ទំនាក់ទំនងអន្តរជាតិ, នយោបាយ, ព័ត៌មានជាតិ
កញ្ញា ឃ្លាំង គីមហួយ | ០៧ មីនា ២០២២ | ម៉ោង ១៤:២៣
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងវត្តមានបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន អំពាវនាវឱ្យភាគីពាក់ព័ន្ធពិចារណាលើការកំណត់ថ្ងៃប្រជុំអាស៊ាន-អាមេរិកឡើងវិញ ដោយសម្អាងថា ពេលនេះមានសមាជិកមួយចំនួនជាប់រវល់ មិនអាចទៅចូលរួមប្រជុំកំពូលនេះ តាមកាលកំណត់របស់សហរដ្ឋអាមេរិកបាន។
កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២២ ។
ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទនេះ បានលើកឡើងថា ប្រទេសជាសមាជិកអាស៊ានចំនួន៣ទៅ៤ប្រទេស ជាប់រវល់ មិនមានពេលទៅប្រជុំនៅថ្ងៃនោះបានទេ តែពួកគេចង់ឱ្យកិច្ចប្រជុំនេះធ្វើនៅថ្ងៃទី២៦ និង២៧ ខែមីនា ឆ្នាំ២០២២វិញ។
លោកថា៖ «ប៉ុន្តែសង្ឃឹមថា អាស៊ានជាមួយនឹងអាមេរិកនឹងរកនូវពេលវេលាសមស្របសម្រុះសម្រួលគ្នានៅខែនេះ សម្រាប់ប្រធានអាស៊ានពេលណាក៏បាន យើងអាចសម្រួលបាន»។
មេដឹកនាំកម្ពុជាបញ្ជាក់ថា សម្រាប់កម្ពុជាជាប្រធានអាស៊ានប្ដូរវេន មិនជំទាស់ទៅនឹងផ្លាស់ប្ដូរពេលវេលានៃកិច្ចប្រជុំនេះទេ លើកលែងតែចាប់ពីពាក់កណ្ដាលខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ ដោយសារកម្ពុជាជាប់រវល់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។