នយោបាយ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ០៥ មិថុនា ២០២២ | ម៉ោង ២០:១៨
VOD

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបានចាត់ទុកការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃអាទិត្យនេះថា មិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូឌីថា គណបក្សនេះ កំពុងជួបបញ្ហាលំបាកច្រើន ដោយសារ មេភូមិ និងមេឃុំ រួមទាំងចៅហ្វាយស្រុក ចៅហ្វាយខេត្តផងបានទៅអង្គុយកត់ឈ្មោះអ្នកទៅបោះឆ្នោតនៅតាមមណ្ឌលនីមួយៗ ខណៈមណ្ឌលខ្លះទៀត មានទាំងចុះចែកប្រាក់ និងផ្លែឈើដល់អ្នកបោះឆ្នោតថែមទៀតផង។
ក្រៅពីអង្គុយកត់ឈ្មោះ និងចែកផ្លែឈើហើយ នៅពេលរាប់សន្លឹកឆ្នោត មន្ត្រីបានបិទការិយាល័យ និងបិទទ្វាមិនទាំងអស់ ដោយមិនឱ្យមានអ្នកដានតាមនិងសង្កេត ឡើយករណីនេះ ដែលនាំឱ្យមានការលំបាកជាខ្លាំង។
មួយវិញទៀត លោក បញ្ជាក់ថា ភ្នាក់ងារសង្កេតការណ៍ដែលបានទៅសួរនាំ ត្រូវសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានស្រុកចំនួន ៣ នាក់ ក្នុងនោះ នៅខេត្តកណ្ដាល២ នាក់ និងខេត្តកំពង់ចាមម្នាក់ផងដែរ។
លោក ថាច់ សេដ្ឋា ចាត់ទុកការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ ថា មិនបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ ហើយគណបក្សភ្លើងទៀនក៏មិនអាចទទួលយកលទ្ធផលបោះឆ្នោតនាថ្ងៃនេះបាននោះដែរ។
លោកថា៖«ជាក់ស្ដែងកំពុងជួបនេះ កំពុងជួបបញ្ហាបិទទ្វា បិទបង្អួច មិនឱ្យរាប់ ពេលរាប់សន្លឹកឆ្នោត។ ជាក់ស្ដែង ចង់ឃើញវីដេអូមាន ពួកខ្ញុំមានទាំងអស់ ។ កន្លែងណាក៏មានដែរ នៅភ្នំពេញក៏មាន នៅតាមខេត្តនៅតាមការិយាល័យណាក៏មានបិទទាំងអស់ដែរ។ សួរគ.ជ.ប គេច្បាស់ជាង ហេតុអ្វីបានជាគេបិទ មើលឃើញទៅវាអាក្រក់មើលមែនទែន។ ខ្ញុំសូមឱ្យ គ.ជ.ប ប្រកាន់ រក្សាជំហរ អព្យាក្រឹត្យរបស់ខ្លួន ដើម្បីធានាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ ឥឡូវដល់ពេលរាប់សន្លឹកឆ្នោតហើយ សូមឱ្យគោរពតាមនីតិវិធីទៅ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន សង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅអាណត្តិនេះ ប្រព្រឹត្តទៅយ៉ាងរលូនជាងអាណត្តិមុនៗ។ ចំពោះសកម្មភាពចែកផ្លែឈើវិញ មិនមានអ្វីខុសទេ ដោយករណីនេះ មិនមែនជាការទិញទឹកចិត្តអ្នកគាំទ្រឱ្យបោះឆ្នោតឡើយ។
លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់មន្ត្រីគណបក្សភ្លើងទៀនថា មានចេតនាចង់ប្រឌិត និងប្រឆាំងការបោះឆ្នោតតែម្ដង។
លោកថា៖« អាហ្នឹង បើមានភាពមិនប្រក្រតីអី គេឱ្យអ្នកសង្កេតការណ៍របស់បក្សនីមួយៗដាក់ពាក្យប្ដឹង លឺថា តែអត់មានប្ដឹងជាផ្លូវការផង។ អ៊ីចឹងរឿងនឹងជារឿងប្រឌិត ។ ការបោះឆ្នោតហ្នឹង វារលូនហើយ វាល្អទៀត វាលក្ខណៈល្អជាងការបោះឆ្នោតមុនៗឆ្ងាយណាស់ ហើយអាណាទៅបន្លំអី មានតែសិទ្ធិការិយាល័យសុទ្ធតែឆ្ពិនភ្នែក លេងសៀក។ បើបោះឆ្នោតចប់ម៉ោង ៣ គឺឃ្លុំបេរ ហិបឆ្នោត ហើយបន្ទាប់មករាប់នៅនឹងភ្នែកទាំងអស់គ្នា ។ សួរថា បន្លំយ៉ាងម៉េច បាន អាហ្នឹង យើងគិតមើលៗ មិនមែនបោះឆ្នោតហើយយកទៅទុកបន្ទាយសុវត្ថិភាពដូចការអ៊ុនតាក់ ឆ្នាំ១៩៩៣ ទេណា រាប់នៅកន្លែង គ្រប់ការិយាល័យទាំងអស់ ហើយសុទ្ធតែនៅក្នុងភ្នែកអ្នកសង្កេតការណ៍»។
ឆ្លើយតបសំណួរអ្នកសារព័ត៌មានវីអូឌី អំឡុងពេលធ្វើសន្និសីទកាសែត នាល្ងាចថ្ងៃអាទិត្យនេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ ថា លោកមិនទាន់ទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅឡើយទេ។
លោក ប្រាជ្ញ ចន្ទ ថា៖«ទាក់ទងលោក ថាច់ សេដ្ឋា គាត់មានយោបល់អំពីការបិទទ្វាឬការកត់ឈ្មោះ ខ្ញុំមិនដឹងថា គាត់ចង់មានន័យយ៉ាងម៉េចទេ ខ្ញុំក៏ក្ដាបមិនបានដែរ ហើយការកត់ឈ្មោះ ខ្ញុំក៏ក្ដាបមិនបានដែរ មិនដឹងកត់ឈ្មោះយ៉ាងម៉េច។ ប៉ុនខ្ញុំគិតថា ប្រហែលជាពេលគេត្រូវក្លាយជាការិយាល័យរាប់សន្លឹកឆ្នោតនោះគេត្រូវបិទទ្វា ដើម្បីរាប់សន្លឹកឆ្នោតហើយ ទី២ ការកត់ឈ្មោះ ប្រហែលបងប្អូនប្រជាពលរដ្ឋដោយភ័យបារម្ភទាក់ទងនឹងធាតុអាកាសផង ទាក់ទងគាត់ដើរមើលប្រជាពលរដ្ឋចេញទៅបោះឆ្នោតអស់ហើយឬនូវ? អ្នកទៅ អ្នកណាមិនទាន់ទៅ ប្រហែលជាគាត់ទៅរំលឹកដាស់តឿន ដើម្បីឱ្យទៅបោះឆ្នោតហើយ តាមខ្ញុំយល់ព្រោះថ្ងៃនេះ ជាថ្ងៃបោះឆ្នោត អ៊ីចឹងអាជ្ញាធរមូលដ្ឋានក៏គាត់គិតគួរដែរ »។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ឱ្យដឹងថា ពលរដ្ឋជាង ៧លាននាក់ ឬស្មើនឹងជិត៧៨ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីជាង ៩លាន២សែននាក់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យនេះ ខណៈលទ្ធផលបោះឆ្នោតផ្លូវការ គ.ជ.ប គ្រោងប្រកាសនៅចុងខែមិថុនានេះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។