ដោយ មួង ណារ៉េត
2021-08-30
RFA

ពលករខ្មែរនៅប្រទេសម៉ាឡេស៊ីមុនពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញតាមរយៈការជួយសម្របសម្រួលពីស្ថានទូតខ្មែរកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ រូប៖ ក្រសួងការបរទេសកម្ពុជា
ពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ៩នាក់ បានវិលមកកម្ពុជាវិញ ដោយមានការសម្របសម្រួលពីស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ី ប៉ុន្តែពលករជាច្រើន នៅតែត្អូញត្អែរឿងគ្មានលុយបង់ថ្លៃរត់ការឲ្យមន្រ្តីស្ថានទូត ដើម្បីជួយសម្រួលដំណើរវិលទៅកម្ពុជាវិញ។
កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់ប្រសាសន៍អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង កាលពីថ្ងៃទី២៩ ខែសីហា ថាពលករខ្មែរទាំង៩នាក់នេះ ជួបការលំបាកក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបពួកគាត់ចង់ត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះពលករ ៨ នាក់បានមកដល់កម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា និងមួយនាក់ទៀតមកដល់ថ្ងៃទី៣០ ខែសីហា។
មន្រ្តីក្រសួងការបរទេសដដែលបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះ ស្ថានទូតបានជួយអន្តរាគមន៍បញ្ជូនពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រឡប់មកកម្ពុជាវិញបាន ៣៣២ នាក់។
ក្នុងពេលជាមួយគ្នានេះ ប្រភពដដែលបន្តថា ភាគីកម្ពុជាបានជួយសង្គ្រោះស្រ្តីខ្មែរ ១២ នាក់ ដែលជាជនរងគ្រោះដោយសារការជួញដូរមនុស្សនៅប្រទេសចិនផងដែរ។ លោក កុយ គួង ថាស្ថានទូតខ្មែរនៅក្រុងឆុងឈីង ប្រទេសចិន សហការជាមួយអាជ្ញាធរចិន ដើម្បីបញ្ជូនស្រ្តីទាំងនេះ មកដល់កម្ពុជាវិញនៅដើមខែកញ្ញានេះ។
ទោះបីជាអាជ្ញាធរខ្មែរអះអាងថា បានជួយអន្តរាគមន៍ ដើម្បីសម្រួលឲ្យពលករខ្មែរនៅប្រទេសម៉ាឡេស៊ី បានវិលមកកម្ពុជាវិញខ្លះក៏ដោយ ក៏ពលករមួយចំនួនថ្មីៗនេះបានត្អូញត្អែពីការមិនយកចិត្តទុកដាក់របស់មន្រ្តីស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី និងការកេងប្រវ័ញ្ចផលប្រយោជន៍របស់ពួកគាត់ ក្នុងស្ថានភាពដ៏លំបាកនេះ។ ពលករទាំងនោះអះអាងថា ពួកគេត្រូវបង្ខំចិត្តខ្ចីបុលគេ ដើម្បីបានប្រាក់បង់ឲ្យមន្រ្តីស្ថានទូត ឲ្យជួយសម្រួលដំណើរវិលទៅកម្ពុជាវិញ។ ខ្លះទៀត ត្អូញត្អែថា ពួកគាត់គ្មានប្រាក់បង់ថ្លៃរត់ការនេះទេ ព្រោះត្រូវចំណាយរហូតដល់ជាង ១ពាន់៦រយដុល្លារ (១.៦៥០) ទៅឲ្យអ្នករត់ការ។ មានពលករខ្លះ ត្រូវចាញ់បោកបុគ្គល ដែលពួកគាត់អះអាងថា ជាមន្រ្តីទូត ដោយត្រូវបង់ប្រាក់ប្រមាណ ៨០០ ដុល្លាររួច មន្រ្តីនោះបែរជាយកប្រាក់របស់ពួកគាត់ រួចក៏គេចវេះពីការទទួលខុសត្រូវ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៥ សីខែហា បានច្រានចោលការលើកឡើងរបស់ពលករ ហើយបញ្ជាក់ថា មន្ត្រីស្ថានទូតមិនបានកេងចំណេញផលប្រយោជន៍នោះទេ ហើយចាត់ទុកករណីនេះជាការយល់ច្រឡំ។
ទោះជាយ៉ាងនេះក្ដី ពលករខ្មែរជាច្រើននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ចង់ឃើញស្ថានទូតខ្មែរបញ្ឈប់បុគ្គល ដែលទាមទារប្រាក់ពីពួកគាត់ហួសហេតុជាថ្នូរនឹងការជួយសម្របសម្រួលបញ្ជូនពួកគាត់ទៅស្រុកខ្មែរវិញនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។