ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​រិះគន់​វិធានការ​អាជ្ញាធរ​ឱ្យ​ពួកគាត់​ទៅ​ប្រមូល​ផ្តុំគ្នា​ធ្វើតេស្ត​សំណាក

2021-04-26
RFA

ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​រិះគន់​វិធានការ​អាជ្ញាធរ​ឱ្យ​ពួកគាត់​ទៅ​ប្រមូល​ផ្តុំគ្នា​ធ្វើតេស្ត​សំណាក

ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ឬ តំបន់ក្រហម ត្រូវបានអាជ្ញាធរអំពាវនាវឱ្យមកធ្វើតេស្តរកជំងឺកូវីដ១៩។ រូប៖ គេ​ផ្ដល់​ឱ្យ


ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់ ឬ​តំបន់​ក្រហម ត្អូញត្អែរ​ថា ពួកគាត់​ប្រឈម​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ខណៈ​ពេល​អាជ្ញាធរ​អនុវត្ត​វិធាន​សុខាភិបាល​មិន​បាន​ត្រឹមត្រូវ​។ ពួកគាត់​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត។

ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម លោកស្រី អី អន លើក​ឡើង​ថា ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ប្រជ្រៀត​គ្នា​ធ្វើតេស្ត​រក​មេរោគ​កូវីដ​បែបនេះ គឺ ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​ឆ្លង​ជំងឺ​កូវីដ-១៩។ លោកស្រី​បន្ត​ថា លោកស្រី និង​ពលរដ្ឋ​ផ្សេងទៀត ខំ​ស្នាក់​នៅតែ​ក្នុងផ្ទះ​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ការពារ​សុវត្ថិភាព តែ​លោកស្រី​ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ អំឡុង​ពេល​ទៅ​យក​សំណាក ព្រោះ​អាជ្ញាធរ មិនបាន​ជួយ​សម្របសម្រួល​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​គម្លាត​ពី​គ្នា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ៖ «បារម្ភ​ខ្លាច​ឆ្លង​ខ្លាច​អីចឹង​ទៅ យើង​មើល​មិន​ឃើញ​ថា បុគ្គល​ណាមួយ​កើត​អី ខ្លួន​យើង​ក៏​មិនដឹង​កើត​អី ខ្លួន​គេ​ក៏​មិនដឹង​កើត​អី មើល​មិន​ឃើញ​ដូចគ្នា ហើយ​គេ​ក៏​ដូចគ្នា​ដែរ​ខ្លាច​គេ គេ​ខ្លាច​យើង ប៉ុន្តែ​គម្លាត​ដូច​អត់​ប្រសិទ្ធភាព​សោះ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏បាន​រិះគន់​ព្រោងព្រាត​ពី​វិធានការ​តក់ក្រហល់​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រជ្រៀត​គ្នា​ទៅ​ធ្វើ​តេស្ដ​នេះ​។ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សុភានាថ ផេង (Sopheaneath Pheng) លើកឡើង​ថា៖ «ខ្ញុំ​នៅផ្ទះ​ជិត​ពីរ​ខែ​ហើយ ឱ្យទៅ​ឱ្យ​គេ​ចម្លង​មេរោគ​មែន​ទេរដ្ឋ​ដូច​ប្លែកៗ​ម៉េច​ទេ មិន​ឱ្យ​ជួបជុំ​ប្រមូល​ផ្តុំ តែ​ហៅ​ទៅ​ជួបជុំ​ប្រមូល​ផ្តុំ»។

ចំណែក​គណនី​ហ្វេសប៊ុក​មួយទៀត​ឈ្មោះ សុខឡាង ឈួន (Soklang Chhuon)៖ «ខ្ញុំ​សូម​សំណូមពរ​ឱ្យ​រដ្ឋ​មេត្តា​មុន​ចេញ​សេចក្តី​ណែនាំ គួរ​ពិគ្រោះ​ពិភាក្សា​ឱ្យ​បាន​ល្អិតល្អន់​ជៀសវាង​កុំឱ្យ​រាស្ត្រ​មានការ​ភាន់ច្រឡំ និង​ច្របូកច្របល់ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ដល់​ជាតិ​យើង​ទៅវិញ​ទេ»។

រីឯ​គណនី​ហ្វេសប៊ុក​ឈ្មោះ សម្ផស្ស ភូក (Samphors Pok) លើកឡើង​ថា «តើ​ទៅ​យក​សំណាក​ឬ​ទៅ​យក​មេរោគ​ឆ្លង​មកវិញ បម្រាម​ឱ្យ​នៅ​តែ​ក្នុងផ្ទះ តែ​ប្រកាស​ឱ្យ​ទៅ​យក​សំណាក បើ​នាំគ្នា​សម្រុក​ទៅ តើ​ហានិភ័យ​នៃ​ការ​ឆ្លង​មាន​ដល់​កម្រិត​ណា បើ​ការ​ឆ្លង​តាមរយៈ​បែប​ហ្នឹង មាន​ការ​ទប់ស្កាត់​របៀប​មិច ព្រោះ​វា​នឹង​មាន​ហានិភ័យ​ខ្ពស់​បើ​នាំគ្នា​សម្រុក​ទៅ​យក​សំណាក​។ អ្នកប្រើប្រាស់​ហ្វេសប៊ុក​រូប​នេះ ស្នើសុំ​ឱ្យ​អាជ្ញាធរ​មេត្តា​គិតពិចារណា​ឡើងវិញ ព្រោះ​មនុស្ស​សម្រុក​ទៅ​ហានិភ័យ​ខ្ពស់»។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ គឺ​បន្ទប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តី​ណែនាំ កាលពី​ថ្ងៃទី​២៣ ខែមេសា ស្ដីពី​ការ​ប្រមូល​សំណាក​រក​វីរុស​កូវីដ-១៩​ចំពោះ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​ស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ​តំបន់​ក្រហម រាជធានី​ភ្នំពេញ​។ ក្នុង​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​អម​ដោយ​ការ​គំរាម​ខាង​ផ្លូវច្បាប់​ដែរ ដោយ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ព្រម​សហការ ឬ​គេចវេស​មិន​ទៅ​យក​សំណាក​ធ្វើតេស្ត​តាម​ការណែនាំ នឹង​ត្រូវ​ទទួល​ទោស ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ -១៩​។ ក្រោយ​ការប្រកាស​នេះ ប្រជាពលរដ្ឋ បាន​នាំគ្នា​សម្រុក​ទៅ​ធ្វើ​តេស្ត​ក្នុង​ស្ថានភាព​ប្រមូល​ផ្តុំ ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

ក្រៅពី​បញ្ហា​នេះ ប្រជា​ពលរដ្ឋ​កំពុង​នៅ​ក្នុង​តំបន់​ក្រហម ក៏​បន្ត​ត្អូញត្អែរ​ថា ពួកគាត់​មួយ​ចំនួន នៅតែ​មិនទាន់​ទទួល​​បាន​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល តាម​ការ​ប្រកាស​សន្យា​នោះ​ទេ។

កម្ម​មករ​រោងចក្រ​ម្នាក់​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ក្រហម លោកស្រី ចាន់ សុភ័ណ្ឌ លើកឡើង​ថា លោកស្រី​នៅក្នុង​បន្ទប់​ជាច្រើន​ថ្ងៃ​មក​ហើយ និង​មិន​មាន​ស្បៀងអាហារ​ហូបចុក​គ្រប់គ្រាន់​នោះ​ទេ​។ ស្ត្រី​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​រូប​នេះ ត្អូញត្អែរ​អំពី​ជីវភាព​ថា លោកស្រី កំពុង​តស៊ូ​រស់​ទាំង​ត្រដាបត្រដួស ក្នុង​បន្ទប់​ជួល​តូច ពុំ​មាន​ប្រាក់​សម្រាលកូន​ដែល​ជិត​គ្រប់​ខែ​ទេ ហើយ​លោកស្រី ក៏បាន​ទៅ​រក​សេវា​មន្ទីរពេទ្យ​ដៃគូ​បេឡា​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដែរ ប៉ុន្តែ​មន្ទីរ​ពេទ្យ​ទាំងនោះ មិន​ព្រម​ទទួល​លោកស្រី​សម្រាលកូន​នោះ​ទេ៖ «ខ្ញុំ​សូម​អំពាវនាវ​ថា ចង់បាន​ថវិកា​ខ្លះ សម្រួល​ពេល​ខ្ញុំ​ត្រៀម​នឹង​ឆ្លងទន្លេ ហើយ​ណាមួយ​ទៀត​សូម​កុំឱ្យ​ពេទ្យ​រើសអើង​អ៊ីចឹង​ព្រោះ​អី​បើ​អ្នក​ឈឺពោះ​យើង​មិនមែន​មើល​ឃើញ ទៅ​ពេទ្យ​មួយ​គេ​អត់​ទទួល ពីរ​គេ​អត់​ទទួល​បី​គេ​អត់​ទទួល ហើយ​គេ​និយាយ​ថា​ឱ្យ​តែ​អ្នក​រោងចក្រ​គេ​អត់​ទទួល បើ​គេ​អត់​ទទួល​អ្នក​ដែល​ឈឺ​អី​យប់​ព្រលប់​ទៅណា​វិញ​ទៅ ពិបាក​ត្រង់​ថា ស្លាប់​ឈឺ​ខ្លាំង​ធ្ងន់ធ្ងរ បើ​រើសអើង​រោងចក្រ​អ៊ីចឹងៗ​ហ្នឹង»។

ទាក់ទង​ករណីនេះ អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី២៥ មេសា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល​។ ចំណែក​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បដិសេធ​អធិប្បាយ ដោយ​ប្រាប់​ថា រវល់​ប្រជុំ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា ការ​លើកឡើង​របស់ ប្រជាពលរដ្ឋ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនបាន​ពន្យល់ និង​ណែនាំ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​។ លោក​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ជាច្រើន បាន​ផ្អើលឆោឡោ​ទៅ​យក​សំណាក ដោយ​មិនបាន​រក្សា​គម្លាត​សុវត្ថិភាព និង​មិន​គោរព​តាម​វិធានការ​ក្រសួង​សុខាភិបាល​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពួកគាត់ អាច​ប្រឈម​ឆ្លង​ជំងឺ​កូវីដ-១៩។ លោក​ទទូច​ឱ្យ​អាជ្ញាធរ​មុន​ចេញ​វិធានការ​ណាមួយ គួរ​គិតពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ​គួរ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់ និង​បង្កើន​ទំនុកចិត្ត ដោយ​ជៀសវាង​ការប្រើប្រាស់​វិធានការ បង្ខិតបង្ខំ និង​គំរាមកំហែង​ដល់​ពួកគាត់៖ «បំពាក់​សម្ភារៈ​បរិក្ខារ​ឱ្យ​ពេទ្យ​បាន​គ្រប់គ្រាន់​ដែរ ដើម្បី​កុំឱ្យ​មាន​ហានិភ័យ​ទៅដល់​អ្នក​ដែល​គ្នា​អត់​មាន ឃើញថា​ពេទ្យ​អត់​ប្តូរ​ស្រោមដៃ​អ៊ីចឹង​វា​ពិបាក​ណាស់​ពេល​ហ្នឹង ទាល់តែ​ធ្វើ​ឱ្យ​មាន​ការរៀបចំ​នឹង​មាន​ទំនុកចិត្ត​មួយ ប្រជាពលរដ្ឋ​ថា​មើលទៅ​ទោះបីជា​មិច​អត់​ឆ្លង ដល់ពេល​ទៅ​យក​សំណាក បើ​ខ្លួនឯង​អត់​វិជ្ជមាន​អត់​មាន​ឆ្លង​ទាំងអស់​យក​មក​ផ្ទះ​ទេ»។

មក​ទល់​ពេល​នេះ ទោះបីជា​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បិទ​ខ្ទប់​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល អស់​រយៈពេល​ពីរ​សប្តាហ៍ ព្រមទាំង​ដាក់​តំបន់​មួយចំនួន​ជា​តំបន់​ក្រហម​មិន​ឱ្យ​ពលរដ្ឋ​ចេញពីផ្ទះ​ក្តី ក៏​ស្ថានភាព​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​-១៩ មិន​មាន​ការ​ថមថយ​ដែរ​។ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ នៅ​បន្ត​កើនឡើង​ខ្លាំង​ចន្លោះ​ពី​ជាង ៤​រយ​នាក់​ទៅ​ជាង​៦​នាក់​ក្នុង​មួយថ្ងៃ​ហើយ។ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការទប់ស្កាត់​ជំងឺ​កូវីដ-១៩ ពុំ​សូវ​មាន​ប្រសិទ្ធភាព​នេះ ព្រោះ​អាជ្ញាធរ​រដ្ឋាភិបាល គ្មាន​វិធានការ​ច្បាស់លាស់ និង​ធ្វើ​តែ​តាម​អារម្មណ៍​នឹកឃើញ ជា​ពិសេស​វិធានការ​ផ្ដោត​តែ​លើ​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព និង​ការ​ដាក់​ទោសទណ្ឌ​លើ​ប្រជាពលរដ្ឋ​ជាដើម៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles