ដោយ អាស៊ីសេរី
2021-05-11
RFA

ក្រុមគ្រូពេទ្យបានរៀបចំបូជាសពជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩។ រូប៖ គេផ្ដល់ឱ្យ
ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី១១ ខែឧសភា ថា អ្នកជំងឺកូវីដ-១៩ ចំនួន ៥ នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ចំនួន១៣១នាក់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងបញ្ជាក់ថា មានចំនួនជិត ៥ រយ(៤៨០) នាក់ ក្នុងនោះមាន ១០ នាក់ ជាករណីនាំចូល ហើយក្រៅពីនេះសុទ្ធតែនជាករណីឆ្លងក្នុងសហគមន៍។ នៅថ្ងៃដដែលនេះ អ្នកជំងឺជាង ៣រយ (៣៥០) នាក់ផ្សេងទៀត បានជាសះស្បើយ។
ទន្ទឹមគ្នានេះ វ៉ាក់សាំងក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញចំនួន ៥ សែនដូស បន្ថែមទៀត បានមកដល់កម្ពុជាហើយនៅថ្ងៃទី១១ ខែឧសភា នេះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលអ្នកស្រី យក់ សម្បត្តិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលទៅទទួលវ៉ាក់សាំងនៅវាលយន្តហោះអន្តរជាតិភ្នំពេញថា វ៉ាក់សាំងទាំង ៥ សែនដូសថ្មីនេះ នឹងប្រើសម្រាប់សម្រុកចាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទាំងអស់។ អ្នកស្រីបន្តថា វ៉ាក់សាំងក្រុមហ៊ុនចិនស៊ីណូវ៉ាក់ ចំនួន ១ លាន ៥ សែនដូសផ្សេងទៀត ដែលកម្ពុជាបានបញ្ជាទិញបន្ថែមដែរនោះ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ដែរ គឺនៅថ្ងៃទី១៦ និងថ្ងៃទី២៣ ខែឧសភា ខាងមុខ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបញ្ជាក់ដែរថា រដ្ឋាភិបាលក៏កំពុងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) ចំនួន ៥ លានដូសបន្តទៀត។
ទោះជាយ៉ាងណា វ៉ាក់សាំក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) ដែលរដ្ឋាភិបាលកម្ពុជា កំពុងបញ្ជាទិញ និងដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នេះ នៅមិនទាន់មានការទទួល ស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ននៅឡើយទេ។ កាលពីថ្ងៃទី៧ ខែឧសភា អង្គការសុខភាពពលោក ទើបតែទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺកូវីដផលិតដោយក្រុមហ៊ុនចិនស៊ីណូហ្វាម (Sinopharm) មួយប៉ុណ្ណោះ ខណៈវ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) កំពុងស្ថិតក្នុងការពិចារណានៅឡើយ។
អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងសុខាភិបាលអ្នកស្រី យក់ សម្បត្តិ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
គិតត្រឹមថ្ងៃទី១០ ខែឧសភា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជិត ២ លាន(១.៨២៥ .៤៨៨ ) នាក់ហើយ។ ដោយឡែក គិតត្រឹមថ្ងៃទី១១ ខែឧសភា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាងពីរម៉ឺន (២០.២២៣) នាក់ អ្នកស្លាប់មានចំនួន ១៣១ នាក់ អ្នកជាសះស្បើយមានជាង ៨ ពាន់(៨.១៧០) នាក់។ ចំពោះចំនួនអ្នកជំងឺកំពុងសម្រាកព្យាបាលវិញនោះ ក្រសួងសុខាភិបាល មិនបានបង្ហាញព័ត៌មានដូចពេលកន្លងទៅឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងបក្សកាន់អំណាចប្រាប់កម្មករកុំឱ្យសុំស្បៀងពីអាជ្ញាធរយកទៅលក់
- សាច់ញាតិស្នើសុំដោះលែងអ្នកទោសស្រាលៗ និងអ្នកមានជំងឺកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ ក្រោយផ្ទុះជំងឺកូវីដ
- គ្រួសារអ្នកជំងឺកូវីដ-១៩ មួយរិះគន់ថា ពួកគាត់ត្រូវបានអាជ្ញាធរទុកចោលមិនបានយកចិត្តទុកដាក់
- ពលរដ្ឋខេត្តសៀមរាបដែលអាជ្ញាធរចោទថា បំពានបម្រាមកូវីដ ព្រួយបារម្ភរឿងជាប់ពន្ធនាគារនិងគ្មានប្រាក់បង់ពិន័យ
- ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដជិត១ពាន់នាក់ និងមានអ្នកជំងឺស្លាប់ម្នាក់
- អង្គការសុខភាពពិភពលោក បន្តលើកពេលសម្រេចលើវ៉ាក់សាំងចិន
- អ្នកជំងឺកូវីដ១៩ស្លាប់កើនដល់ ១០៣ នាក់ និងរកឃើញអ្នកឆ្លងថ្មីជាង៧រយនាក់
- ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដជិត ៩រយនាក់បន្ថែមទៀត
- មន្ត្រីសហភាពការងារកម្ពុជាគ្រោងដាក់ញាតិទៅរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធឲ្យដោះស្រាយបញ្ហាបន្ទាន់ដល់កម្មករអំឡុងពេលបិទខ្ទប់
- អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់ ៨២នាក់ ខណៈអ្នកឆ្លងថ្មីជាង ៥រយនាក់