា ការប៉ុនប៉ងផ្ទេរអំណាចពីឪពុកទៅកូនរបស់លោក ហ៊ុន សែន បង្ហាញកាន់តែច្បាស់នៅពេលនេះ។ ពួកគេថា លោក ហ៊ុន សែន មិនទុកចិត្តអ្នកណាក្រៅពីកូនរបស់ខ្លួននោះទេ ក្នុងការដឹកនាំប្រទេសជំនួសព្រោះខ្លាចត្រូវគេស៊ើរើទោសកំហុសរបស់លោកក្នុងពេលដឹកនាំប្រទេស។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា វៀតណាមដែលជាចៅហ្វាយចាស់របស់លោក ហ៊ុន សែន នៅតែមានឥទ្ធិពលក្នុងការជួយជ្រោមជ្រែងឱ្យលោក ហ៊ុន ម៉ាណែត អាចស្នងតំណែងពីឪពុកលោកបាន។ លោកយល់ថា លិខិតលោក ហ៊ុន សែន ដែលផ្ញើទៅមេដឹកនាំវៀតណាមបង្ហាញពីគុណសម្បត្តិលោក ហ៊ុន ម៉ាណែត ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩៖ «លោក ហ៊ុន សែនទំនងប្រាប់មេដឹកនាំវៀតណាមថា ឱ្យជ្រោមជ្រែងផែនការផ្ទេអំណាចពីគាត់ទៅលោក ហ៊ុន ម៉ាណែតផង និយាយឱ្យចំបើសិនវៀតណាមមិនជួយជ្រោមជ្រែងទេ គីឡូលោក ហ៊ុន ម៉ាណែតមិនអាចទប់ស្ថានការណ៍បានទេ»។
ប្រតិកម្មពីអ្នកវិភាគបែបនេះក្រោយពេលលោក ហ៊ុន សែន ប្រាប់ទៅមេដឹកនាំវៀតណាមថា កូនប្រុសរបស់កំពុងផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ លិខិតផ្ញើទៅអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ហ៊្វចុង (Nguyen Phu Trong) កាលពីថ្ងៃទី២២ ខែមេសា លោក ហ៊ុន សែន បញ្ចេញឈ្មោះលោក ហ៊ុន ម៉ាណែត ប្រាប់ទៅមេដឹកនាំវៀតណាមថា កូនប្រុសច្បងរបស់លោកកំពុងរៀបចំមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩យ៉ាងដុតដៃដុតជើង។
ខណៈកម្ពុជាផ្ទុះរីករាលជំងឺកូវីដក្នុងព្រឹត្តិការណ៍សហគមន៍លើកទី៣លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័កចំណែកភរិយារបស់លោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ច្រានចោលការលើកឡើងបែបនេះរបស់ក្រុមអ្នកវិភាគ។ លោកចោទប្រកាន់ថា ក្រុមអ្នកវិភាគនិយាយដោយលំអៀងនិងអាងតែខ្លួននៅក្រៅស្រុកចង់និយាយអ្វីស្រេចតែចិត្ត។ អ្នកនាំពាក្យរូបនេះ នៅតែអះអាងដដែលៗថា គណបក្សប្រជាជនកម្ពុជាមិនជ្រើសរើសមេដឹកនាំតាមរបៀបពីឪពុកទៅកូននោះទេ ប៉ុន្តែគឺជាការធ្វើឡើងដោយមានការឯកភាពផ្ទៃក្នុងបក្សត្រឹមត្រូវ៖ «សកម្មភាពទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនមែនជារឿងលើកតម្កើងអីទេ តែជាការពិតជាក់ស្ដែងដែលសកម្មភាពឯកឧត្តម ហ៊ុន ម៉ាណែត លោកបានធ្វើយ៉ាងសកម្មអ្នកណាក៏ឃើញដែរ»។
ផ្ទុយពីការអះអាងអ្នកនាំពាក្យបក្សបែបនេះលោក ហ៊ុន សែន ដែលជាមេបក្សកាន់អំណាចបានប្រកាសថា លោកកំពុងជួយលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជានាយករដ្ឋមន្ត្រី។
ទោះយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេស (Norway) លោក ម៉ែន ណាត សង្កេតឃើញថា លោក ហ៊ុន សែន កំពុងព្យាយាមផ្ដល់ឥទ្ធិពលឱ្យស្ទើរតែទាំងអស់ដល់លោក ហ៊ុន ម៉ាណែត ឱ្យដោះស្រាយបញ្ហាជំងឺកូវីដដោយមិនបានផ្ដល់ឱកាសឲ្យសែរស្រឡាយលោក ស ខេង លោក សាយ ឈុំ ធ្វើការងារនេះទេ។ លោកបន្តថា ការងារបស់លោកហ៊ុន សែន ទៅវៀតណាមបែបនេះ ប្រហែលជាចិនមិនបានបង្ហាញការគាំទ្រលោក ហ៊ុន ម៉ាណែត ហើយចំណែកផ្ទៃក្នុងបក្សក៏ទំនងមិនគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៖ «ព្យាយាមបង្ហាញគុណសម្បត្តិអ្នកមានគុណរបស់គាត់ (លោក ហ៊ុន សែន)គឺវៀតណាមហ្នឹងយ៉ាងណាក៏វៀតណាមក៏គេមានការប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិយោបល់ចំពោះលោក ហ៊ុន ម៉ាណែតដដែល អាណឹងជាមូលហេតុដែលវៀតណាមគេមានការប្រុងប្រយ័ត្នដែរព្រោះខ្ញុំយល់ថា វៀតណាមគេត្រូវពិនិត្យមើលគុណសម្បត្តិ ហ៊ុន សែន ស ខេង ម៉ែន សំអន ដែលជាមនុស្សចំណាស់ៗរបស់គេ មុនគេវាយតម្លៃទៅឱ្យលោក ហ៊ុន ម៉ាណែត»។
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានមុខតំណែររាប់មិនអស់។ លោកជាឧត្តមសេនីយ៍ផ្កាយ៣កាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ទាំងនេះ លោកសឹងមានភារៈកិច្ច និងតួនាទីច្រើនជាងរដ្ឋមន្រ្តីក្រសួងការពារជាតិទៅទៀត។ ចំណែកនៅក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោកគឺជាសមា ជិកគណៈអចិន្ត្រៃយ៍ស្ថិតក្នុងចំណោមមនុស្ស៣៤នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ ក្រៅពីនេះលោកក៏ជាប្រធានចលនាយុវជនដឹកនាំសមាជិកជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាដែលភាគច្រើនជាកូនចៅរបស់មន្ត្រីជំនាន់មុន។
មេដឹកនាំបក្សប្រឆាំង និងអ្នកវិភាគលើកឡើងស្រដៀងគ្នាថា បើលោក ហ៊ុន សែន ហ៊ានលើកបន្តុបឱ្យលោក ហ៊ុន ម៉ា ណែត ដឹកនាំប្រទេសពេលណា នឹងមានបក្សប្រហារក្នុងផ្ទៃគណបក្សកាន់អំណាចភ្លាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ពុជាប្តេជ្ញាចិត្តពង្រឹងបន្ថែមយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩
- លោក ហ៊ុន សែន ប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយសមភាគីវៀតណាមដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាមឲ្យកាន់តែស៊ីជម្រៅ
- អ្នកវិភាគមើលឃើញពីចំណុចអវិជ្ជមានរឿងចិនធ្វើជាបង្អែករឹងមាំរបស់កម្ពុជា
- ការវិនិយោគរ៉ែមាសនៅកម្ពុជា (ភាគ២)
- ការវិនិយោគរ៉ែមាសនៅកម្ពុជា (ភាគ១)
- វិធីសាស្ត្រដោះស្រាយជម្លោះការងារនៅតាមរោងចក្រកាត់ដេរនៅកម្ពុជា (ភាគបញ្ចប់)
- ការអនុវត្តច្បាប់ការងារនិងសិទ្ធិកម្មករនៅក្នុងរោងចក្ររបស់វិនិយោគិនចិន (ភាគ២)
- តម្លាភាពប្រាក់វិនិយោគរបស់ចិននៅតាមរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា (ភាគ១)
- ផលប៉ះពាល់នៃការវិនិយោគដំណាំអំពៅរបស់ក្រុមហ៊ុនចិនលើពលរដ្ឋខេត្តព្រះវិហារ
- ឥទ្ធិពលប្រាក់វិនិយោគ៨០០លានដុល្លារក្នុងគម្រោងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២