កូវីដ-១៩ | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ញឹម សុខន |០៦ ឧសភា ២០២១ |ម៉ោង ២១:៥៤
VOD
អាជីវករចាប់ផ្ដើមដំណើរការលក់ដូរជូនអ្នកមកផ្សារឡើងវិញ នៅម្ដុំផ្សារទួលទំពូង ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការបិទខ្ទប់តំបន់មួយចំនួននៅក្រុងភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)
មន្ត្រីរដ្ឋាភិបាលមួយចំនួនបារម្ភថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ អាចផ្ទុះឡើងក្នុងទ្រង់ទ្រាយធំឡើងវិញ បើពលរដ្ឋមិនចូលរួមគោរពវិធានការសុខាភិបាល អំឡុងពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និយាយក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងបែងចែកជាតំបន់ក្រហម លឿងទុំ និងតំបន់លឿង រយៈពេល៧ថ្ងៃបន្ថែមទៀត» នៅថ្ងៃនេះថា ក្រោយពីរដ្ឋាភិបាលបញ្ចប់វិធានការបិទខ្ទប់នៅថ្ងៃនេះ ពលរដ្ឋរស់នៅតំបន់លឿង អាចធ្វើដំណើរទៅកាន់បណ្តាខេត្តនានាបាន ប៉ុន្តែត្រូវគោរពវិធានសុខាភិបាល។
លោកបានគូសបញ្ជាក់ថា អ្នករស់នៅតំបន់លឿងនេះអាចធ្វើដំណើរនិងប្រកបអាជីវកម្មបាន លើកលែងតែចូលទៅតំបន់ក្រហមនិងលឿងទុំដែលត្រូវបានបន្តបិទខ្ទប់ តែថា ពួកគេត្រូវគោរពវិធានសុខាភិបាល រួមទាំងការជួបជុំ និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម។
លោកបានលើកឡើងផងដែរថា ក្រោយបញ្ចប់ការបិទខ្ទប់តំបន់ហាមឃាត់មួយចំនួន ក៏មានការកកស្ទះផងដែរ ដោយសារកំណើនអ្នកធ្វើដំណើរ ដែលអាចបង្កើតភាពផុយស្រួយនាំដល់ខ្សែចង្វាក់នៃការចម្លងជំងឺនេះឡើងវិញ។
លោកថា៖ «បើបងប្អូនមិនរក្សា “៣កុំ ៣ការពារ” ទេ! តំបន់បងប្អូនរស់នៅអាចនឹងទៅតំបន់លឿងទុំវិញ អាចនឹងទៅក្រហមក៏ថាបាន។ ប៉ុន្តែបើបងប្អូននៅតែរក្សា “៣កុំនិង៣ការពារ” សហការអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបងប្អូនលឿងនៅតែលឿង ឬអាចចេញពីលឿងទៅជីវិតមួយដូចមុនព្រឹត្តិការណ៍២០កុម្ភៈ»។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានកែសម្រួលនូវវិធានការរដ្ឋបាល បង្រួមតំបន់ក្រហមនិងលឿងទុំទៅជាតំបន់លឿង ក្នុងនោះក៏បានសម្រេចបន្តបិទខ្ទប់តំបន់ក្រហមនិងលឿងទុំ ៧ថ្ងៃទៀត ក្រោយការបិទខ្ទប់រយៈពេល៣សប្តាហ៍កន្លងមក ដើម្បីកាត់ផ្តាច់រលកចម្លងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។
អភិបាលរងរាជធានីភ្នំពេញមួយរូបទៀត លោក នួន ផារ័ត្ន បានលើកឡើងក្នុងសន្និសីទនោះដែរថា ភាពជោគជ័យនៃការកាត់ផ្តាច់រលកចម្លងជំងឺកូវីដ-១៩នៅពេលខាងមុខ គឺអាស្រ័យលើការចូលរួមរបស់ពលរដ្ឋរស់នៅតំបន់បិទខ្ទប់នេះ។
លោកថា៖ «បើសិនជាការចូលរួមរបស់ប្រជាពលរដ្ឋបានល្អ ការអនុវត្តវិធានការសុខាភិបាលទាន់ពេលវេលា ទាក់ទងនឹងការកំណត់មុខសញ្ញាបានលឿន កាត់ផ្តាច់ជាមួយអ្នកភូមិវិជ្ជមានបានលឿន គឺសង្គមយើងអាចនឹងឈានទៅបញ្ចប់បញ្ហា២០កុម្ភៈបាននៅពេលខាងមុខ»។
តែយ៉ាងណា លោកគូសបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរបង្រួមតំបន់ក្រហមនិងលឿងទុំឱ្យរួមតូច ហើយមានតំបន់លឿងកាន់តែច្រើន ស្របពេលអត្រាអ្នកឆ្លងនៅមានតួលេខខ្ពស់នោះ គឺដោយសារតែអាជ្ញាធររកឃើញអ្នកឆ្លងនៅតំបន់ដែលប្រែជាតំបន់លឿង មានការឆ្លងតិចតួចក្នុងកម្រិត១០ភាគរយដែលអាជ្ញាធរអាចគ្រប់គ្រងបាន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។