អាជ្ញាធរ​​ចាប់​ខ្លួន​​កម្មករ​ណាហ្គាវើលដ៍​​ជិត​​២​រយ​នាក់ ​ទៅ​ដាក់​នៅ​​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌ​ព្រែក​ព្នៅ​ឡើង​វិញ​

ដោយ មួង ណារ៉េត
2022-03-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​​ចាប់​ខ្លួន​​កម្មករ​ណាហ្គាវើលដ៍​​ជិត​​២​រយ​នាក់ ​ទៅ​ដាក់​នៅ​​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌ​ព្រែក​ព្នៅ​ឡើង​វិញ​

អាជ្ញាធរ​បាន​រុញច្រាន​បុគ្គលិកណាហ្គាវើលដ៍​ជា​ស្ត្រី​ម្នាក់​បញ្ចូល​រថយន្ត​ក្រុង​នៅក្នុងការរារាំងពួកគេមិនឲ្យធ្វើកូដកម្មនៅមុខអគារណាហ្គាវើលដ៍នៅថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


អាជ្ញាធរ​​រាជធានី​​ភ្នំពេញ​បាន​​ចាប់​ខ្លួន​​ក្រុម​​បុគ្គលិក​ណាហ្គាវើលដ៍​ (Naga World) ជិត​២​រយ​នាក់ (១៨០) ដាក់​​ចូល​​ក្នុង​​រថ​យន្ត​ក្រុង​ ដឹក​​យក​​ទៅ​​ដាក់​​នៅ​​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ឡើងវិញ ខណៈ​ពួក​គេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី ដើម្បី​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍។ អ្នក​ឃ្លាំ​មើល​ផ្នែក​​សិទ្ធិ​មនុស្ស​ ស្នើ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ឲ្យ​បាន​ឆាប់​ ដូច​ទៅ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

កង​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់ ​ដែល​នៅ​ប្រចាំ​ការ​ក្បែរ​អគារ​ក្រុម​ហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ ប្រើ​ហិង្សា​ទៅលើ​ក្រុម​កម្មករ​ណាហ្គាវើលដ៍ ​ដែល​ប្រមូល​ផ្ដុំ​គ្នា​ឈរ​​ធ្វើ​​កូដកម្ម​រក​ដំណោះស្រាយ​ការងារ​នៅ​ខាង​មុខ​ក្រុម​ហ៊ុនណាហ្គាវើលដ៍​ទី​២។ សមត្ថកិច្ច​ចាប់​គ្រៀក​ រុញ​ច្រាន​ពួកគេ​បញ្ជូល​ក្នុង​រថ​យន្ត​ក្រុង​ទាំង​កម្រោល​ ដោយ​ដឹក​យក​ទៅ​ដាក់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ដូច​សព្វ​ដង។

បុគ្គលិក​ផ្នែក​កាស៊ីណូ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​២​ដង​ កញ្ញា មៀច​ ស្រីអូន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៧ ខែមីនា ថាអាជ្ញាធរ​​យក​ពួកគាត់​ទៅ​ទុក​ចោល​ក្នុងមណ្ឌល​​ចត្តាឡីស័ក​​ក្នុង​​ខណ្ឌ​ព្រែក​ព្នៅ ដោយ​ឲ្យ​ឈរ​ហាល​ក្ដៅ ​គ្មាន​ផ្ដល់​បាយ​ទឹក​គ្រប់​គ្រាន់ និង​បិទ​ទ្វារ​មិន​ឲ្យ​ពួកគាត់​​ត្រឡប់​ទៅ​ផ្ទះ​នោះ​ទេ។ កញ្ញា ចាត់​ទុក​ទង្វើ​អាជ្ញាធរ​​នេះ ថា​ជា​ការ​កាន់​ជើង​ខាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដោយ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ដាក់​គំនាប​ បំបែក​ក្រុម​កម្មករ​ឲ្យ​ឈប់​ចេញ​ទាមទារ​រក​ដំណោះស្រាយ​ការងារ​។

កញ្ញា​យល់​ថា អាជ្ញាធរ​គួរ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ចប់​ការងារ​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើដល៍ ប្រសើរ​ជាង​​យក​វិធាន​សុខាភិបាល​ មក​បំបែក​ក្រុម​កម្មករ​ឲ្យ​ឈប់​ចេញ​តវ៉ា៖ «ចោទ​ប្រកាន់​ពួក​ខ្ញុំ​ឥត​ល្ហែ​តែ​ម្ដង​។ សួរ​ថា ​ឆន្ទៈ​ក្នុង​ការស្វែង​រក​ដំណោះស្រាយ​​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​បរទេស​កេង​ប្រវ័ញ្ច​នេះ នៅ​​ឯ​ណា​ទៅ​ បាត់​អស់​ហើយ​ឬយុត្តិធម៌​សម្រាប់​ប្រជាជន​ខ្មែរ​។ ឬ​ក៏​ឲ្យ​ក្រុមហ៊ុន​បរទេស​ហ្នឹង​ ស្ពាយ​ច្បាប់​ពី​ស្រុក​គាត់​មក​គ្រប់​គ្រង​នៅ​ប្រទេស​កម្ពុជា​មែន​​បាន​​ជា​ពួក​​ខ្ញុំ​​ទាមទារ​​រក​​អាហារ​​បី​ពេល និង​ទាមទារ​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​សោះ។ ហេតុ​អ្វី​បាន​ក្រុមហ៊ុន​អត់​គោរព​សិទ្ធិ​អ៊ីចឹង។ ក្រុមហ៊ុន​ព្យាយាម​បង្វែរ​វិវាទ​ពួក​ខ្ញុំ​ ឲ្យ​ទៅ​​មាន​​ខាង​អាជ្ញាធរ​ ទាំង​ពួក​ខ្ញុំ​ជា​កម្មករ​មាន​វិវាទ​ជាមួយ​លោក​ថៅកែ​តែ​ប៉ុណ្ណោះ»

បុគ្គលិក​ផ្នែក​កាស៊ីណូ​ម្នាក់​ទៀតលោកស្រី ឈិន ឧសភា ឲ្យ​ដឹង​ថា ​ពួកគាត់​បាន​ធ្វើ​ចត្តាឡីស័ក​ គ្រប់​ចំនួន​៧​ថ្ងៃ​ តាម​ការ​កំណត់​របស់​សាលា​រាជធានី​ភ្នំពេញ​ហើយ មិន​​គួរ​អាជ្ញាធរ​រឹត​ត្បិត​​និង​ប្រើ​ហិង្សា​ដាក់​ក្រុមកម្មករ​ដែល​គ្រាន់​តែ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​បែប​នេះ​ទេ។ លោកស្រី​បន្ត​ថា ការ​ធ្វើ​កូដ​កម្ម​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ​​បន្ទាប់​​ពី​​ពួកគាត់​បាន​ស្វែង​រក​ដំណោះ​ស្រាយ​ការងារ​នេះ ពី​គ្រប់​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​​អស់​៨​ខែ​មក​ហើយ ប៉ុន្តែ​មិន​មាន​ខាង​ណា​មួយ​ហ៊ាន​ផ្ដល់​ដំណោះស្រាយ​ត្រឹម​ត្រូវ​តាម​ច្បាប់ ​ជូន​កម្មករ​នោះ​ទេ។

បុគ្គលិក​ធ្វើ​ការ​ផ្នែក​កាស៊ីណូ​១៤​ឆ្នាំ​រូប​នេះ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ការងារ​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​៖ «សម្រាប់​​ខ្ញុំ​​ជា​ពលរដ្ឋ​ ខ្ញុំ​សូម​ស្នើ​សុំ​ទៅ​សម្ដេច​ពុក​ឲ្យ​គាត់​ក្រឡេក​មើលកូន​ចៅ​ដែល​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ព្រោះ​ពួក​ខ្ញុំ​ត្រូវ​ការ​ឲ្យ​មាន​ស្ថេរ​ភាព​នៅ​កន្លែង​ធ្វើការ ឲ្យ​មាន​សហជីព​នៅ​កន្លែង​ធ្វើ​ការ។ សូម​ឲ្យ​សម្ដេច​ជួយ​សម្រួល​ខាង​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​គាត់​ឈរ​នៅ​ចំណុច​កណ្ដាល​ ដើម្បី​ជំរុញ​ឲ្យ​ថៅកែ​ណាហ្គា​ចេញ​មក​ដោះស្រាយ​​ជាមួយ​បុគ្គលិក​ខ្លួន​ ដើម្បី​បញ្ចប់​វិវាទ​នេះ​»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពីអ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញលោក ម៉េត មាសភក្ដី និងអ្នក​នាំ​ពាក្យ​ក្រសួង​ការងារលោក ហេង សួរ នៅ​ថ្ងៃ​ទី​៧ ខែមីនា​ នេះបាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដ​ហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ក្រុម​កម្មករ​ណាហ្គាវើដល៍​ឲ្យ​ផុត​ពី​បរិវេណ​​ក្រុមហ៊ុន ដើម្បី​កុំ​ឲ្យ​មាន​ការ​តវ៉ា​ពី​មួយ​ពេល​ទៅ​មួយ​ពេល​បែប​នេះ គឺ​មិន​មែន​ជា​ដំណោះស្រាយ​អាច​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​បាន​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​​គួរ​ដោះលែង​តំណាង​សហជីព​និង​កម្មករ​ទាំង​១១​នាក់​ឲ្យ​មាន​សេរីភាព​វិញ ហើយ​ឲ្យ​ពួកគេ​ចូល​តុចរចា​ដោះស្រាយ​ជាមួយ​ក្រុម​ហ៊ុន​ ដោយ​ភាព​ស្មោះ​ត្រង់ និង​តាម​ច្បាប់​ស្ដី​ពី​ការងារ ទើប​វិវាទ​នេះ​អាច​បញ្ចប់​ទៅ​បាន ហើយ​ការ​ចេញ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ក៏​មិន​មាន​ទៀតដែរ។

លោក​​យល់​ថា ​រដ្ឋាភិបាលគួរ​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហា្គវើលដ៍​ឲ្យ​បាន​ឆាប់​ ដូច​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​​មាន​​កិច្ចចរចា​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន៖ «បើ​ប្រៀប​ធៀប​រឿង​ហ្នឹង​ជា​រឿង​តូច​ទេ ធៀប​នឹង​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ ដូច្នេះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​​មិន​មែន​​អត់​សមត្ថភាព​រហូត​ដល់​ថា ដោះស្រាយ​រឿង​ណាហ្គាវើលដ៍​មួយ​ហ្នឹង​អត់​បាន​ទេ។ អា​នេះ​ជា​ឆន្ទៈ ថា​តើ​រដ្ឋាភិបាល​ចង់​ដោះស្រាយ​បញ្ចប់​បញ្ហា​ហ្នឹង​ដោយ​របៀប​ណា។ ហ្នឹង​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​​​ដែល​ត្រូវ​ប្រកាន់​ឥរិយាបថ​ធ្វើ​ម៉េច​ ឲ្យ​កម្មករ​គាត់​ទទួល​បាន​នូវ​យុត្តិធម៌​»

ក្រុម​កម្មករ ណាហ្គាវើលដ៍ បាន​ចាប់ផ្ដើម​កូដកម្ម​អហិង្សា​កាល​ពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​កម្មករ​ជាង​៣​រយ​នាក់ (៣៧៣) ចូល​ធ្វើការ​​វិញ​។ ប៉ុន្តែ​មកដល់​ពេលនោះ មាន​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ចំនួន ១១​នាក់​ហើយ ដែល​ចូលរួម​ការ​តវ៉ា​នេះ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​ក្បែរ​ក្រុមហ៊ុន និង​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩។

កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែមីនា កូដករ​២​នាក់​ផ្សេងទៀត ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា បាន​រារាំង​កូដ​ករ​ទាំងអស់​​មិន​ឲ្យ​ធ្វើ​សំណាក​រក​ជំងឺ​កូវីដ-១៩។ កម្មករ​ណាហ្គាវើលដ៍​ ប្រកាន់​ជំហរ​ថា ពួកគេ​នឹង​ចេញ​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ រហូត​ដល់​មាន​ដំណោះស្រាយ​ការងារ ក្នុង​នោះ​មានការ​ដោះលែង​អ្នក​ជាប់​ឃុំ​១១​នាក់​ ឲ្យ​មាន​សេរីភាព​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​កម្មករ​ជាង​៣​រយ​នាក់ ​និង​ទទួល​ស្គាល់​វត្ត​មាន​សហជីព​​នៅ​កន្លែង​ធ្វើ​ការ​ឡើង​វិញ ទើប​ពួកគេ​បញ្ឈប់​សកម្មភាព​តវ៉ា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles