ដោយ សុជីវី
2021-07-09
RFA
ពលករខ្មែរធ្វើការនៅប្រទេសថៃ និងបណ្ដាញពលករនៅប្រទេសនេះបានរៃអង្គាសប្រាក់តាមលទ្ធភាពដើម្បីទិញគ្រឿងបរិភោគផ្ដល់ឱ្យពលករដែលបាត់បង់ការងារ និងពលករដែលកំពុងស្ថិតក្នុងតំបន់ដែលអាជ្ញាធរថៃរាំងខ្ទប់។ ការជួយគ្នារបស់ពលករខ្មែរពេលនេះ ពួកគេរំពឹងថា នឹងអាចជួយដោះទាល់ដល់ពលករដែលជួបការលំបាកក្នុងគ្រានៃការរីករាលដាលវិបត្តិជំងឺកូវីដ-១៩។
ការជួយគ្នាក្នុងគ្រាក្រ ក្រុមពលករបេះបោចប្រាក់កាសរបស់ពួកគេ ចាប់ពី២០បាត ឬជាង២ពាន់រៀល ទៅ៥០០បាត ឬជាង៦ម៉ឺនរៀល ឬច្រើនជាងនេះ ផ្ដល់ជូនពលករជួបការលំបាក ឬឱ្យទៅតំណាងពលករដែលគេជឿទុកចិត្តថា ប្រាក់នោះនឹងបានដល់ដៃពលករដែលកំពុងជួបការលំបាក និងខ្វះអាហារបរិភោគ។ ថវិកានោះអ្នកខ្លះផ្ទេរតាមកម្មវិធីធនាគារដែលមានក្នុងទូរស័ព្ទរបស់ពួកគេ អ្នកខ្លះយកលុយផ្ទាល់ប្រគល់ទៅតំណាងពលករ។
មេការសំណង់លោក ម៉ិច សំណាង ដែលលះបង់ថវិកាផ្ទាល់ខ្លួនជួយពលករដែលកំពុងឆ្លងជំងឺកូវីដ ប្រាប់ថា លោកទិញថ្នាំពេទ្យ គ្រឿងហូបចុក និងថវិកា១.០០០បាត(មួយពាន់) ឬជាង១សែន២ម៉ឺនរៀល ផ្តល់ជូនពលជាង ១០គ្រួសារ។ លោកយល់ថា ក្នុងស្ថានភាពលំបាកបែបនេះ លោកត្រូវតែត្បិតត្បៀតការចាយវាយដើម្បីអាចចែករំលែកទុក្ខលំបាកដល់ពលករដូចគ្នា។ «»
ក្រៅពីមានការជួយឧបត្ថម្ភដល់ពលករជាលក្ខណៈបុគ្គល ក៏មានបណ្ដាញពលករខ្លះទៀតបានបង្កើតជាសមាគមរៃអង្គាសប្រាក់ជួយពលករដែលខ្វះខាតផងដែរ។ ពួកគេលើកឡើងស្រដៀងគ្នាថា បើនៅរង់ចាំស្ថានទូតខ្មែរប្រចាំប្រទេសថៃចុះមកជួយពលករមិនដឹងចាំដល់ពេលណានោះទេ។
ប្រធានសមាគមកម្ពុជាមនុស្សធម៌ លោក ពៅ ប៊ុនធឿន ឱ្យអាស៊ីសេរីដឹងថា ចាប់តាំងជំងឺកូវីដ១៩ផ្ទុះខ្លាំងនៅរយៈចុងក្រោយនេះ សមាគមលោកបានរៃអង្គាសប្រាក់ពីសមាជិក និងពីសប្បុរសជនជួយទិញ បាយម្ហូប ទឹកត្រី អង្ករ និងមីជាដើម ជួយពលករជួបការបំបាកបានជាង ២.៥០០គ្រួសារ។ លោកយល់ថា អ្វីដែលសមាគមលោកបានជួយនេះមិនច្រើនទេ ប៉ុន្តែលោកយល់ថា នេះគឺជាអ្វីដែលលោកនិងក្រុមការងារលោកអាចជួយបានក្នុងនាមជាខ្មែរដូចគ្នា។ លោក ពៅ ប៊ុនធឿន ឱ្យដឹងទៀតថា សមាគមលោកមិនបានជួយពលករបានទូលំទូលាយទេ គឺបានត្រឹមជ្រើសរើសជួយពលករដែលដែលលំបាកខ្លាំង ដូចជាពលករបាត់បង់ការងារ និងពលករក្នុងតំបន់បិទខ្ទប់ជាដើម។ «»
ស្រដៀងគ្នានេះដែរ សមាជិកសហជីពដែលធ្វើការងារជាមួយសហជីពការពារសិទ្ធិពលករប្រទេសថៃ លោក សុន សីហា ប្រាប់ថា លោកនិងក្រុមការងារបានកៀរគរថវិកាពីពលករនានា អង្គការសង្គមស៊ីវិលក្នុងប្រទេសថៃ និងសប្បុរសជននៅក្រៅប្រទេស ដើម្បីទិញអង្ករ ពងមាន់ មី ត្រីខ ជាដើមសម្រាប់ចែកជូនពលករដែលជួបការលំបាក។ សកម្មជនការពារសិទ្ធិពលកររូបនេះ សង្កេតឃើញថា ពេលនេះមានពលកររាប់ម៉ឺននាក់គ្មានស្បៀងអាហារហូបចុកគ្រប់គ្រាន់ ប៉ុន្តែលោកមិនទាន់ឃើញ រដ្ឋាភិបាលកម្ពុជា ឬមន្ត្រីស្ថានទូតខ្មែរប្រចាំទេសថៃ ជួយពលករបានទាន់ពេលនៅឡើយទេ។ «»
ពលករខ្មែរជួបការលំបាកខ្លាំងចាប់តាំងពីថ្ងៃទី២៨ មិថុនារហូតមកពេលនេះ ខណៈអាជ្ញាធរថៃបានបិទខ្ទប់ការដ្ឋានសំណង់ និងពង្រឹងវិធានការតឹងរ៉ឹងមួយចំនួននៅទីក្រុងបាងកក និងខេត្តចំនួន ៥ នៅជុំវិញនោះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
វីដេអូឃ្លីបមួយបង្ហោះ ក្នុងទំព័រហ្វេសប៊ុក មូលនិធិពលករខ្មែរប្រចាំប្រទេសថៃ បង្ហាញពីក្រុមការងារនេះទទួលបានការឧបត្ថម្ភថវិកាពីក្រុមពលករនានាធ្វើការក្នុងប្រទេសថៃ និងសប្បុរសជនផ្សេងទៀត ដើម្បីជួយដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំងនេះ។ ក្រុមពលករខ្មែរដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ដែលទទួលបានប្រាក់ឧបត្ថម្ភពីការបរិច្ចាគរបស់ក្រុមពលកររៀបរាប់ថា ប្រាក់នេះអាចជួយឱ្យពួកគាត់មានលទ្ធភាពទិញថ្នាំលេប។ «»
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿង នេះបានទេ នៅថ្ងៃទី៨ ខែកក្កដា។ ទោះយ៉ាងណាស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកក បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៦ កក្កដា ថា មន្ត្រីតំណាងស្ថានទូតកម្ពុជា សហការជាមួយមូលនិធិ LPN ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់រួមមាន អង្ករ មី ត្រីខ ប្រេងឆា ត្រីងៀត អំបិល ប្រហុក និងម៉ាស ដល់ពលករខ្មែរចំនួន ៧០គ្រួសារ ធ្វើការនៅក្រុមហ៊ុនកែច្នៃគ្រឿងសង្ហារិមក្នុងខេត្តឆាក់ឈើងសៅ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩។
ទោះបែបនេះ សកម្មជនការពារសិទ្ធិពលករ លោក សុន សីហា រិះគន់ថា ក្រុមការងារស្ថានទូតចែកអំណោយខុសគោលដៅ។ លោកថា ពេលនេះពលករដែលជួបការលំបាកខ្លាំងគឺពលករដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់តាមការដ្ឋានសំណង់ មិនមែនជាពលករដែលមានការងារធ្វើទេ។ លោកបន្តថា ការចែកអំណោយទៀតសោត មន្ត្រីស្ថានទូត ឬរដ្ឋាភិបាលកម្ពុជា គួរបញ្ចេញថវិការបស់រដ្ឋ ឬថវិកាកកាបាទក្រហមកម្ពុជា ទើបអាចជួយពលរដ្ឋបានគ្រប់គ្រាន់។ «»
រីឯ មន្ត្រីអង្គការសង់ត្រាល់(Central)ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរនៅប្រទេសថៃដល់កម្រិតអាសន្នខ្លាំងដែលរដ្ឋាភិបាលកម្ពុជាគួរតែជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់ជាបន្ទាន់។
គិតត្រឹមថ្ងៃទី៧ ខែកក្កដា អាជ្ញាធរថៃ និងស្ថានទូតកម្ពុជាប្រទេសនេះ មិនទាន់បង្ហាញតួលេខនៃពលករខ្មែរដែលកំពុងជួបការលំបាក ឬពលករខ្មែរឆ្លងជំងឺកូវីដនៅឡើយទេ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិល និងតំណាងពលករថា មានពលករខ្មែររាប់ម៉ឺននាក់កំពុងត្រូវការជំនួយជាបន្ទាន់ក្នុងចំណោមពលករធ្វើការងារនៅប្រទេសនេះប្រមាណ ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។