មេធាវី​លោក កឹម សុខា បារម្ភ​អំពី​ការ​អូស​បន្លាយ​ពេល​សវនាការ​កាន់​តែ​យូរ

ដោយ មួង ណារ៉េត
2022-03-07
RFA

មេធាវី​លោក កឹម សុខា បារម្ភ​អំពី​ការ​អូស​បន្លាយ​ពេល​សវនាការ​កាន់​តែ​យូរ

 រូប៖ ហ្វេសប៊ុកលោក កឹម សុខា


សហ​មេធាវី​ការពារ​ក្តី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បារម្ភ​អំពី​ការ​បន្ត​អូស​បន្លាយ​ពេល​វេលា​សវនាការ​កាន់​តែ​យូរ ក្រោយ​តុលាការ​បាន​លើក​ពេល​សវនាការ​ជា​ថ្មី ដោយសារ​តំណាង​អយ្យការ​ម្នាក់​ក្នុង​សំណុំរឿង​នេះ ឆ្លង​ជំងឺ​កូវីដ-១៩។

សហ​មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​បួន​រូប​របស់​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី៧ ខែ​មីនា​ថា សវនាការ​លើ​រឿង​ក្ដី​លោក កឹម សុខា នៅ​ពេល​នេះ គឺ​បើក​ធ្វើ​តែ​មួយ​សប្តាហ៍​តែ​មួយដង និង​ធ្វើ​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ។ ឥឡូវ សវនាការ​ដ៏​តិចតួច​ស្ដួចស្ដើង​ស្រាប់​នេះ ត្រូវ​លើក​ពេល​ជា​ហូរហែ​ទៅ​ទៀត ដោយសារ​តែ​សមាជិក​នៃ​ភាគី​ក្នុង​រឿង​ក្តី​ណា​ម្នាក់​ឆ្លង​ជំងឺ​កូវីដ-១៩។ អ្នកស្រី​ថា ការ​រំពឹង​ចង់​ឃើញ​កិច្ច​ដំណើរ​ការ​នីតិវិធី​នៅ​តុលាការ​ប្រព្រឹត្ត​ទៅ​លឿន តែ​បែរ​ជា​យឺត​ទៅ​វិញ ដោយសារ​តែ​រឿង​នេះ។ ជា​សំណូមពរ អ្នកស្រី​ថា ក្នុង​ករណី​សមាជិក​ណា​ម្នាក់​នៃ​ភាគី​ក្នុង​រឿងក្ដី ឆ្លង​ជំងឺ​កូវីដ-១៩ តុលាការ​គួរ​លៃលក​រក​មធ្យោបាយ ឲ្យ​មាន​អ្នក​ជំនួស​ក្នុង​ករណី​បែប​នេះ ដើម្បី​កុំ​ឲ្យ​រាំង​ស្ទះ​ដល់​នីតិវិធី៖ «ខ្ញុំ​គិត​ថា តុលាការ​គួរ​តែ​អាច​ធ្វើ​ការ​ចាត់តាំង​តំណាង​អយ្យការ​ផ្សេង ដើម្បី​ធ្វើ​ការ​ជំនួស​អយ្យការ​ដែល​មាន​បញ្ហា ព្រោះ​អយ្យការ​មិន​ចាំបាច់​មាន​ច្រើន​គ្នា​នោះ​ទេ អយ្យការ​មាន​តែ​ម្នាក់ គឺ​ដំណើរ​ការ​នីតិវិធី​បាន​ហើយ»

សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ត្រូវ​អាក់​ខាន​នៅ​សប្ដាហ៍​នេះ ដោយ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី១៦ ខែ មីនា សប្ដាហ៍​ក្រោយ​វិញ ដោយសារ​តែ​តំណាង​អយ្យការ​លោក ប្លង់​ សុផល ឆ្លង​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី៤ ខែ មីនា។ សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែមីនា​ថា ការ​លើក​ពេល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ សេចក្ដី​ជូន​ដំណឹង​ដដែល បញ្ជាក់​ថា តំណាង​អយ្យការ​ចំនួន​ពីរ​រូប​ទៀត គឺ​លោក ឆាយ ហុង និង​លោកស្រី សុង ឆវ័ន្ត ដែល​ជា​តំណាង​អយ្យការ​ក្នុង​សំណុំរឿង​លោក កឹម សុខា នេះ ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​លោក ប្លង់ សុផល។

កាល​ពី​ដើម​ខែកុម្ភៈ តុលាការ​បាន​លើក​ពេល​សវនាការ​នេះ​ម្ដង​ដែរ ដោយសារ​តែ​កាល​ណោះ​សមាជិក​ម្នាក់​ក្នុង​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល បាន​ឆ្លង​ជំងឺ​កូវីដ-១៩។ កន្លង​មក​តុលាការ​បាន​ផ្អាក​ដំណើរ​ការ​ក្តី​នេះ​ជាង​មួយ​ឆ្នាំ ដោយសារ​តែ​មូលហេតុ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍។

សំណុំរឿង​លោក កឹម សុខា ដែល​រង​ការ​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ ដោយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នេះ រង​ការ​រិះគន់​ថា ជា​សំណុំ​រឿង​នយោបាយ និង​បាន​បន្ត​បន្ធូរបន្លាយ​ពេល​ជាង ៤ឆ្នាំ​មក​ហើយ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អារ​កាត់​ជំនួស​តុលាការ​ថា រឿង​ក្ដី​នេះ ទាល់​តែ​ឆ្នាំ២០២៤ ទើប​ចប់៕

What Next?

Recent Articles