គណបក្សនយោបាយ, នយោបាយ, ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ០៦ មីនា ២០២២ | ម៉ោង ២១:៥២
VOD

ទិដ្ឋភាពនៅពីមុខក្រសួងមហាផ្ទៃ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)
ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំទៅសមាជិក ឃុំ-សង្កាត់ ដែលបានឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ខាងមុខ មិនត្រូវប្រើប្រាស់មធ្យោបាយ សម្ភារ និងថវិការបស់រដ្ឋបាលឃុំ-សង្កាត់ ទៅបម្រើសកម្មភាព គណបក្សនយោបាយ ឬឃោសនាបោះឆ្នោតណាមួយនោះឡើយ។
សេចក្តីណែនាំនេះ ធ្វើឡើងស្របពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នឹងចូលមកដល់ក្នុងពេលប្រមាណ ៣ខែទៀតប៉ុណ្ណោះ។
សេចក្ដីណែនាំរួមរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញផ្សាយកាលពីថ្ងៃពុធ សប្តាហ៍នេះដែលវីអូឌីទើបទទួលបានឱ្យដឹងថា ថ្នាក់ដឹកនាំឃុំ-សង្កាត់ទាំងអស់ ចាប់ពីពេលបើកយុទ្ធនាការ ឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ត្រូវខិតខំពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីបំពេញការងារឱ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ និងត្រូវប្រកាន់ជំហរអព្យាក្រឹត មិនលម្អៀង។
ការណែនាំនេះ ដើម្បីអនុវត្តការងារឱ្យបានត្រឹមត្រូវ តាមវិធានបានចែងក្នុងច្បាប់ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងធានានិរន្តរភាព ការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោតផងដែរ។
ក្រសួងមហាផ្ទៃ និង គ.ជ.ប បន្ថែមថា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានសិទ្ធិធ្វើសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត ដោយស្មើភាពគ្នាដូចបេក្ខជនដទៃទៀត។ យ៉ាងស្ថាប័នទាំងពីរ ហាមឃាត់ដាច់ខាតមិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដែលមាននៅមេឃុំ ឬសង្កាត់នោះឡើយ។
សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប ថា៖ តែមិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដែលមាននៅមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឥទ្ធិពលនៃរដ្ឋបាលឃុំ សង្កាត់ និងមិនត្រូវប្រើប្រាស់មធ្យោបាយ សម្ភារ និងថវិការបស់រដ្ឋបាល ឃុំ សង្កាត់ ទៅបម្រើសកម្មភាព របស់គណបក្សនយោបាយ ឬបម្រើសកម្មភាពនៃយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ»។
តាមប្រតិទិនរបស់ គ.ជ.ប បានកំណត់ការបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទីអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែក ពេលវេលាឃោសនាបោះឆ្នោតគឺមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។
បើតាមលិខិតណែនាំរួមរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប បានបន្ដថា ដើម្បីធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ដឹកនាំមូលដ្ឋាន រួមមាន មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង ត្រូវពិភាក្សាគ្នារៀបចំ កម្មវិធីបែងចែកវេន ប្រចាំការតាមថ្ងៃនីមួយៗនៅសាលាឃុំ សង្កាត់ ដោយស្មើភាពគ្នា។
សម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទទួលខុសត្រូវ សម្រាប់វេនប្រចាំការ តាមថ្ងៃនីមួយៗ ត្រូវទទួលសម្របសម្រួល កិច្ចការរដ្ឋបាលឃុំ សង្កាត់ប្រចាំថ្ងៃ ការអភិវឌ្ឍ សំណើ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋរបស់ខ្លួន ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានាសម្រាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ទាំងនោះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។