កូវីដ-១៩ | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក សេន តុលា | ២៦ មេសា ២០២១ |ម៉ោង ១១:៥០
VOD

គ្រឿងស្រវឹងជាច្រើនមុខដែលបានដាក់តាំងលក់នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ហង់ សុខហុង)
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំជាថ្មីឱ្យបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនដែលចូលទៅទទួលទានអាហារនិងភេសជ្ជៈនៅនឹងកន្លែងលក់ រយៈពេល២សប្តាហ៍បន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានប្រាប់ទៅគ្រប់ផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្តទៀត ដោយគិតចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការហាមឃាត់នេះ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន»។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះពិនិត្យតាមបណ្តាគោលដៅ ហើយក្នុងករណីរកឃើញគណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមសហការឬមិនអនុវត្តតាមការណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ដោយគ្មានលើកលែងឡើយ។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារបន្ទាន់មួយស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រៅពីប្រកាសបិទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានហាមមិនឱ្យមានការលក់ដូរគ្រឿងស្រវឹងរយៈពេល១៤ថ្ងៃបន្ថែមទៀត ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ក្នុងគោលបំណងកាត់បន្ថយការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងក្រោយពេលបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។