ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក សេង ថៃ | ៣០ មេសា ២០២១ |ម៉ោង ២០:២៣
VOD

ភរិយានិងសាច់ញាតិរបស់អតីតសកម្មជនបក្សសង្គ្រោះជាតិ ប្រមូលផ្ដុំតវ៉ាទាមទារឱ្យដោះលែងស្វាមីនិងសាច់ញាតិដែលកំពុងជាប់ឃុំ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)
របាយកាណ៍ឃ្លាំមើលរបស់អង្គការសង្គមស៊ីវិលចំនួន៣ បានរកឃើញថា រដ្ឋាភិបាល បានប្រើប្រាស់ច្បាប់ ដើម្បីកាត់បន្ថយលំហសិទ្ធិ និងរឹតត្បិតការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការរកឃើញនេះ និងថាជារបាយការណ៍បែបលាបពណ៌។
ការរកឃើញនេះ បានធ្វើឡើងតាមរយៈរបាយការណ៍ឆ្នាំទី៥ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា របស់អង្គការសង្គមស៊ីវិលចំនួន៣ រួមមាន សមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង៣ ដែលផ្សព្វផ្សាយរបាយការណ៍ថ្មីនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា របាយការណ៍នេះ បានធ្វើការវិភាគនិងវាយតម្លៃតាមរយៈអត្ថបទសារព័ត៌មានចំនួន ៦៩៦អត្ថបទ ដែលគិតជាហេតុការណ៍មានចំនួន ២៩២ករណី ការរាយការណ៍ហេតុការណ៍សរុបទទួលបានចំនួន ៩២ករណី និងការស្ទង់មតិសាធារណជនចំនួន ៧៩០នាក់ នៅទូទាំង២៥ខេត្ត-ក្រុង រួមនិងការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពចំនួន ១៧៨នាក់។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ការរឹតត្បិតសេរីភាពមូលដ្ឋានដែលបានចងក្រងនៅក្នុងរបាយការណ៍នេះ កើតឡើងគ្រប់រាជធានី-ខេត្ត ក្នុងនោះការរឹតត្បិតច្រើនបំផុត គឺកើតឡើងនៅរាជធានីភ្នំពេញ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក។
នៅក្នុងរបាយការណ៍ឆ្នាំទី៥នេះ បន្តទៀតថា ចាប់តាំងពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរ បានកោះហៅប្រជាពលរដ្ឋចំនួន ២១៥នាក់ បង្គាប់ឱ្យចូលខ្លួនឆ្លើយបំភ្លឺចំនួន ១១៧នាក់ ការចាប់ខ្លួនចំនួន ៨៥នាក់ និងការផ្តន្ទាទោសចំនួន ១៧នាក់ ពាក់ព័ន្ធនឹងការអនុវត្តសេរីភាពមូលដ្ឋាន។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះ សេរីភាពខាងសមាគមត្រូវបានរឹតត្បិត និងរំលោភបំពានជាញឹកញាប់បំផុត ដែលក្នុងនោះ មាន ១៨៨ ករណី ជាការរឹតត្បិតនិងរំលោភបំពាន។ នេះស្របពេលជាមួយនឹងការធ្លាក់ចុះប្រមាណជា ៦% នៃសាធារណជនដែលយល់ថា មានសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយ ហើយថា ការប្រើប្រាស់កម្លាំងខុសច្បាប់ពីសំណាក់រដ្ឋាភិបាលមានចំនួន ១១% ក្នុងចំណោមការជួបប្រជុំដែលបានកត់ត្រា។
ទោះជាយ៉ាងនេះក្តី លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា បានចាត់ទុករបាយការណ៍ឃ្លាំមើលនេះថា គឺជាការលាបពណ៌មកលើរដ្ឋាភិបាល។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដូច្នេះការលាបពណ៌ថា បុគ្គលមួយក្រុមដែលទៅប្រព្រឹត្តរំលោភបំពានច្បាប់ ហើយសមត្ថកិច្ចទៅអនុវត្តច្បាប់ប្រឆាំងនឹងពួកគាត់ ហើយបំពងសំឡេងថា ជាការរំលោភសិទ្ធិមនុស្សនៅក្នុងកម្ពុជា នោះជាអំពើមិនត្រឹមត្រូវ ជាការលាបពណ៌មកលើរដ្ឋាភិបាលកម្ពុជា ដែលខំប្រឹងប្រែងនៅក្នុងកិច្ចការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការអនុវត្តនីតិរដ្ឋនៅកម្ពុជា»។
ក្នុងរយៈពេល៥ឆ្នាំនៃការអនុវត្តគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននេះ គម្រោងបានកត់សំគាល់ឃើញថា បរិយាកាសក្នុងការអនុវត្តសេរីភាពមូលដ្ឋាននៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយ។
តាមរយៈការផ្តល់នូវទិដ្ឋភាពនៃការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាននេះ អង្គការទាំង៣ សង្ឃឹមថា ជាវិភាគទានមួយដើម្បីចូលរួមឱ្យមានការវិវត្តជាវិជ្ជមាន នូវក្របខណ្ឌច្បាប់ជាតិឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងលើកទឹកចិត្តឱ្យមានជំហានចាំបាច់នានា ដើម្បីបង្កើតបរិយាកាសអំណោយផលដល់សង្គមស៊ីវិលដ៏សកម្ម៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។